COVID-19
អន្តរជាតិ
ប្រធាន​សមាគម​គ្រូពេទ្យ​អ៊ីតាលី​ម្នាក់​ស្លាប់ ខណៈ​អ្នកស្លាប់​សរុប​ឡើង​ជាង​១០០០​នាក់​ហើយ​
13, Mar 2020 , 7:39 pm        
រូបភាព
លោក Roberto Stella ប្រធានសមាគមវេជ្ជសាស្រ្ត Medical Guild of Varese
លោក Roberto Stella ប្រធានសមាគមវេជ្ជសាស្រ្ត Medical Guild of Varese
ដោយ:
​លោក Roberto Stella ប្រធាន​សមាគម​វេជ្ជសាស្ត្រ Medical Guild of Varese នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ីតាលី បាន​បាត់​បង់ជីវិត​ដោយសារ COVID-19 កាលពី​យប់​ថ្ងៃ​អង្គារ ទី​១០ មីនា​។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​១២ មីនា អ្នកស្លាប់​ដោយសារ COVID-19 សរុប​ក្នុងប្រទេស​នេះ​ឡើង​ជាង​១​ពាន់​នាក់​ហើយ​។​

 
​លោក​វេជ្ជបណ្ឌិត Roberto Stella អាយុ ៦៧​ឆ្នាំ ដែលជា​អ្នកចាត់ចែង​កិច្ចការ​ទប់ស្កាត់​វិបត្តិ COVID-19 ក្នុង​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ បាន​ស្លាប់​ក្រោយពី​ឆ្លង​ជំងឺ COVID-19 ក្នុង​ទីក្រុង Como ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​សហព័ន្ធ​គ្រូពេទ្យ​ជាតិ​អ៊ីតាលី ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ព័ត៌មាន​រដ្ឋ​ក្នុងស្រុក ANSA កាលពី​ថ្ងៃ​ពុធ ទី​១១ មីនា​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល លេខាធិការ​នៃ​សហព័ន្ធ​គ្រូពេទ្យ​នេះ លើកឡើងថា លោក វេជ្ជបណ្ឌិត Roberto Stella គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​គ្រូពេទ្យ​ដទៃទៀត​សម្រាប់​សមត្ថភាព និង​កិច្ចប្រឹងប្រែង​របស់លោក​។ បើតាម​ការចុះផ្សាយ​រប​ស់ទូរ​ទស្សន៍ CNN លោក Roberto គឺជា​វេជ្ជបណ្ឌិត​ដ៏​ពិន​ប្រសព្វ​ម្នាក់​ដែល​ទទួលស្គាល់​ទាំង​ថ្នាក់​តំបន់​និង​ជាតិ​។ 
 
​សូម​បញ្ជាក់ដែរថា ករណី​ស្លាប់​ដោយសារ COVID-19 ក្នុងប្រទេស​អ៊ីតាលី បាន​កើនឡើង​លើស​១០០០​ករណី​ហើយ គិត​ត្រឹម​ថ្ងៃទី​១២ ខែមីនា ។ ចំណែក​ករណី​ឆ្លង​សរុប​មាន​ដល់​ជាង​១៥០០០​ករណី ចាប់​តាំង​ប្រទេស​នេះ បាន​រកឃើញ​ករណី​ឆ្លង​លើកដំបូង កាលពី​ថ្ងៃ​២១ ខែកុម្ភៈ ក្នុង​តំបន់ Lombardy ភាគ​ខាងជើង​នៃ​ប្រទេស​។ ក្នុងនោះ អ្នកជា​សះស្បើយ​មាន​ជាង​១២០០​នាក់​៕ 

Tag:
 អ៊ីតាលី​
  Roberto Stella
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com