COVID-19
អន្តរជាតិ
COVID-19៖​លោក​ប្រា​យុទ្ធ ប្រាប់​ពលរដ្ឋ​កុំ​ស្លន់ស្លោរ ហើយ​ពុំទាន់​ដល់ពេល​ទិញ​ម្ហូប​ស្តុក​ឡើយ​
16, Mar 2020 , 9:39 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ (AFP)
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ (AFP)
​ដោយ​៖ គយ រតន​បុរិន្ទ
 
«​យើង​មិន​ស្ថិតក្នុង​ដំណាក់​កាលដែល​ត្រូវ​ស្តុក​ម្ហូបអាហារ​នោះទេ​»​។ នេះ​ជា​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្រោយ​កិច្ចប្រជុំ​ដើម្បី​ដោះស្រាយ​ការ​រាតត្បាត​ជំងឺ COVID-19 នៅក្នុង​ប្រទេស​។ ទន្ទឹមនេះ ប្រមុខ​ដឹកនាំ​រូបនេះ ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ចិត្ត ក្រោយពេល​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ទិញ​ម្ហូបអាហារ និង​សម្ភារ​ចាំបាច់​ស្តុក​ទុក​ដោយ​ស្លន់ស្លោ​ដោយសារ COVID-19​។​

 
​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ កាលពី​ថ្ងៃអាទិត្យ​ទី​១៥ ខែមីនា បាន​មានប្រសាសន៍ថា វិធានការ​បន្ថែម​មួយចំនួន​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​រួមមាន កម្មវិធី​ទូរ​សព្ទ​ដៃ​ដែល​ទើបនឹង​បង្កើត​ដើម្បី​តាមដាន​ស្ថានការណ៍​។ ចំណែកឯ ក្រុមហ៊ុន​អាកាសយានដ្ឋាន​ថៃ​ក៏បាន​ដាក់​ផងដែរ​នូវ​កម្មវិធី​ទូរ​សព្ទ​សម្រាប់​អ្នកដំណើរ​មកដល់ ដើម្បី​ទាក់ទង​រដ្ឋាភិបាល​ក្នុងករណី​ដែល​អ្នកដំណើរ​សង្ស័យថា​ឆ្លង​ជំងឺ​។ បន្ថែម​ពីនេះ ផែនទី​អន​ឡាញ ក៏ត្រូវ​បាន​បង្កើត​ផងដែរ​ដើម្បី​តាមដាន​ស្ថានការណ៍​វីរុស​ទូទាំងប្រទេស​។ នេះ​តាម​ការចុះផ្សាយ​របស់​កា​សែត បាងកក​ប៉ុស្តិ៍​។ 
 
​កាលពី​ថ្ងៃអាទិត្យ លោក​ប្រា​យុទ្ធ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​វីរុស ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​សាធារណៈ​ផង និង​ស្វែងរក​វិធានការ​ដើម្បី​ដោះស្រាយ​កង្វះខាត​ម៉ាស់ និង​ប្រព័ន្ធ​តាមដាន​។ ទាក់ទង​នឹង​បញ្ហា​ម៉ាស់​នេះ​ផងដែរ លោក Vichai Pohanakit  អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​ត្រូវបាន​ផ្ទេរ​មកកាន់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ក្រោយពី​លោក​មិនអាច​ដោះស្រាយ​ការ​បំប៉ោង​តម្លៃ និង​កង្វះខាត​ម៉ា​សបាន​។​
 
​ម្យ៉ាងទៀត រដ្ឋាភិបាល​ថៃ​គ្រោង នឹង​ប្រើប្រាស់​មន្ទី​ពេទ្យ​ដែល​ទើប​សាងសង់​រួច​ដើម្បី​ដាក់​អ្នកជំងឺ COVID-19 និង​ដាក់​ជំងឺ​នេះ​ក្នុង​បញ្ជី​សង្គ្រោះបន្ទាន់​សម្រាប់​អ្នកជំងឺ​ដែល​ស្ថិតក្រោម ផែនការ​សុខភាព​សក​ល ( Universal Health Care Scheme)​។ ការដាក់ COVID-19 ចូលក្នុង​បញ្ជី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ឆ្លង​ជំងឺ​ទទួលបាន​ការព្យាបាល​ពី​មន្ទី​ពេទ្យ​រដ្ឋ ឫ​ឯកជន​ដែល​នៅ​ជិត​បំផុត​ក្នុង​រយៈពេល ៧២​ម៉ោង​ដោយ​ពុំ​ចាំបាច់​ធ្វើដំណើរ​ទៅកាន់​មន្ទី​ពេទ្យ​ដែល​ពួកគេ​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​។​
 
​បន្ថែម​ពីនេះ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ កំពុង​ពិចារណា​បិទ​ទីកន្លែង​កម្សាន្ត​ទាំងអស់ ដើម្បី​រាំងខ្ទប់​ការផ្ទុះ​ការឆ្លង​ជំងឺ ដូច​ករណី​ឆ្លង​នៅក្នុង​តៀមស្រា​កាលពី​ខែ​មុន​។ លោក​ប្រា​យុទ្ធ​ក៏បាន​និយាយ​ផងដែរ​ថា រដ្ឋាភិបាល​នឹង​ស្វែងរក​កិច្ចសហការ​ណ៍​ជាមួយ​ទីតាំង​កម្សាន្ត​ទាំងឡាយណា​ដែល​នៅ​តំបន់​ប្រឈម​ហានិភ័យ​ខ្ពស់ និង​ពិចារណា​បិទ​ទីតាំង​ទាំងអស់នោះ​បើ​ចាំបាច់​។ ដោយហេតុតែ​ភាព​ស្លន់ស្លោ ម្ហូបអាហារ​ដូចជា មី គ្រឿង និង​អាហា​កំប៉ុង​ត្រូវបាន​អស់ពី​ធ្នើ​នៅតាម​បណ្តា​ផ្សា​ទំនើប ខណៈ​អ្នកលក់​មួយចំនួនធំ​ប្រុងប្រៀប​ក្នុងករណី​ខ្វះខាត​។​
 
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃអាទិត្យ​ថៃ​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​ចំនួន​៣២ អ្នក​ដែល​បណ្តាល​ឲ្យ​អ្នក​ឆ្លង​សរុប​កើនឡើង​ដល់ ១១៤​នាក់​។ ថៃ​បានដាក់​ប្រទេស​ក្នុងដំណាក់កាល​ទី​៣ ដែលជា​ដំណាក់កាល​ចម្លង​ទ្រង់ទ្រាយ​ធំ​(mass infection)៕ 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com