ជាតិ
វត្ថុធាតុដើម​ជិត​១​ពាន់​កុងតឺន័រ​ពី​ចិន បាន​មកដល់​កម្ពុជា ខណៈ​រោងចក្រ​ជាង​៥០ បាន​ព្យួរការងារ​
18, Mar 2020 , 8:39 am        
រូបភាព
រូបភាពទំព័រហ្វេសប៊ុករបស់កំពង់ផែស្វយ័តព្រះសីហនុ
រូបភាពទំព័រហ្វេសប៊ុករបស់កំពង់ផែស្វយ័តព្រះសីហនុ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ មាន​កប៉ាល់​១៣​គ្រឿង បាន​ដឹក​វត្ថុធាតុដើម​ជាង​៩០០​កុងតឺន័រ​ពី​ចិន ចូល​មកដល់​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​វិស័យ​កាត់ដេរ ។


 
​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​បញ្ជាក់ថា វត្ថុធាតុដើម​ទាំងនេះ អាច​ផ្គត់ផ្គង់​ដល់​រោងចក្រ​បាន​៥០​ភាគរយ បើ​ចិន ស្ថិតក្នុង​ស្ថានភាព​ប្រក្រតី​ធម្មតា​បែបនេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​១៦ ខែមីនា លោក កាំ​ង ម៉ូ​នី​កា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចំពោះ​វត្ថុធាតុដើម​ដែល​ដឹក​មកដល់ នៅ​មិនទាន់​ដឹក​ចែកចាយ​ទៅ​រោងចក្រ​ព្យួរការងារ​ឬ​មិន​ព្យួរ​នោះទេ​។ មកដល់ពេលនេះ មាន​រោងចក្រ​ចំនួន​៥៤​បានដាក់​ពាក់​ព្យួរការងារ ហើយក៏​មិនទាន់មាន​រោងចក្រ​ណាមួយ​បើក​ដំណើរការ​វិញ​ដែរ​»​។ លោក មិនបាន​បង្ហើប​ឡើយ​ថា ក្នុង​រោងចក្រ​ទាំង​៥៤​នោះ មាន​កម្មករ​ប៉ុន្មាន​នាក់ ត្រូវ​ព្យួរការងារ​។  
 
​លោក អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​បញ្ជាក់ថា ការ​នាំចូល​វត្ថុធាតុដើម​ទាំងនេះ គឺ​អាចជួយ​ដោះស្រាយបាន​មួយផ្នែក​ដែរ ។  លោក និយាយថា​៖«​ខ្ញុំ​គិតថា​ការជួយ​សម្រាល​នៃ​វត្ថុធាតុដើម​នេះ គឺអាច​ជួយ​បាន​មួយចំនួន​ហើយ អាច​កាត់បន្ថយ​បាន​ខ្លះ ប៉ុន្តែ​វា​មិនអាច​បាន​ច្រើន​ទេ ដោយសារតែ​យើង​ពិនិត្យមើល​ធម្មតា​កុងតឺន័រ​ដែល​មក​កម្ពុ​ជា​១​ខែ​មាន​ជាង​១​ម៉ឺន​កុងតឺន័រ ហើយ​ឥឡូវ​បាន​១​ពាន់​កុងតឺន័រ​ប៉ុណ្ណោះ​។ ដូច្នេះ​ខ្ញុំ​គិតថា​អាច​នៅ​ខ្វះ​ច្រើន ហើយ​កម្ពុជា​ខាន​នាំ​អីវ៉ាន់​ចូល​ជិត​២​ខែ​ហើយ អ៊ីចឹង​ទាល់តែ​នាំចូល​លើស​ចំនួន​ធម្មតា​ដែល​នាំចូល​បាន​ស្មើនឹង​ស្ថានភាព​ដើម​»​។ 
 
​លោក កាំ​ង ម៉ូ​លីកា អះអាងថា បើ​គ្មានអ្វី​ប្រែល​ប្រួល​ទេនោះ ចិន​នឹងមាន​បញ្ជូន​វត្ថុធាតុដើម តាម​នាវា​ប្រមាណ​១០​គ្រឿង​ទៀត សម្រាប់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ 
​សារព័ត៌មាន​ថ្មីៗ​មិនអាច​សុំ​ការអធិប្បាយ​ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​កា​ងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជុំវិញ​ការបញ្ជូន​វត្ថុធាតុដើម និង​ស្ថានភាព​រោងចក្រ​លើ​វិស័យ​កាត់ដេរ​បានឡើយ ដោយ​លោក មិន​លើក​ទូរស័ព្ទ​៕

Tag:
 វត្ថុធាតុដើម​
  វិស័យ​កាត់ដេរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com