COVID-19
អន្តរជាតិ
COVID-19៖ ថៃ ឡាវ និងមីយ៉ាន់ម៉ា លុបការប្រារព្ធចូលឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងជាសហគមន៍ ពិធីបុណ្យចូលឆ្នាំនៅឡាវ
× ស្រដៀងគ្នាទៅនឹងកម្ពុជាដែរ ឡាវ ថៃ ភូមា តែងតែប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ខ្លួនរៀងរាល់ឆ្នាំ ក្នុងខែមេសា។ ប៉ុន្តែឆ្នាំនេះ ខុសពីឆ្នាំមុន ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស បានអុកឡុកយ៉ាងខ្លាំង ដែលទាមទារឲ្យខេត្តមួយចំនួនរបស់ថៃ ឡាវ និងមីយ៉ាន់ម៉ា ត្រូវតែលុបចោល ដើម្បីបង្ការករណីឆ្លង COVID-19 ជាសហគមន៍ (Community Transmission) ។
ខេត្តមួយចំនួននៅថៃ និងឡាវ បានលុបចោលពិធីចូលឆ្នាំរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីកសាយភាយ COVID-19 ខណៈមីយ៉ាន់ម៉ា លុបចោលការប្រារព្ធពិធីចូលឆ្នាំថ្មីនៅទូទាំងប្រទេសតែម្តង។ ប៉ុន្តែថ្ងៃឈប់ នៅតែរក្សាដដែល។
បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរថៃ នាថ្ងៃទី១១ ខែមីនា ពិធីបុណ្យចូលឆ្នាំ នៅលើកោះ Koh Phangan ទីក្រុង Pattaya ទីក្រុងឈៀងមៃ ទីក្រុងHat Yai ទីក្រុង Khon Kaen ខេត្ត Phetchabun និងខេត្ត Buri Ram នឹងត្រូវលុបចោល។ ការលុបចោលនេះ ក្នុងគោលបំណងទប់ស្កាត់ការរីកសាយភាយ COVID-19 និងការឆ្លងជាសហគមន៍នៅក្នុងប្រទេស។ ចំណែកទីក្រុងបាងកក និងខេត្តផ្សេងទៀត នឹងមានសេចក្តីជូនដំណឹងជាក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post។
ចំណែកនៅឡាវ ដែលមានទាន់រកឃើញ COVID-19 ឯណោះវិញ អាជ្ញាធរ ក៏បានលុបចោលពិធីចូលឆ្នាំថ្មីនៅក្នុងខេត្ត Luang Prabang ដែរ ខណៈពេលខេត្តផ្សេងៗ មិនទាន់មានសេចក្តីជូនដំណឹង។ បើទោះបីជាមិនទាន់មាន COVID-19 ១ករណីនៅក្នុងប្រទេសក៏ដោយ រដ្ឋាភិបាលឡាវ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចេះការពារខ្លួនទុកជាមុន និងសម្អាតខ្លួនឲ្យបានស្អាត ដើម្បីការពារជំងឺឆ្លងប្រភេទថ្មីនេះ។ មិនតែប៉ុណ្ណោះ អាជ្ញាធរឡាវ ក៏បានហាមឃាត់ការជួបជុំគ្នា ដើម្បីអបអរឆ្នាំថ្មីនេះដែរ។
ដូចគ្នានឹងឡាវដែលមិនទាន់រកឃើញ COVID-19 មីយ៉ាន់ម៉ា ក៏បានចេញវិធានការរឹតបន្តឹងដែរ ដើម្បីការពារប្រជាពលរដ្ឋពីCOVID-19 ។ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានដាក់COVID-19 ជាជំងឺឆ្លងសកលមក រដ្ឋាភិបាលមីយ៉ាន់ម៉ា បានហាមឃាត់ការជួបជុំគ្នាច្រើនចាប់ពីថ្ងៃទី១៣ ខែមីនា រហូតដល់ចប់ខែមេសា។ ពាក់ព័ន្ធនឹងបញ្ហានេះ ពិធីចូលឆ្នាំថ្មី Thingyan Water ដែលនឹងត្រូវប្រារព្ធឡើង នាពេលខាងមុខនេះ ក៏ត្រូវលុបចោលដែរ ពោលគឺទូទាំងប្រទេស។ បើតាមសារព័ត៌មាន The Irrawaddy ការលុបចោលការជួបប្រជុំនេះ គឺដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស ជាពិសេសការឆ្លងបែបសហគមន៍។
សូមបញ្ជាក់ថា COVID-19 កំពុងតែវាយលុយយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ជាពិសេសអ៊ីតាលី ខណៈពេលបណ្តាសមាជិកអាស៊ាន បានរកឃើញកូរ៉ូណាវីរុសជាបន្តបន្ទាប់៕
Tag:
ឡាវ
ថៃ
មីយ៉ាន់ម៉ា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com