ក្រសួងបរិស្ថាន គ្រោង​រៀបចំ​សួន​កេសរ​កូ​ល​នៅ​ភ្នំ​គូលែន ជា​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្តសៀមរាប​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រសួងបរិស្ថាន គ្រោង​រៀបចំ​សួន​កេសរ​កូ​ល​នៅ​ភ្នំ​គូលែន ជា​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្តសៀមរាប​
15, Mar 2020 , 8:29 am        
រូបភាព
​សៀមរាប​៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន គឺជា​មជ្ឈមណ្ឌល​ដំ បូ​ង គេ សម្រាប់​ការស្រាវជ្រាវ និង​អភិរក្ស​ពូជ​កេសរ​កូ​ល​ព្រៃ​កម្ពុជា​។ បច្ចុប្បន្ន មជ្ឈមណ្ឌល​នេះ​មានពូជ​កេសរ​កូ​ល​សរុប​ជាង ១៥០​ប្រភេទ ដែល​ប្រមូលបាន​ពី​តំបន់​ជុំវិញ​ប្រទេស​។ ក្រសួងបរិស្ថាន ដែលជា​សេនាធិការ​រៀបចំ​ទីតាំង​នេះ​មានបំណង​ធ្វើឱ្យ​សួន​កេសរ​កូ​ល​ភ្នំ​គូលែន ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្តសៀមរាប​។​



​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ អ្នកនាង អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖



មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន គឺជា​ឈ្មោះ​ពេញ​នៃ​សួន​កេសរ​កូ​ល​ភ្នំ​គូលែន ដែល​ត្រូវបាន​បង្កើតឡើង​ក្នុងន័យ​សម្រាប់​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ពូជ​កេសរ​កូ​ល​ព្រៃ​កម្ពុជា​។ មនុស្ស​មួយចំនួនធំ បែប​ស្គាល់​អ័​រ​គី​ដេ ច្រើនជាង​ពាក្យ​កេសរ​កូ​ល​។​



​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​សៀមរាប​លើកឡើងថា សួន​កេសរ​កូ​ល​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៨ និង​បាន​ភ្ជាប់​ឈ្មោះ​ជាមួយ​សម្ដេច សុខ អាន ដើម្បី​រំឭក​ពី​កិច្ចការ​របស់​សម្ដេច​ក្នុង​បុព្វហេតុ​ប្រទេសជាតិ​។ សួន​នេះ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ឬ​ជើងភ្នំ​គូលែន​តែម្ដង​។



​មកដល់​បច្ចុប្បន្ន ពូជ​កេសរ​កូ​ល​ព្រៃ ត្រូវបាន​ប្រមូល​ពី​តំបន់​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ដែល​សរុប​ជាង ១៥០​ប្រភេទ និង​មាន​ជាង​២​ពាន់​ដើម ឬ​សំណាក​។ លោក ស៊ុន គង់ បន្ថែមថា​៖«​បំណង​ទី​១ ស្រាវជ្រាវ និង​កំណត់​អត្ដ​សញ្ញាណ​នៃ​កេសរ​កូ​ល​ថា​នៅ​កម្ពុ​ជាមាន​ប្រភេទ​អ្វីខ្លះ និង​ដាក់ឈ្មោះ​ឱ្យ​វា តាម​ការប៉ាន់ប្រមាណ​កេសរ​កូ​ល​នៅ​ខ្មែរ​មាន​ជាង ៥០០​ប្រភេទ​។ ការអភិរក្ស គឺមាន​សារសំខាន់ ព្រោះ​យល់ថា កេសរ​កូ​ល​មួយចំនួន​អាច​ចេញទៅ​ប្រទេសជិតខាង ឬ​លក់​ក្នុងស្រុក ទៅ​ថ្ងៃ​អនាគត​យើង​គ្រោង​ប​ន្សុំ​ា​ពូជ​វា និង​រក្សាទុក ដើម្បី​រក្សា​កូ​ល​ដែល​ជិត​ផុត​ពូជ រួម​នឹង​ការអប់រំ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​....»​។​



​ក្រៅពី​កិច្ចការ​នេះ លោក ស៊ុន គង់ បញ្ជាក់ថា ក្រសួងបរិស្ថាន មាន​គម្រោង​រៀបចំ​សួន​កេសរ​កូ​ល​ដែលមាន​ផ្ទៃដី​ប្រមាណ ២​ពាន់​ហិកតា​នេះ ទៅជា​មជ្ឈមណ្ឌល​កម្សាន្ត​ទៅ​អនាគត​ផងដែរ​។ លោក​បញ្ជាក់ថា កម្ពុជា​មិនទាន់មាន​កន្លែង​បែបនេះ​ទេ ដូច្នេះ​ទីតាំង​នេះ នឹង​អាច​ទាក់ទាញ​ទេសចរ ឱ្យមក​កម្សាន្ត ក៏ដូចជា​ស្វែងយល់​ពី​ប្រភេទ​កេសរ​កូ​ល ដែលមាន​ច្រើន​ប្រភេទ ច្រើន​ក្លិន​។​



​លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា សួន​កេសរ​កូ​ល ដែល​ត្រូវបាន​បង្កើត​នៅពេលនេះ ក៏​ដើម្បី​ផ្សារភ្ជាប់​រវាង​មនុស្ស និង​ធម្មជាតិ​ដែរ ពិសេស​តំបន់ភ្នំ​គូលែន​នេះ មាន​សក្កា​នុព​ល​ទេសចរណ៍​ខ្ពស់​។ ដូច្នេះ​វា​ជា​ឱកាស​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន ដឹង​ពី​ប្រភេទ​ពូជ​កេសរ​កូ​ល​ខ្មែរ ក៏ដូចជា​យល់ដឹង​ពី​ប្រព័ន្ធ​ជីវចម្រុះ​នានា នៅ​ប្រទេស​កម្ពុជា​។



​បន្ថែម​ពីនេះ បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ដ្រា កន្លងមក​ក្រសួងបរិស្ថាន សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រកបដោយ​ចីរភាព បានរៀបចំ​វេទិកា​ថ្នាក់ជាតិ​លើក​ទី​១ ស្ដីពី​កេសរ​កូ​ល ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​អ្នកជំនាញ​បរទេស​ច្រើន​រូប ដើម្បី​សហការ​ជួយ​ពិនិត្យ រៀបចំ​បញ្ជីស្នាម និង​ផ្តល់​អត្ដ​សញ្ញាណ​ដល់​កេសរ​កូ​ល​ក្នុង​បំណង​ដើម្បី​អភិរក្ស និង​រក្សា​ឱ្យបាន​គង់វង្ស​ទៅ​ថ្ងៃក្រោយ​៕





Tag:
 កេសរ​កូ​ល​
  ភ្នំ​គូលែន​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com