អន្តរជាតិ
COVID-19៖ រដ្ឋាភិបាល​ព្រុយ​ណេ ណែនាំ​ឲ្យ​ប្រជាជន​នៅ​ឆ្ងាយ​ពីគ្នា ខណៈ​មាន​ករណី​ឆ្លង​ដល់​ទារក​
15, Mar 2020 , 7:59 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ:
​រដ្ឋាភិបាល​ព្រុយ​ណេ បាន​ណែនាំ និង​ស្នើ​ឲ្យ​ប្រជាជន​របស់ខ្លួន​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស COVID-19 តាម​ការណែនាំ​នានា​ដែល​រដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល បានដាក់​ចេញ​។ ខណៈ​ករណី​ឆ្លង​វីរុស COVID-19 បន្ត​កើនឡើង រដ្ឋាភិបាល​ព្រុយ​ណេ បាន​ដាស់តឿន​ដល់​ប្រជាជន​ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​តែ​ម្ខាង មិន​អាចជួយ​ស្រោចស្រង់​ស្ថានភាព​បានឡើយ​។​



​គិត​ត្រឹម​ថ្ងៃ​១៥ មីនា នេះ ក្រសួង​សុខ​ភិ​បាល​ព្រុយ​ណេ បាន​អះអាងថា មាន​ករណី​ឆ្លង​វីរុស COVID-19 ចំនួន ៤០ ករណី​ហើយ ដោយ​ក្នុងនោះ ក៏​រាប់បញ្ចូល​ទាំង​ទារក អាយុ ៩ ខែ​ផងដែរ ខណៈដែល​ប្រជាជន​ប្រមាណ​ជាង ៦០០ នាក់ ត្រូវបាន​ដាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក ដោយសារតែ​អ្នក​ទាំងនេះ មាន​ប្រាស្រ័យ​ទាក់ទង​ស្និទ្ធ​ជាមួយនឹង​អ្នក​ឆ្លង​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ព្រុយ​ណេ The Scoop​។

​តាម​ប្រភពព័ត៌មាន​ដដែល ក្រសួងសុខាភិបាល​ព្រុយ​ណេ បានកំណត់​មុខសញ្ញា​លើ​ប្រជាជន​របស់ខ្លួន ដែល​ទើបតែ​វិល​ត្រលប់​ពី​បណ្តា​ប្រទេស​អឺរ៉ុប ជា​មុខសញ្ញា​នៃ​អ្នក​រង​ការប៉ះពាល់ និង​ការឆ្លង ហើយ​បាន​តម្រូវ​ឲ្យ​ពួកគេ ស្នាក់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ និង​ចៀសវាង​ចូលរួម​កម្ម​វី​ធី​ជា​សាធារណៈ​ផងដែរ​។ ក្រសួង​ក៏​ណែនាំ​ឲ្យ​ប្រជាជន កាត់បន្ថយ​ការចេញដំណើរ​ខាងក្រៅ ដែល​មិនចាំបាច់​ផងដែរ​។

​ជា​ចំណាត់ការ​បន្ទាប់ បើ​វីរុស​នៅតែ​បន្ត​រីក​រាល​ខ្លាំង រដ្ឋមន្ត្រី​សុខាភិបាល​ព្រុយ​ណេ លោក Md Isham បាន​អះអាងថា រដ្ឋាភិបាល បានរៀបចំ​ឲ្យ​មានការ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចល័ត​មន្ត្រី​សុខាភិបាល​ឯកជន​ដើម្បី​ជួយ​សម្រួល​បន្ទុក​។​

​ក៏ប៉ុន្តែ​លោក សង្កត់​ថា ទោះបីជា​រដ្ឋាភិបាល​មាន​ចំណាត់ការ​បែបណាក៏ដោយ ការរីក​រាល​នៃ​ជំងឺ នឹង​មិនអាច​ទប់ទល់​បានឡើយ ប្រសិនបើ​ប្រជាជន​មិន​ចូលរួម តាមរយៈ​ការ​នៅ​ដាច់​ឆ្ងាយ​ពីគ្នា ការលុបចោល​ការប្រមូល​ផ្តុំ និង​ការធ្វើ​ខ្លួន​ជា​ប្រជាជន​របស់​សង្គម​ប្រកបដោយ​ការទទួលខុសត្រូវ​៕


Tag:
 ព្រុយ​ណេ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com