នាវា​៤​គ្រឿង​នឹង​វិល​មក​កម្ពុជា​វិញ ក្រោយ​វៀតណាម​មិន​ឲ្យ​ចូល​ចត​
ជាតិ
សង្គមជាតិ
នាវា​៤​គ្រឿង​នឹង​វិល​មក​កម្ពុជា​វិញ ក្រោយ​វៀតណាម​មិន​ឲ្យ​ចូល​ចត​
16, Mar 2020 , 5:41 pm        
រូបភាព
រូបភាពពីសារព័ត៌មាន freshnews
រូបភាពពីសារព័ត៌មាន freshnews
​ភ្នំពេញ​៖ នាវា​កម្ពុជា​ដឹក​អ្នកទេសចរ​ពី​ខេត្តសៀមរាប ទៅ​វៀតណាម នឹង​វិល​មក​កម្ពុជា​វិញ ក្រោយពី​ភាគី​វៀតណាម បដិសេធ​មិន​ឲ្យ​ចូល​ចត​។​

 
​លោក ម៉ក់ ស៊ី​ដេ​ត  អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ខាង​អាជ្ញាធរ​វៀតណាម​មិន​ព្រម​ឆ្លើយតប​នឹង​សំណើ​របស់​កម្ពុជា ដែល​សុំ​ឲ្យ​ភ្ញៀវទេសចរ​ឡើងគោក​លើទឹក​ដី​ពួកគេ​ឡើយ​។​
 
«​ពេល​នាវា​ទៅដល់ គាត់​អត់​ឆ្លើយតប គឺ​គាត់​ទុកចោល​ឲ្យ​នាវា​យើង​នៅ​ទន្លេ​ហ្នឹង ដោយ​មិន​ព្រម​ឲ្យ​ភ្ញៀវទេសចរ​យើង​ឡើងលើ​គោក​ឡើយ​។ គាត់​អត់​ព្រម​អន្តោ​គម​ន៍​ឲ្យ​យើង ដោយ​គាត់​នៅ​ស្ងៀម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ក់ ស៊ី​ដេ​ត​។ 
 
​លោក ម៉ក់ ស៊ី​ដេ​ត បាន​បញ្ជាក់ថា ភាគី​វៀតណាម​កំពុងតែ​ឲ្យ​នាវា​ទាំង​៤​គ្រឿង​នោះ វិល​ត្រឡប់មក​កម្ពុជា​វិញ​ហើយ​។ លោក ម៉ក់ ស៊ី​ដេ​ត រៀបរាប់​ដូច្នេះ​ថា​៖«​នាវា​ទាំង​នោះបាន​មកដល់​ព្រំដែន​វៀតណាម និង​កម្ពុជា​រួចហើយ​»​។​
 
​បើតាម​លោក ម៉ក់ ស៊ី​ដេ​ត នាវា​ទាំង​៤​គ្រឿង​នោះ មាន​ផ្ទុក​មនុស្ស​ប្រមាណ​១៧០​នាក់ ដោយមាន​នាវា​វិក​ចំនួន​៩២​នាក់ និង​អ្នកទេសចរ​ចំនួន​៧៧​នាក់​៕   
 

Tag:
 ​នាវា​
© រក្សាសិទ្ធិដោយ thmeythmey.com