ជាតិ
អាជ្ញាធរ ឲ្យអ្នកភ្នំពេញនិងតាខ្មៅសន្សំសំចៃទឹក ខណៈការផ្គត់ផ្គត់ទឹក ប្រឈមការខ្វះខាត រូបភាពពីរដ្ឋាករស្វយ័តក្រុងភ្នំពេញ
× ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវឲ្យពលរដ្ឋនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅប្រើប្រាស់ទឹកដោយសន្សំសំចៃ ដោយសារមានបញ្ហាកង្វះទឹកស្អាតសម្រាប់ចែកចាយ ជាពិសេសសម្រាប់អ្នករស់នៅជាយក្រុង។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំរថយន្តសម្រាប់ដឹកទឹក ចែកចាយដល់កន្លែងខ្វះខាតទឹកប្រើប្រាស់។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា នៅរាជធានីភ្នំពេញមានរោងចក្រផលិតទឹកស្អាត៤កន្លែង ដែលផលិតទឹកបានជាមធ្យម៦០ម៉ឺនគូបក្នុងមួយថ្ងៃ ប៉ុន្តែតម្រូវការជាក់ស្ដែង គឺប្រើប្រាស់ទឹកប្រមាណ៧០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ស្ថានភាពបែបនេះ ធ្វើឲ្យមានបញ្ហាកង្វះការចែកចាយទឹកស្អាតទៅតំបន់ជាយក្រុងភ្នំពេញនិងក្រុងតាខ្មៅ ក្នុងម៉ោងតម្រូវការទឹកប្រើប្រាស់ខ្ពស់។
រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ អះអាងថា តម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ដល់ប្រមាណ៧០ម៉ឺនម៉ែត្រគូប គឺដោយសារការរីកលូតលាស់របស់រាជធានីភ្នំពេញនិងប្រជាជន។ ដើម្បីដោះស្រាយបញ្ហាកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងបន្តសាងសង់បន្ថែមនូវរោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅសង្កាត់បាក់ខែង។ រោងចក្រនេះ នឹងអាចផលិតទឹកស្អាតបានប្រមាណ៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣។
«ដោយពិនិត្យឃើញថា នារដូវប្រាំងនេះ តម្រូវការទឹក នឹងកាន់តែកើនឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីបានចែករំលែកទៅដល់អតិថិជនផ្សេងទៀត ពិសេសតំបន់ជាយក្រុង ដោយមេត្តាកុំប្រើប្រាស់ទឹកស្អាតសម្រាប់បាញ់លាងសម្អាតផ្ទះ មេត្តាកាត់បន្ថយការស្រោចសួននិងលាងយានយន្តជាដើម»។ នេះជាការលើកឡើងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែមីនា បានប្រជុំបន្ទាន់មួយ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ដល់ពលរដ្ឋ។ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យរដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់និងត្រូវមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសនៅតំបន់ជាយក្រុង។ នេះបើតាមការចេញផ្សារលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ៕
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំប្រជុំដើម្បីស្វែងរកដំណោះស្រាយកង្វះទឹក។ កិច្ចប្រជុំថ្ងៃទី១២ មីនា ២០២០
© រក្សាសិទ្ធិដោយ thmeythmey.com