ចិន​និង​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​ថ្មី COVID-19 ទាប​បំផុត​រៀងៗ​ខ្លួន​
COVID-19
អន្តរជាតិ
ចិន​និង​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​ថ្មី COVID-19 ទាប​បំផុត​រៀងៗ​ខ្លួន​
13, Mar 2020 , 3:39 pm        
រូបភាព
ប្រជាជនកូរ៉េខាងត្បូងតម្រង់ជួរដើម្បីធ្វើតេស្តរក COVID-19 ។ រូបភាព Xinhua
ប្រជាជនកូរ៉េខាងត្បូងតម្រង់ជួរដើម្បីធ្វើតេស្តរក COVID-19 ។ រូបភាព Xinhua
​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​ផ្លូវដង្ហើម COVID-19 នៅ​ចិន និង​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​រៀងៗ​ខ្លួន​។ បើតាម​ការប្រកាស​រប​ស់​អាជ្ញាធរ​សុខាភិបាល​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃទី​១៣ ខែមីនា ការឆ្លង​ថ្មី​នៅ​ថ្ងៃទី​១២ ខែមីនា គឺ​នៅ​ចិន​មាន​៨​ករណី ឯ​កូរ៉េខាងត្បូង​មាន​១១០​ករណី​ប៉ុណ្ណោះ ដែល​សុទ្ធសឹង​ជា​កំណត់ត្រា​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ វា​ក៏​បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​នៃ​វិធានការ​ទប់ស្កាត់​របស់​ប្រទេស​ទាំងពីរ​ផងដែរ​។​

 
​នៅ​ថ្ងៃទី​១៣ ខែមីនា គណៈកម្មការ​សុខាភិបាល​ចិន បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចំនួន​៨ នៅ​ទូទាំងប្រទេស ដែល​សុទ្ធសឹង​កើតឡើង​នៅ​ខេត្ត​ហ៊ូ​ប៉ី​ទាំងអស់ ស្របពេល​ខេត្ត​ផ្សេង​គ្មាន​ករណី​ឆ្លង​ថ្មី​ឡើយ​នៅ​ថ្ងៃ​ដដែល​។ ទីក្រុង​វូ​ហាន ដែលជា​ទីតាំង​ផ្ទុះ COVID-19 មុនគេ​បង្អស់ មាន​ករណី​ឆ្លង​ចំនួន​៥ ទៀត ដែល​នេះ​ជា​ចំនួន​ទាប​បំផុត​សម្រាប់​ទីក្រុង​ដែលមាន​ប្រជាជន​ប្រមាណ​១២​លាន​នាក់​មួយ​នេះ តាំងពី​ការចាប់ផ្ដើម​ការកត់ត្រា​នៅ​ខែមករា​មក​។​
 
​បី​ករណី​ថែមទៀត សុទ្ធសឹង​ជាការ​ឆ្លង​មកពី​ក្រៅប្រទេស​ទាំងអស់ ដោយ​មួយ​ករណី​នៅ​ប៉េកាំង និង​ពីរ​ទៀត​នៅ​សៀង​ហៃ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ ការឆ្លង​បែបនេះ ក្លាយជា​ក្ដីបារម្ភ​សម្រាប់​ចិន ព្រោះ​ស្ថានការណ៍​រាតត្បាត COVID-19 ក្នុងស្រុក បាន​ធូរស្រាល​កាន់តែខ្លាំង ដែលជា​លទ្ធផល​នៃ​វិធានការ​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​ដូចជា​ការបិទ​ទីក្រុង ការផ្អាក​ចរាចរណ៍​ក្នុង​ទីក្រុង​ដែល​ផ្ទុះ​វីរុស​ជាដើម​។​
 
​នៅ​កូរ៉េខាងត្បូង​វិញ ករណី​ឆ្លង​ថ្មី ក៏​ធ្លាក់ចុះ​ខ្លាំង​ផងដែរ​។ បើតាម​ការប្រកាស​រប​ស់​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺឆ្លង​កូរ៉េ (KCDC) នៅ​ថ្ងៃទី​១៣ ខែមីនា ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃទី​១២ ខែមីនា មាន​ចំនួន​១១០​ប៉ុណ្ណោះ ដែលជា​តួលេខ​ទាប​បំផុត​ចាប់តាំងពី​ការរាប់​ចំនួន​ករណី​ឆ្លង​កាលពី​ខែកុម្ភៈ​មក​។ ករណី​ឆ្លង​សរុប​នៅ​កូរ៉េខាងត្បូង​មាន​ចំនួន​៧៩៧៩​។​
 
​ដោយឡែក នៅ​ថ្ងៃ​ដដែល ចំនួន​អ្នក​សះស្បើយ​ពី COVID-19 នៅ​កូរ៉េខាងត្បូង មាន​ចំនួន​១៧៧​នាក់ ដែលជា​ចំនួន​ខ្ពស់បំផុត​គិត​តាំងពី​ការផ្ទុះ​ឡើង​វីរុស​ដំបូង​នៅ​ថ្ងៃទី​២០ ខែមករា​។ នេះ​ក៏​ជា​លើកដំបូង​ដែល​តួលេខ​អ្នក​ចាក​ចេញពី​មន្ទីរពេទ្យ​មាន​ច្រើនជាង​អ្នក​ឆ្លង​វីរុស​ផងដែរ​។ ទីក្រុង Daegu និង​ខេត្ត North Gyeongsang នៅតែ​ជា​កន្លែង​ចម្លង​ធំ​ដដែល ខណៈ​រដ្ឋធានី​សេ​អ៊ូ​ល​មាន​ករណី​ឆ្លង​វីរុស​ឡើងដល់​២២៥​នាក់​៕

Tag:
 COVID-19
  ចិន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com