COVID-19
ជាតិ
COVID-19៖ ៩ករណីទៀតនៅកម្ពុជា សរុប៣៣ករណី
17, Mar 2020 , 8:51 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនា​ល្ងាច​ថ្ងៃអង្គារនេះ បាន​ប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន​៩ករណីទៀត ដូច្នេះចំនួនសរុបឡើងដល់​៣៣ករណី។ ករណីថ្មីទាំង​៩នេះ មាន៦ករណីជា បុរសជនជាតិខ្មែរឥស្លាម​ដែល​វិលត្រឡប់មកពីចូលរួមពិធីសាសនានៅ​ម៉ាឡេស៊ី និង​៣ករណី ជាបុរសជនជាតិម៉ាឡេស៊ី។ សរុបជនជាតិខ្មែរ-ឥស្លាម ដែល​បាន​វិលត្រឡប់​មក​ពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី មានវិជ្ជមានកូវីដ ១៩ មានចំនួន ១៩នាក់ ក្នុងចំនោម​៧៩នាក់។ 



៦ករណីដែលជាបុរសខ្មែរឥស្លាម ៖
-១ករណីនៅសៀមរាប ដែលមានអាយុ​៤០ឆ្នាំ នៅភូមិតាកុង ឃុំសំបួរ ក្រុងសៀមរាប ព្យាបាលនៅមន្ទីរពេទ្យខេត្ត។
-២ករណីនៅភ្នំពេញ ដែលមានអាយុ​២៧ឆ្នាំ និង៤០ឆ្នាំ នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ព្យាបាលនៅពេទ្យខ្មែរសូវៀត។
-១ករណីនៅកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ នៅភូមិគ្រួសារថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ព្យាបាលនៅពេទ្យខេត្ត។
-១ករណីនៅកោះកុង អាយុ៥៧ឆ្នាំ នៅភូមិត្រើយកោះ ស្រុកដងទន់ ខេត្តកំពត ព្យាបាលនៅកោះកុង ដោយសារគាត់ធ្វើការនៅកោះកុង។
-១ករណីនៅត្បូងឃ្មុំ អាយុ៥៣ឆ្នាំ នៅឃុំទ្រ ស្រុកក្រូចឆ្មារ ព្យាបាលនៅពេទ្យត្បូងឃ្មុំ (ពញាក្រែក)។

៣ករណីលើជនជាតិម៉ាឡេស៊ី ដែលមានអាយុ៥៨ឆ្នាំ ៦១ឆ្នាំ និង​៦៦ឆ្នាំ ដែលស្ថិតក្នុងចំណោមជន​ជាតិម៉ាឡេស៊ី​៥នាក់។ ២នាក់ទៀតត្រូវបាន​ដាក់នៅដាច់ដោយឡែកនៅវិហារឥស្លាមក្នុងខេត្តកែប។

២៤​ករណី​កន្លងមក​រួមមាន​៖

​ថ្ងៃទី​២៧ ខែមករា (១​ករណី​)
- ទេសចរ​ជនជាតិ​ចិន​អាយុ​៦០​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើដំណើរ​ពី​ក្រុង​វូ​ហាន ហើយ​បានជា​សះស្បើយ និង​ចេញពី​ពេទ្យ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​។​

​ថ្ងៃទី​៧ ខែមីនា (១​ករណី​)
-​បុរស​ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប ដែល​ឆ្លង​ពី​អ្នកជំងឺ​ជនជាតិ​ជប៉ុន​។ បច្ចុប្បន្ន​គាត់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ថ្ងៃទី​១០ ខែមីនា (១​ករណី​)
-​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ ដែលជា​អ្នកដំណើរ​លើ​នាវា Viking Cruise Journey ពី​ហូជីមិញ ហើយ​សំចត​នៅ​ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ថ្ងៃទី​១២ ខែមីនា (២​ករណី​)
-​ប្តី​ប្រពន្ធ​អង់គ្លេស ដែលជា​អ្នកដំណើរ​លើ​នាវា Viking Cruise Journey ពី​ហូជីមិញ ហើយ​សំចត​នៅ​ខេត្តកំពង់ចាម​។ ប្តី​អាយុ​៧៣​ឆ្នាំ ប្រពន្ធ​អាយុ​៦៩​ឆ្នាំ​។ បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ថ្ងៃទី​១៣ ខែមីនា (២​ករណី​)
-​បុរស​ជនជាតិ​កាណាដា ដែលជា​គ្រូបង្រៀន​នៅ​សាលា​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។ បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​របស់ខ្លួន​។​
-​បុរស​ជនជាតិ​បែលហ្ស៊ិក ដែល​បម្រើ​នៅ​អង្គការ​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ​។ គាត់​ទើប​មកពី​អឺរ៉ុប ដោយ​បច្ចុប្បន្ន​ព្យាបាល​ដាច់ដោយឡែក​នៅ​ពេទ្យរុស្ស៊ី​។​

​ថ្ងៃទី​១៥ ខែមីនា (៤​ករណី​)
-​បុរស​ជនជាតិ​បារាំង​អាយុ​៣៥​ឆ្នាំ​នៅ​ភ្នំពេញ ដែល​ធ្វើដំណើរ​ពី​បារាំង ហើយ​បានធ្វើ​តេស្ត​នៅ​សិង្ហ​បុរី​។ គាត់​មកដល់​ភ្នំពេញ មុន​ការបញ្ជាក់​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​។​
-​ទារក​អាយុ​៤​ខែ ដែលជា​កូន​បុរស​ជនជាតិ​បារាំង​អាយុ​៣៥​ឆ្នាំ​។ បច្ចុប្បន្ន ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​។​
-​បុរស​ជនជាតិខ្មែ​រដែ​ល​ទើប​វិលត្រឡប់​ពី​ប្រទេស​បារាំង​។ បច្ចុប្បន្ន សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​។​
-២​ករណី​លើ​បុរស​ខ្មែរឥស្លាម​នៅ​ខេត្តព្រះវិហារ​។ ពួកគាត់​ស្ថិត​ក្នុងចំណោម​អ្នក​ទៅ​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ជិត​ទីក្រុង​គួ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

​ថ្ងៃទី​១៧ ខែមីនា (១២​ករណី​) កាលពីព្រឹក
-២​ករណី​នៅ​បន្ទាយមានជ័យ ដែល​ម្នាក់​ជា​ខ្មែរឥស្លាម នៅ​សេរី​សោភ័ណ និង​ម្នាក់​ជា​ជនជាតិខ្មែរ​ដែល​មកពី​ថៃ និង​នៅ​សេរី​សោភ័ណ​ដូចគ្នា​។ បច្ចុប្បន្ន​ព្យាបាល​នៅ​ពេទ្យ​បន្ទាយមានជ័យ​។​
-២​ករណី​នៅ​ភ្នំពេញ ដោយ​ម្នាក់​អាយុ​៦៣​ឆ្នាំ និង​ម្នាក់​អាយុ​៦៤​ឆ្នាំ នៅ​ព្រែកប្រា​។ ព្យ​បាល​នៅ​ពេទ្យ​ខ្មែរ​សូ​វៀត​។​
-២​ករណី​នៅ​កំពង់ឆ្នាំង ដោយ​ម្នាក់​អាយុ​៧៥​ឆ្នាំ និង​ម្នាក់​អាយុ​២៨​ឆ្នាំ ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។​
-៤​ករណី​នៅ​បាត់ដំបង ដែលមាន​អាយុ​ពី​៣៨​ឆ្នាំ ដល់​៤៥​ឆ្នាំ សម្រាក​នៅ​ពេទ្យ​ខេត្ត​។​
-១​ករណី​នៅ​កំពត អាយុ​៣០ ជា​អ្នកបកប្រែ​ឲ្យ​ម៉ាឡេស៊ី ដែល​ធ្វើការ​នៅ​កែប​។ បច្ចុប្បន្ន​នៅ​ពេទ្យ​ខេត្ត​កែប​។​
-១​ករណី​នៅ​ត្បូងឃ្មុំ អាយុ​៦១​ឆ្នាំ ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​នៅ​ពញាក្រែក​៕​


© រក្សាសិទ្ធិដោយ thmeythmey.com