COVID-19
អន្តរជាតិ
ប្រមុខ​WHO៖«​យើង​មិនអាច​ពន្លត់ភ្លើង ដោយ​ការ​បិទមុខ​បានទេ​»
17, Mar 2020 , 2:03 pm        
រូបភាព
លោកប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus(កណ្តាល), រូបភាព៖ AFP
លោកប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus(កណ្តាល), រូបភាព៖ AFP
​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់ ធ្វើតេស្ត​លើ​អ្នក​សង្ស័យ​ទាំងអស់​ដើម្បី​ប្រាកដថា អ្នក​ទាំងនោះ គ្មាន​ផ្ទុក ជំងឺ​ផ្លូវដង្ហើម ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) និង​បង្ការ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​។ ការអះអាង​របស់​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បែបនេះ ធ្វើឡើង​បន្ទាប់ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជាច្រើន​បានដាក់​ចេញ​ចំណាត់ការ​រឹតត្បិត​ការដើរ​ហើរ ដើម្បី​ប្រឆាំង COVID-19​។ 


 
​នា​សន្និសីទ​ព័ត៌មាន​នា​ថ្ងៃទី​១៦ ខែមីនា ប្រមុខ​អង្គការ​សុខភាព​ពិភពលោក លោក Tedros បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​មិនអាច​ពន្លត់ភ្លើង ដោយ​ការ​បិទមុខ​បានទេ​»​។ ក្នុងន័យនេះ លោក​ប្រមុខ WHO ចង់​សង្កត់ធ្ងន់ថា ប្រទេស​ទាំងអស់ ត្រូវតែ​ធ្វើតេស្ត​លើ​ជនសង្ស័យ​ផ្ទុក​COVID-19 ទាំងអស់ ដើម្បី​ប្រាកដថា​គ្មាន​នរណាម្នាក់​ផ្ទុក​ជំងឺ​ថ្មី​នេះ និង​ងាយស្រួល​ត្រៀម​ចាត់វិធានការ​បង្ការ​ទុកជាមុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​បើតាម​លោក Tedros នេះ​គឺជា​ពេលវេលា​របស់​ពិភពលោក ក្នុងការ​ប្រយុទ្ធ​នឹង​វិបត្តិ​សុខភាព​ពិភពលោក ហើយ​ប្រទេស​ទាំងអស់​ត្រូវតែ​ពួតដៃគ្នា​ដោះស្រាយ​។ ការលើកឡើង​របស់​ប្រមុខ​អង្គការ​សុខាភិបាល​ពិភពលោក គឺធ្វើឡើង​ស្របពេល បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប កំពុង​រងគ្រោះ​ខ្លាំង​ដោយ COVID-19 ។  វិបត្តិ​សុខភាព​លើក​នេះ បាន​បង្ក​ឲ្យ​ប្រទេស​មួយចំនួន បាន​បិទ​ក្រុង​ជា​បន្តបន្ទាប់ ជាពិសេស​នៅ​អឺរ៉ុប​។ 
 
​តួយ៉ាង អ៊ីតាលី ដែលជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ បាន​ចាត់វិធានការ​បិទ​សាលារៀន កន្លែង​កម្សាន្ត ការប្រមូលផ្តុំ និង​ការ​រឹតត្បិត​ការធ្វើដំណើរ​នៅ​ទូទាំងប្រទេស​ទាំងអស់​។ ចំណែក​នៅ​បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់ ជាដើម ក៏បាន​ចាត់វិធានការ​រឹតត្បិត​ដូច​អ៊ីតាលី​ដែរ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ប្រទេស ខណៈ​តួលេខ​អ្នក​ឆ្លង COVID-19 នៅក្នុង​ប្រទេស​ទាំងនេះ កំពុង​កើន​ឡើងជា​លំដាប់​។ 
 
​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ សហភាព​អឺរ៉ុប នឹង​បើក​កិច្ចប្រជុំ​មួយ​ស្តីពី​ការទប់ស្កាត់ COVID-19 នៅតាម​ព្រំដែន​ប្រទេស​អឺរ៉ុប​ទាំងអស់ ដើម្បី​បង្ការ​ការកើនឡើង​យ៉ាងគំហុក​នៃ COVID-19​។ ក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​ទាំងអស់ នឹង​លើកសំណើរ​ឲ្យ​ផ្អាក​ការធ្វើដំណើរ​មិន​សំខាន់​ទាំងអស់ នៅតាម​ព្រំដែន​ក្នុង​តំបន់​អឺរ៉ុប​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com