អន្តរជាតិ
បុរស​ជប៉ុន​ម្នាក់ ត្រូវ​កាត់ទោស​ប្រហារជីវិត​ក្រោយ​សម្លាប់​ជនពិការ​ស្មារតី​១៩​នាក់​
17, Mar 2020 , 7:59 am        
រូបភាព
លោក Satoshi Uematsu ប្រភពរូប៖ AFP
លោក Satoshi Uematsu ប្រភពរូប៖ AFP
ដោយ៖ គយ រតន​បុរិន្ទ​
 
​លោក Satoshi Uematsu បុរស​ជនជាតិ​ជប៉ុន អាយុ ៣០​ឆ្នាំ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ប្រហារជីវិត ក្រោយពេល​ចាក់​សម្លាប់​មនុស្ស​១៩ នាក់​ដោយ​ប្រើប្រាស់​កាំបិត កាលពី​ឆ្នាំ ២០១៦​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។ បុរស​រូបនេះ​ធ្លាប់​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ពិការ​ស្មារតី​មាន​ទីតាំងនៅ Sagamihara ភាគ​និរតី​ទីក្រុង​តូ​ក្យូ​។

 
​មេធាវី​របស់​ជនជាប់ចោទ​បាន​លើកឡើងថា កូនក្តី​របស់ខ្លួន​មិនបាន​រំលោភច្បាប់​ឡើយ ដោយហេតុថា​កូនក្តី​របស់ខ្លួន​មាន «​សតិអារម្មណ៍​មិន​ប្រក្រតី​» ដែល​ទាក់ទិន​ទៅនឹង​ការប្រើប្រាស់​កញ្ឆា​។ ប៉ុន្តែ​ព្រះរាជ​អ​ជ្ងា​ជប៉ុន​បាន​លើកឡើងថា ជនជាប់ចោទ​មាន​សមត្ថភាព ទទួលខុសត្រូវ​នូវ​ទង្វើ​របស់ខ្លួន និង​គួរ​ប្រហារជីវិត​ឲ្យ​សម​នឹង​បទឧក្រិដ្ឋ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ 
 
​បន្ថែម​ពីលើ​នេះ​ព្រះរាជ​អា​ជ្ងា​ក៏បាន​លើកឡើង​ផងដែរ​ថា​បទឧក្រិដ្ឋ​មាន​លក្ខណៈ «​អមនុស្ស​ធ​ម៍​» និង «​គ្មាន​មេត្តា​» ឡើយ​។ យ៉ាងណាមិញ​លោក Uemastu ត្រូវបាន​គេ​រាយការណ៍​ថា​នឹងមិន​ធ្វើ​បណ្តឹងឧទ្ធរណ៍​នោះឡើយ​។ ប៉ុន្តែ​លោក​បាន​ការពារ​ខ្លួន​ដោយ​លើកឡើងថា សកម្មភាព​របស់លោក មិន​សាក​សម​នឹង​ទោស​ប្រហារជីវិត​ទេ​។ 
 
​លោក Uematsu បាន​លាឈប់​ពី​ការងារ​រយៈពេល​ជាង​មួយខែ មុន​ហេតុការណ៍​នេះ​បាន​កើតឡើង​។ លោក​ត្រូវបាន​គេ​បង្ខំ​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក្រោយពេល​ប្រាប់​មិត្ត​រួមការ​ងារ​ថា លោក​ចង់​សម្លាប់​មនុស្ស​ពិការ​ស្មារតី​នៅក្នុង​មជ្ឈមណ្ឌល​នោះ​។​
 
១២ ថ្ងៃ​ក្រោយមក លោក​ត្រូវបាន​វេជ្ជបណ្ឌិត​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទី​ពេទ្យ​ដោយ​យល់ឃើញថា​មិនមែនជា មនុស្ស​គំរាមកំហែង​ឡើង​។ លោក Uemastu បា​នស​សេរ​ពី​ផែនការ​វាយប្រហារ​នៅ​មជ្ឈមណ្ឌល​នោះ ដោ​យស​សេ​រថា «​ជនពិការ​ស្មារតី បង្កើត​តែ​អពមង្គល​»​។ ក្រោយ​ការវាយប្រហា​ដោយ​កាំបិត រូបលោក​បាន​ចូលខ្លួន​ទៅ​ឲ្យ​ប៉ូលីស ដោយ​យកទៅ​ជាមួយ​កាំបិត​ដែល​ប្រឡាក់​ទៅដោយ​ឈាម​៕

© រក្សាសិទ្ធិដោយ thmeythmey.com