ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជើង​បែកញើស​ខ្លាំង​ក្លិន​មិនល្អ​មែន​ទេ​? សាកល្បង​គន្លឹះ​ងាយៗ​ទាំងនេះ​
18, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ជើង​បែកញើស​ខ្លាំង​និង​ធុំក្លិន​អាក្រក់​មិន​ពិបាក​ដោះស្រាយ​ឡើយ​។ គួរ​ធ្វើ​បែបណា​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ទល់​បញ្ហា​ជើង​ធុំក្លិន​អាក្រក់ ហើយ​បែកញើស​ខ្លាំង ៖
 
១. លាង​សម្អាត​ប្រអប់ជើង​ជាមួយ​សាប៊ូ​កម្ចាត់​បាក់តេរី​
 
​ចូរ​លាង​សម្អាត​ជើង​រាល់ថ្ងៃ​ជាប្រចាំ​ជាមួយ​សាប៊ូ​ដែលមាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​។ ហើយ​ត្រូវ​ប្រាកដថា​អ្នក​បាន​ជូត​តាម​ចន្លោះ​ម្រាមជើង​មួយៗ​ស្ងួត​ល្អ​ផង​។ បាក់តេរី​និង​រោគ​ផ្សិត​អាច​លូតលាស់​នៅ​ចន្លោះ​ម្រាមជើង​ប្រសិនបើ​មិនបាន​ជូត​ឱ្យ​ស្ងួត​ត្រឹមត្រូវ​។​
 
២. ក្រូចឆ្មារ និង​ម្សៅ Baking soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ baking soda ចំនួន ៤ ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ចំនួន ៨ ពែង និង​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់ ចំនួន ១ ផ្លែ ចូល​។ កូរ​ឲ្យ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ល្បាយ​នេះ​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី ជាការ​ស្រេច​។​
 
៣. ឧស្សាហ៍​ផ្លាស់ប្ដូរ​ស្រោមជើង​
 
​ចូរ​ប្ដូរ​ស្រោមជើង​ចេញ​នៅ​រាល់ពេល​អ្នកមាន​អារម្មណ៍​ថា​សើម​ពេញ​ដោយ​ញើស​។ ហើយ​មុននឹង​ពាក់​ស្រោមជើង​ថ្មី ចូរ​លាង​សម្អាត​ជើង​និង​ជូត​ផ្ដិត​ឱ្យ​ស្ងួត​សិន​។​
 
៤. ត្រាំ​ជើង​ក្នុង​តែ​ខ្មៅ​
 
​តែ​ខ្មៅ​មាន​ផ្ទុក​អាស៊ីត tannic ដែល​កម្ចាត់​បាក់តេរី​។ វា​ក៏​ជួយ​កាត់បន្ថយ​បរិមាណ​នៃ​ញើស​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្មៅ ២ កញ្ចប់​តូច​ក្នុង​ទឹក​ក្ដៅ ៣ ពែង​។ បន្ថែម​ទឹក​ត្រជាក់​ចូលក្នុង​ចំនួន​សមល្មម​ដើម្បី​បន្ថយកម្ដៅ​។ បន្ទាប់មក​ដាក់​ត្រាំ​ជើង​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​។ អនុវត្ត​ជាប្រចាំ​រហូតដល់​ទទួល​បាន​លទ្ធផល​ប្រសើរ​។​
 
៥. ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​កន្លះ​ពែង​ជាមួយ​ទឹក​ក្ដៅ ៨ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​នៅពេល​ក្ដៅ​ឧណ្ហ​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​។ លាង​សម្អាត​ជើង​ចេញ​ជាមួយ​សាប៊ូ​និង​ជូត​ឱ្យ​ស្ងួត​ជាការ​ស្រេច​។​
 
៦. ទឹក​ខ្ពុរមាត់​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយនឹង​ទឹក​ខ្ពុរមាត់​មាន​ផ្ទុក​ជាតិ​អាល់កុល​។ កូរ​ឱ្យ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី ឬ​រហូតដល់​ទឹក​ចុះ​ត្រជាក់​តែម្ដង​។ វិធី​នេះ​ក្រៅពី​ជួយ​កម្ចាត់​ក្លិន​ជើង​មិនល្អ​ហើយ​នោះ ក៏​ជួយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com