កីឡាជាតិ
ជាតិ
វិសាខា​ជា​ក្លិប​ទី​ពីរ ដែល​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​
13, Mar 2020 , 8:19 pm        
រូបភាព
សកម្មភាពមន្ត្រីការិយាល័យប្រឆាំងគ្រឿនញៀនពិនិត្យឈាននិងទឹកនោមរកសារធាតុញៀនដល់កីឡាករវិសាខា, រូបភាពពីក្លិបវិសាខា
សកម្មភាពមន្ត្រីការិយាល័យប្រឆាំងគ្រឿនញៀនពិនិត្យឈាននិងទឹកនោមរកសារធាតុញៀនដល់កីឡាករវិសាខា, រូបភាពពីក្លិបវិសាខា
ដោយ:
​វិសាខា ជា​ក្លិប​បាល់ទាត់​ទី​ពីរ​នៅ​កម្ពុជា ដែល​បានធ្វើ​តេស្ត​រកសារ​ធាតុ​ញៀន​លើ​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​ខ្លួន បន្ទាប់ពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​។ នេះ​ជា​សកម្មភាព​គំរូ​មួយ សម្រាប់​បណ្តា​ក្លិប​ផ្សេងៗ​ទៀត ក្នុង​លី​គ​កំពូល និង​ជាការ​រួមចំណែក​លុបបំបាត់​ការជួយ​ដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន ក្នុង​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។

 
​ដើម្បី​រួមចំណែក​បង្ហាញ​ពី​ភាព​ស្អាតស្អំ ក្នុង​វិស័យ​កីឡាបាល់ទាត់ ក៏ដូចជា​បង្កើន​ទំនុកចិត្ត​ដល់​អ្នកគាំទ្រ ក្លិប​បាល់ទាត់​វិសាខា នៅ​ថ្ងៃទី​១២ មីនា ឆ្នាំ​២០២០ បានធ្វើ​តេស្ត​ឈាម និង​ទឹកនោម​កីឡាករ គ្រូ   បង្វឹក មន្ត្រី និង​បុគ្គលិក​ទាំងអស់ ដើម្បី​ស្វែងរក​សារធាតុ​ញៀន​។ ការធ្វើ​តេស្ត ត្រូវបាន​អនុវត្ត​ទាំង​លើ​ក្រុម​ឈុត​ធំ និង​ឈុត​យុវជន​។​
 
​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​ក្លិប​វិសាខា​បាន​បញ្ជក់​ថា ក្រៅពី​រកសារ​ធាតុ​ញៀន ការធ្វើ​តេស្ត​នេះ ក៏​ដើម្បី​ពិនិត្យ​សុខភាព និង​ស្វែងរក​ជំងឺ​ផ្សេងៗ​ជូន​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​ផងដែរ​។ អ្នកចាត់ការ​ទូទៅ​រូបនេះ​អះអាងថា ជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​គ្មាន​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​ណា​ម្នាក់​ប្រើប្រាស់​សារធាតុ​ញៀន​នោះទេ​។   
 
​ប្រតិបត្តិ​ការស្វែងរក​សារធាតុ​ញៀន​ក្នុង​ក្លិប​បាល់ទាត់​វិសាខា ធ្វើឡើង​ដោយមាន​ការសហការ​ពី​ការិយាល័យ​ប្រយុទ្ធប្រឆាំង​ញៀន នៃ​ក្រសួងមហាផ្ទៃ​។ នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​វិសាខា​ធ្វើតេស្ត​ឈាម និង​ទឹកនោម​លើ​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​ខ្លួន ពោលគឺ​ពួកគេ​បានធ្វើ​ម្តង​រួម​មកហើយ​កាលពី​ឆ្នាំ​២០១៩​។​
 
​ប៉ុន្តែ​នៅក្នុង​រដូវ​កាល​ឆ្នាំ​២០២០ នេះ វិសាខា​គឺជា​ក្លិប​ទី​ពីរ បន្ទាប់ពី​អង្គ​រថា​យ​ហ្គឺ​រ ដែល​បានធ្វើ​តេស្ត​ទឹកនោម​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​រក​សារធាតុ​ញៀន កាលពី​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ ដើម្បី​រួមចំណែក​លុបបំបាត់​ការប្រើប្រាស់​និង​ជួយ​ដូរ​គ្រឿងញៀន​ក្នុង​វិស័យ​កីឡាបាល់ទាត់​៕ 

Tag:
 បាល់ទាត់​
  វិសាខា​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com