COVID-19
អន្តរជាតិ
ម៉ាឡេស៊ី បិទ​ប្រទេស​ទាំងមូល​២​សប្តាហ៍ ខណៈ​COVID-19​លើស​៥០០​ករណី​
17, Mar 2020 , 10:29 am        
រូបភាព
 លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ថ្លែងលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃ១៦ ខែមីនា ឆ្នាំ ២០២០ (FreeMalaysiatoday)
លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin ថ្លែងលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃ១៦ ខែមីនា ឆ្នាំ ២០២០ (FreeMalaysiatoday)
ដោយ:
​រដ្ឋាភិបាល​ម៉ាឡេស៊ី នឹងដាក់​បម្រាម​ប្រជាជន​ខ្លួន​ពី​ការចេញដំណើរ​ទៅ​ក្រៅប្រទេស និង​ជនបរទេស​ពី​ការចូលទៅ​ក្នុងប្រទេស​ម៉ាឡេស៊ី រយៈពេល​២​សប្តាហ៍ ដែល​នឹង​ចូល​ជា​ធរមាន​នា​ពីថ្ងៃ​ពុធ ទី​១៨ ខែមីនា​តទៅ​។ លោកនាយក​រដ្ឋមន្ត្រី Muhyiddin Yassin ប្រកាស​បែបនេះ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​រូបនេះ ចំណាត់ការ​នេះ គឺជា​ផ្នែក​មួយ​នៃ​បទបញ្ជា​រឹតត្បិត​ការដើរ​ហើរ​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក្នុង​គោលដៅ​បង្ការ​ការ​រាលដាល COVID-19 ។

 
​ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​ចន្ទ ១៦ ខែមីនា លោកនាយក​រដ្ឋមន្ត្រី Muhyiddin គូសបញ្ជាក់ថា ចាប់ពី​ថ្ងៃ ១៨-៣១ ខែមីនា ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់ ត្រូវបាន​ហាម​ចាក​ចេញពី​ប្រទេស ហើយ​សម្រាប់​អ្នក​ដែល​ត្រលប់​មកពី​បរទេស​វិញ នឹងត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​រយៈពេល ១៤ ថ្ងៃ​។ 
 
​ម្យ៉ាងវិញទៀត ភ្ញៀវ​ទេសចរណ៍​បរទេស នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលមក​ក្នុងប្រទេស​ម៉ាឡេស៊ី អំឡុងពេល​បម្រាម​នេះ​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ អះអាង​បែបនេះ ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។ លោក Muhyiddin បន្តទៀតថា ការប្រមូល​ផ្ដុំគ្នា​ជា​សាធារណៈ និង​ដើរហើរ​ក្នុងប្រទេស រួមមាន ព្រឹត្តិការណ៍​សាសនា​, ជំនួប​កីឡា ព្រមទាំង​សកម្មភាព​វប្បធម៌​និង​សង្គម ក៏​នឹងត្រូវ​ហាមប្រាម​ផងដែរ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី និយាយ​ដូច្នេះ​ថា​៖«​ដើម្បី​អនុវត្ត​ចំណាត់ការ​នេះ កន្លែង​បន់ស្រន់​សាសនា និង​ការិយាល័យ​ធុរកិច្ច​ទាំងអស់ ត្រូវតែ​បិទទ្វារ ដោយ​លើកលែងតែ ផ្សារ​ទំនើប​, ហាង​គ្រឿងទេស និង​ហាង​ដែល​លក់ទំនិញ​ចាំបាច់​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​»​។ ជាមួយគ្នានេះដែរ លោក Muhyiddin អះអាង​ទៀតថា សាលា​ចំណេះដឹង​ទូទៅ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំងអស់ ក៏ត្រូវ​បិទទ្វារ​ផងដែរ​។ 
 
​ដោយ​មើលឃើញ​កំណើន​ករណី COVID-19 យ៉ាង​លឿន​រហ័ស​ក្នុង​បណ្ដា​ប្រទេស​ដទៃ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា អ្នក​(​ប្រជាជន​ម៉ាឡេស៊ី​)​ពុំ​ចង់​ឲ្យ​រឿង​បែបនេះ​កើតឡើង​ដូចគ្នា​ក្នុងប្រទេស​យើង​ឡើយ​។ ម្ល៉េះ​ហើយ យើង​ពុំ​អាច​រង់ចាំ​រហូតដល់​ស្ថានការណ៍​កាន់តែ​អាក្រក់​ខ្លាំង​ជាង​នេះឡើយ​»​។ 
 
​ទន្ទឹមនឹង​ការចាត់​ចំណាត់ការ​ខ្លាំងៗ​ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​នៃ COVID-19 លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​កុំ​ឲ្យ​មាន​ភាព​ស្លន់ស្លោ​។ ត្រង់នេះ លោក​អះអាង​បែបនេះ​ថា​៖«​ខ្ញុំ សង្ឃឹមថា អ្នកនឹង​មាន​ភាព​អត់ធ្មត់​។ កុំ​ស្លន់ស្លោ កុំ​ភ័យព្រួយ ហើយ​រក្សា​ភាព​ស្ងៀមស្ងាត់​។ ខ្ញុំ​ជឿជាក់ថា ចំណាត់ការ​ទាំងនេះ នឹង​ជួយ​បញ្ឈប់​ការរីក​រាលដាល​នៃ​វីរុស​នេះ​»​។ 
 
​តាម​ទូរទស្សន៍ Channel News Asia ប្រមុខ​រដ្ឋាភិបាល​រូបនេះ ក៏​ប្រកាស​ធានាថា ម្ហូបអាហារ និង​សម្ភារ​សុខភាព​ចាំបាច់ ដូចជា ម៉ាស់​ការពារ និង​ទឹក​លាងដៃ ជាដើម នឹងមាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ទាំងអស់​។ ត្រង់នេះ លោក​បានចេញ​បញ្ជា​ឲ្យ​ក្រសួងពាណិជ្ជកម្ម​តាមដាន​ស្ថានការណ៍​នេះ អំឡុងពេល​រឹតត្បិត​ការដើរ​ហើរ​នេះ​។ 
 
​សូមបញ្ជាក់ថា ម៉ាឡេស៊ី ក្លាយជា​ប្រទេស​ដែល​រងគ្រោះ​ជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គិត​ត្រឹម​ថ្ងៃ​ចន្ទ ១៦ ខែមីនា មាន​ករណី COVID-19 ចំនួន ៥៥៣ នាក់​។ ក្នុងនោះ អ្នកជំងឺ​ជាង ៣០០​ករណី ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សាសនា ដែល​រៀបចំឡើង​ចន្លោះ​ពីថ្ងៃ ២៨ ខែកុម្ភៈ និង​ថ្ងៃទី​១ មីនា ក្នុង​រដ្ឋធានី គួ​ឡា​ឡាំ​ពួ ។ ព្រឹត្តិការណ៍​ដែលមាន​អ្នកចូលរួម​ដោយ​មនុស្ស​១៦០០០​នាក់ ក៏បាន​ធ្វើ​ឲ្យ​មានការ​ឆ្លង​ដល់​ប្រទេស​ព្រុយ​ណេ សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​កម្ពុជា​ផងដែរ​៕

Tag:
 ម៉ាឡេស៊ី​
  Muhyiddin Yassin
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com