COVID-19
អន្តរជាតិ
កូ​វីដ​-១៩៖ យើង​នឹង​ឆ្លង​ផុត​ស្ថានភាព​នេះ​ជាមួយគ្នា
15, Mar 2020 , 10:17 pm        
រូបភាព
ដោយ: ថ្មីៗ
​Op-ed ដោយ អង់​តូ​នី​ញ៉ូ ហ្គុ​យ​ទែ​រ៉េ​ស​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ
​ការរំខាន​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​-​កូ​វីដ ១៩ កំពុង​ស្ថិតនៅ​ជុំវិញ​យើង​។ ខ្ញុំ​ដឹងថា មនុស្ស​ជាច្រើន​កំពុង​ខ្វល់ខ្វាយ ព្រួយបារម្ភ និង​ច្របូកច្របល់​ក្នុង​ចិត្ត​។ នេះ​គឺជា​រឿង​ធម្មតា​។យើង​កំពុង​ប្រឈម​ការគំរាមកំហែង​ចំពោះ​សុខភាព ដែល​មិន​ដូច​បញ្ហា​ដទៃទៀត ក្នុង​ជីវិត​យើង​ឡើយ​។ ក្នុង​ពេលនេះ វីរុស​កំពុង​រាលដាល គ្រោះថ្នាក់​នេះ​កំពុង​រីកសាយ ហើយ​ប្រព័ន្ធ​សុខាភិបាល សេដ្ឋកិច្ច និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង កំពុង​ស្ថិតក្រោម​ការសាកល្បង​ដ៏​តានតឹង​។​

 
​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ រង​ការប៉ះពាល់​ច្រើនជាងគេ ជាពិសេស​មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ស្ថានភាព​ជំងឺ​រួចជាស្រេច​មកហើយ អ្នក​ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខភាព​ដែល​អាច​ទុកចិត្តបាន និង​អ្នក​ដែល​រស់ក្នុង​ភាពក្រីក្រ ឬ​ដែល​កំពុង​ប្រឈម​ហានិភ័យ​ស្រេច​ទៅហើយ​។​
 
​ការស្រុតចុះ​នៃ​ទិដ្ឋភាព​សង្គម និង​សេដ្ឋកិច្ច បណ្តាល​ពី​កត្តារួម​ផ្សំគ្នា​នៃ​ការ​រាតត្បាត​ជាស​កល និង​ការថយចុះ​នៃ​សេដ្ឋកិច្ច នឹង​ប៉ះពាល់​ដល់​យើង​ភាគច្រើន នៅ​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​
 
​ប៉ុន្តែ ការ​សាយភាយ​នៃ​វីរុស​នេះ​នឹង ឈានដល់​ចំណុចកំពូល​។ សេដ្ឋកិច្ច​របស់​យើង នឹង ងើបឡើង​វិញ​។​
 
​រហូតដល់​ពេលនោះ យើង​ត្រូវធ្វើ​សកម្មភាព​ជាមួយគ្នា ដើម្បី​បន្ថយល្បឿន​សាយភាយ​នៃ​វីរុស​នេះ និង​មើលថែ​គ្នា​ទៅវិញទៅមក​។​
 
​នេះ​ជា​ពេលវេលា​ដែល​ត្រូវ​ប្រយ័ត្នប្រយែង មិនត្រូវ​ស្លន់ស្លោ​។ វិទ្យាសាស្ត្រ មិនមែន​ជាការ​មាក់ងាយ​។ នេះ​ជាការ​ពិត តែ​មិន​មែ​ជា​ប្រការ​ត្រូវ​ភ័យខ្លាច​ទេ​។​
 
​សូម្បីតែ​ស្ថានភាព​នេះ​ត្រូវបាន​ចាត់​ថា ជាការ​រាតត្បាត​សកល​ក៏ដោយ វា​ជា​អ្វីដែល​យើង​អាច​គ្រប់គ្រង​បាន​។ យើង​អាច​បន្ថយល្បឿន​នៃ​ការចម្លង ទប់ស្កាត់​ការឆ្លង និង​សង្គ្រោះ​អាយុជីវិត​។ ប៉ុន្តែ​ប្រការនេះ​ទាមទារ​ឱ្យមាន​សកម្មភាព​របស់​បុគ្គល ប្រទេស និង​អន្តរជាតិ ក្នុង​កម្រិត​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។​
 
​កូ​វីដ​-១៩ ជាស​ត្រូវ​រួម​របស់​យើង​។ យើង​ត្រូវ​ប្រកាសសង្គ្រាម​ចំពោះ​វីរុស​នេះ​។ នេះ​មានន័យថា ប្រទេស​នានា មានការ​ទទួលខុសត្រូវ​ក្នុងការ​ត្រៀម​បម្រុង បង្កើន និង​ពង្រីក​សកម្មភាព​របស់​ខ្លួន​។​
​តើ​ត្រូវធ្វើ​បែបណា​? ដោយ​អនុវត្ត​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ដោយ​ដាក់ឱ្យ​ដំណើរការ និង​ពង្រឹង​ប្រព័ន្ធ​ឆ្លើយតប​នឹង​ស្ថានភាព​បន្ទាន់ ដោយ​បង្កើន​ជាខ្លាំង​នូវ​សមត្ថភាព​ធ្វើតេស្ត និង​ថែទាំ​អ្នកជំងឺ ត្រៀម​មន្ទីរពេទ្យ​ដោយ​ធានាថា​មន្ទីរពេទ្យ​មាន​គ្រែ ឱសថ បរិក្ខា និង​បុគ្គលិក​ចាំបាច់ និង​ដោយ​បង្កើត​អន្តរាគមន៍​វេជ្ជសាស្ត្រ​សង្គ្រោះ​ជីវិត​។​
 
​យើងទាំងអស់គ្នា ក៏មាន​ការទទួលខុសត្រូវ​ផងដែរ ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​វេជ្ជសាស្ត្រ និង​ចាត់វិធានការ​ងាយៗ ជាក់ស្តែង ដែល​ណែនាំ​ដោយ​ស្ថាប័ន​សុខាភិបាល​។​
 
​បន្ថែម​លើ​ការបង្ក​វិបត្តិ​ចំពោះ​សុខភាព​សាធារណៈ វីរុស​នេះ កំពុង​ធ្វើឱ្យ​ខូចខាត​សេដ្ឋកិច្ចពិភពលោក​។​
 
​ទីផ្សារ​ហិរញ្ញវត្ថុ​បាន និង​កំពុង​រង​ការប៉ះទង្គិច​ជាខ្លាំង ដោយសារ​ភាពមិនប្រាកដ​ប្រជា​នេះ​។ ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​ត្រូវបាន​រំខាន​។ ការវិនិយោគ និង​តម្រូវការ​សម្រាប់​ការប្រើប្រាស់ បាន​ធ្លាក់ចុះ​យ៉ាងគំហុក ជាមួយ​ហានិភ័យ​ពិតប្រាកដ និង​កំពុង​កើនឡើង​នៃ​ការថយចុះ​សេដ្ឋកិច្ច​។ សេដ្ឋកិច្ចវិទូ​របស់​អង្គការសហប្រជាជាតិ​ប៉ាន់​ស្មានថា   វីរុស​នេះ​អាចធ្វើឱ្យ​ខូច​បង់​សេដ្ឋកិច្ចពិភពលោក យ៉ាងតិច ១​ទ្រី​លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំនេះ និង​អាច​ច្រើនជាង​នេះ​ផង​។​
 
​គ្មាន​ប្រទេស​ណា​តែឯង អាចធ្វើ​កិច្ចការ​នេះ​បានទេ​។ រដ្ឋាភិបាល​នានា ត្រូវធ្វើ​សហប្រតិបត្តិការ​ក្នុង​កម្រិត​ពុំ​ធ្លាប់មាន​ពីមុនមក​ឡើយ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ ពង្រីក​ការវិនិយោគ​សាធារណៈ ពង្រឹង​ពាណិជ្ជកម្ម និង​ធានាឱ្យមាន​ការគាំទ្រ​ឱ្យចំ​គោលដៅ ដើម្បី​ប្រជាពលរដ្ឋ និង​សហគមន៍ ដែល​រង​ការប៉ះពាល់​បំផុត ដោយសារ​ជំងឺ ឬ​ដែល​ងាយ​រងគ្រោះ​ជាងគេ បណ្តា​លពី​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច​ដែល​រួមទាំង ស្ត្រី ដែល​ច្រើនតែ​ត្រូវ​រ៉ាប់រង​បន្ទុក​នៃ​ការថែទាំ​អ្នកជំងឺ​។​
​ការ​រាតត្បាត​ជាស​កល ជម្រុញឱ្យមាន​ទំនាក់​ទំនងជា​សារវន្ត ក្នុង​គ្រួសារ​មនុស្សជាតិ​នៃ​យើង​។ ការទប់ស្កាត់​ការ​សាយភាយ​ជា​បន្ថែម នៃ​កូ​វីដ​-១៩ គឺជា​ការទទួលខុសត្រូវ​រួម នៃ​យើងទាំងអស់គ្នា​។​
​អង្គការសហប្រជាជាតិ ដែល​រួមទាំង អង្គការ​សុខភាព​ពិភពលោក កំពុង​ធ្វើ​សកម្មភាព​ពេញទំហឹង​។​
 
​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​មនុស្សជាតិ​នៃ​យើង យើង​កំពុងធ្វើការ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ជាមួយ​រដ្ឋាភិបាល ដោយ​ផ្តល់​ការណែនាំ​ជា​អន្តរជាតិ ជួយ​ពិភពលោក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការគំរាមកំហែង​នេះ​។ ​យើង​នៅក្នុង​ស្ថានភាព​នេះ​ជាមួយគ្នា ហើយ​យើង​នឹង​ឆ្លង​ផុត​ស្ថានភាព​នេះ​ជាមួយគ្នា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com