COVID-19
អន្តរជាតិ
COVID-19 នៅ​កូរ៉េខាងត្បូង​បន្ត​ធ្លាក់ចុះ ខណៈ​ការឆ្លង​ថ្មី​មាន​៧៤​ករណី​
16, Mar 2020 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ​៖ គយ រតន​បុរិន្ទ
អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦ ខែមីនា​ថា ខ្លួន​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៧៤​នាក់​បន្ថែមទៀត​។ ចំនួន​នេះ​មានការ​ថយចុះ​បន្តិច​បើ​ប្រៀប​ទៅនឹង​ថ្ងៃមុន​។ សរុបទៅ អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កូរ៉េខាងត្បូង​ឡើងដល់ ៨២៣៦​នាក់​ហើយ​។​

 
​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​កូរ៉េខាងត្បូង បានបញ្ជាក់​ទៀតថា​អ្នកជំងឺ​ចំនួន ៣០៣​បានជា​សះស្បើយ ធ្វើ​ឲ្យ​តុល្យការ​អ្នក​ដែលជា​សះស្បើយ​ពី​ជម្ងឺ និង​ចាក​ចេញពី​កន្លែង​ថែទាំ​មាន​ចំនួន ១១៣៧​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ជាមួយគ្នានេះ អាជ្ញាធរ​កូរ៉េខាងត្បូង ពុំបាន​រកឃើញ​ករណី​ស្លាប់​ថ្មី​ទៀតឡើយ​។ មកទល់ពេលនេះ អ្នកស្លាប់​នៅ​កូរ៉េខាងត្បូង​ដោយសារ COVID-19 មាន ៧៥​នាក់ ដែល​ភាគច្រើន​ជា​មនុស្ស​ចាស់ និង​អ្នកមាន​ជំងឺ​ស្រាប់​។ 
 
​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កូរ៉េខាងត្បូង​មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ពោលគឺ​ពី​ចំនួន ៩០៩​ករណី​ក្នុង​មួយថ្ងៃ​នៅ​ថ្ងៃទី​២៩ កុម្ភៈ ធ្លាក់​មក​ត្រឹម ៧៦​ករណី​ត្រឹម​ថ្ងៃអាទិត្យ ទី​១៥ ខែមីនា​។ 
 
​ចាប់ពី​ថ្ងៃអាទិត្យ​ទី​១៥ ខែមីនា អាជ្ញាធរ​កូរ៉េ​ខាង​ត្បួ​ង​បានសម្រេច​ដាក់​អ្នកដំណើរ​មកពី​បារាំង អាល្លឺម៉ង់ អង់គ្លេស អេ​ស្ប៉ា​ញ និង​ហូ​ឡង់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តឹងរ៉ឹង​ជាង​មុន បន្ទាប់ពី​បាន​ចាត់វិធានការ​បែបនេះ​ទៅលើ​ប្រទេស​ចិន អ៊ីតាលី និង​អ៊ី​រង់​ក្រោយពេល​ផ្ទុះ​ជំងឺ COVID-19​។​
 
​ដោយឡែក​ពី​វិធាន​ការវាស់ស្ទង់​សីតុណ្ហភាព​នៅ​អាកាសយានដ្ឋាន អ្នកដំណើរ​មកពី​បណ្តា​ប្រទេស​ខាងលើ​ក៏​តម្រូវ​ផងដែរ​ឲ្យ​ទាញយក App របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដើម្បី​ធ្វើ​របាយការណ៍​ស្តីពី​រោគសញ្ញា​ទាក់ទង​នឹង​វីរុស​ជាប្រចាំ​ថ្ងៃ​។ ដើម្បី​ធ្វើតេស្ត​មនុស្ស​រាប់ពាន់​អ្នក​ដែល​អាចជា​ភ្នាក់ងារ​ចម្លងជំងឺ កូរ៉េខាងត្បូង​បានដាក់​ឲ្យ​ប្រើ​បច្ចេកវិទ្យា​ផ្កាយរណប និង​ទូរ​សព្ទ​ដៃ​៕
 
 

Tag:
 ​កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com