COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា ស្នើ​ថៃ​ឲ្យ​ជួយ​ប្រាប់​ពលរដ្ឋ​ខ្លួន​កុំ​ត្រឡប់ទៅផ្ទះ​ពេល​បុណ្យចូលឆ្នាំ​ខែក្រោយ​
17, Mar 2020 , 8:39 pm        
រូបភាព
ពលករមីយ៉ាន់ម៉ាធ្វើដំណើរទៅស្រុកកំណើតវិញ។ រូបភាព AFP
ពលករមីយ៉ាន់ម៉ាធ្វើដំណើរទៅស្រុកកំណើតវិញ។ រូបភាព AFP
​មី​យ៉ាន់​ម៉ា បានស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ ប្រាប់​ពលរដ្ឋ​ខ្លួន​ដែល​កំពុងធ្វើការ​នៅ​ទឹកដី​ថៃ កុំ​ត្រឡប់​ទៅ​ស្រុក​វិញ​អំឡុងពេល​បុណ្យចូលឆ្នាំ​ថៃ និង​មី​យ៉ាន់​ម៉ា​ខែមេសា​ខាងមុខ​។ ការទប់ស្កាត់​ការ​ដំណើរ​របស់​មនុស្ស ជា​វិធានការ​មួយ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ។ នៅ​ថៃ​មាន​ករណី​ឆ្លង​ជិត​១៨០ ប៉ុន្តែ​មី​យ៉ាន់​ម៉ា​មិនទាន់​ករណី​ឆ្លង​នៅឡើយ​ទេ​។

 
​លោក Suchart Pornchaiwisetkul អគ្គនាយក​ការងារ​របស់​ថៃ នៅ​ថ្ងៃទី​១៧ ខែមីនា និយាយថា មី​យ៉ាន់​ម៉ា បានស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ផ្ដល់ដំណឹង​ទៅកាន់​ពលករ​មី​យ៉ាន់​ម៉ា​ដែល​កំពុងធ្វើការ​នៅ​ទឹកដី កុំ​ធ្វើដំណើរ​ទៅកាន់​ស្រុកទេស​របស់ខ្លួន​ខែក្រោយ​។ សំណើ​របស់​មី​យ៉ាន់​ម៉ា ធ្វើឡើង​មួយ​ក្រោយ​មុន​ការ​ដល់​ពិធីបុណ្យ​សង្ក្រាន្ត​របស់​ថៃ និង​បុណ្យ Thingyan របស់​មី​យ៉ាន់​ម៉ា ដែលជា​ពេល​ពលករ​ចំណាកស្រុក​នាំគ្នា​ទៅផ្ទះ​សម្បែង​វិញ​។​
 
​ការធ្វើដំណើរ​របស់​ព​លករ​ច្រើន​សន្ធឹកសន្ធាប់​នេះ នាំ​ឲ្យ​ក្ដីបារម្ភ​ពី​ការ​រាលដាល​ជំងឺ COVID-19 ដែល​កំពុង​អុកឡុក​ពេញ​ពិភពលោក​។ មី​យ៉ាន់​ម៉ា​ដែល​មិនទាន់​ករណី​ឆ្លង​សូម្បី​តែមួយ​នោះ បាន​ចាត់វិធានការ​ច្រើន​ដូចជា​ការដាក់​នៅ​ដោយឡែក​ជាដើម​។ ដូចនេះ នៅពេល​ពលករ​ទាំងនោះ ត្រឡប់ទៅផ្ទះ​វិញ ក៏ត្រូវ​ឆ្លងកាត់​វិធាន​សុខាភិបាល​យ៉ាងច្រើន ហើយក៏​ត្រូវ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន​ដែរ​។ 
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Suchart បញ្ជាក់ថា មី​យ៉ាន់​ម៉ា និង​ថៃ បាន​ឯកភាពគ្នា​លុបចោល​សកម្មភាព​ធ្វើ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ និង​សកម្មភាព​ឯទៀត​អំឡុងពេល​ចូលឆ្នាំថ្មី​នៅ​ខែក្រោយ​នេះ​។ លោក​បន្ថែមថា ថៃ​ក៏​នៅតែ​បន្ត​យកលុយ​ថ្លៃ​លើ​ការអនុញ្ញាត​ឲ្យ​ចូល​ទឹកដី​ថៃ​វិញ​នូវ​ពលករ​ទៅ​ពី​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​ដដែល​។ 
 
​តាមពិតទៅ ការអបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ ត្រូវបាន​លើក​ពេល​វិញ​ទាំង​នៅ​ថៃ និង​នៅ​មី​យ៉ាន់​ម៉ា​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ។ នៅ​ថៃ សាលារៀន បារ រោងកុន និង​កន្លែង​ប្រមូលផ្ដុំ​មួយចំនួន ត្រូវបាន​បិទ​ផងដែរ​។ នៅ​ថៃ ពិធីបុណ្យ​ស​ង្ក្រា​ន​ឆ្នាំ​២០២០ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៣ ដល់ទី​១៧ ខែមេសា​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ថៃ​មាន​ករណី​ឆ្លង​សរុប​១៧៧​នាក់ ដោយ​ក្នុងនោះ​មាន​អ្នកស្លាប់​ម្នាក់ និង​អ្នក​សះស្បើយ​ចំនួន​៣៦​នាក់​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com