COVID-19
អន្តរជាតិ
​ចិន​បើកភ្លើង​ខៀវ​ដល់​អ្នកវិទ្យាសាស្ត្រ​ខ្លួន​តេស្ត​វ៉ាក់សាំង COVID-19 លើកដំបូង​
18, Mar 2020 , 10:22 am        
រូបភាព
រូបភាព People
រូបភាព People's Daily
ដោយ៖គយ រតន​បុរិន្ទ​

​រដ្ឋាភិបាល​ចិន បានផ្តល់​ភ្លើង​បៃតង​ឲ្យ​អ្នកស្រាវជ្រាវ​របស់ខ្លួន​ចាប់ផ្តើម​ពិសោធ​វ៉ាក់សាំង COVID-19 ទៅលើ​មនុស្ស​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័​ត៍​មាន Reuters ដែល​ស្រង់​ប្រភពពី​បណ្ដាញ​ព័ត៌មាន​ចិន​។ ការប្រកាស​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ អាមេរិក បានធ្វើការ​សាកល្បង​វ៉ា​ក់​របស់ខ្លួន​លើកដំបូង​ដូចគ្នា​លើ​អ្នក​កើត COVID-19 នៅ​ក្រុង Seattle​។​

 
 
​បើតាម​ការផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន នៅ​ថ្ងៃទី​១៧ ខែមីនា បណ្ឌិតសភា​វិទ្យាសាស្ត្រ​សុខាភិបាល​យោធា​ចិន ដែលជា​ផ្នែក​មួយ​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន ទទួល​ការអនុញ្ញាត​ឲ្យ​ចាប់ផ្តើម​ការធ្វើ​តេស្ត​លើ​មនុស្ស​ពី​សប្តាហ៍​នេះ​ទៅ​។ ការធ្វើ​តេស្ត​នេះ​ស្ថិតនៅក្នុង​ដំណាក់កាល​ទីមួយ​នៅឡើយ ដោយ​គ្រោង​នឹង​ពិសោធ​លើ​មនុស្ស​ដែលមាន​សុខភាព​ល្អ​ចំនួន ១០៨​នាក់ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​៣១ ខែធ្នូ​។ 
 
​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សុខាភិបាល​យោធា​ចិន និង​ក្រុមហ៊ុន CanSino Biologics ដែល​ចុះបញ្ជី​នៅ​ទីក្រុង​ហុងកុង ជា​អ្នកទទួលបន្ទុក​ក្នុង​ការពិសោធ​ខាងលើនេះ​។ នេះ​បើតាម​ការផ្សាយ​របស់ Reuters ។ អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​របស់​កងទ័ព​ចិន Chen Wei ដឹកនាំ​ក្រុមគ្រូពេទ្យ​ក្នុង​ការធ្វើ​កិច្ចការ​នេះ​។  
 
​ចំណែកឯ នៅ​សហរដ្ឋអាមេរិក​វិញ ការពិសោធ​លើ​មនុស្ស​បានចាប់ផ្តើម​តាំងតែ​ពីថ្ងៃ​ចន្ទ ១៦ មីនា ដោយមាន​ការចូលរួម​ពី​វិទ្យាស្ថាន​ជាតិ អា​លែ​ក​ស៊ី និង​ជំងឺឆ្លង និង​ក្រុមហ៊ុន Moderna នៅ​ក្រុង Seattle​។ វ៉ាក់សាំង​ការពារ​កូ​រ៉ូ​ណា​វីរុស​ឈ្មោះ mRNA- 1273 ត្រូវបាន​វិទ្យាស្ថាន​សុខាភិបាល​អាមេរិក (NIH) ចាក់​សាកល្បង​លើ​មនុស្ស​ជា​លើកដំបូង​នា​ថ្ងៃទី​១៦ ខែមីនា ក្នុង​ទីក្រុង​Seattle​។ ចំណែក​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើ​វ៉ាក់សាំង គេ​មិនទាន់មាន​របាយការណ៍​នៅឡើយ​ទេ​។​
 
​ទាក់ទង​នឹង​រឿង​វ៉ាក់សាំង​នេះ​ផងដែរ អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​ថា គេ​ត្រូវ​រងចាំ​ដល់​ពាក់កណ្តាល​ឆ្នាំក្រោយ​ទើប​វ៉ាក់សាំង​ដែល​កំពុង​អភិវឌ្ឍ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ និង​មាន​វត្តមាន​ក្នុង​ទីផ្សារ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com