COVID-19
អន្តរជាតិ
WHO ដាស់តឿន​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ឲ្យ​ចាត់វិធានការ​ខ្លាំងក្លា​ប្រឆាំង COVID-19
18, Mar 2020 , 10:43 am        
រូបភាព
អ្នកស្រីវេជ្ជបណ្ឌិត Poonam Khetrapal Singh ប្រធានតំបន់ WHO ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍
អ្នកស្រីវេជ្ជបណ្ឌិត Poonam Khetrapal Singh ប្រធានតំបន់ WHO ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍
ដោយ:
​អង្គការ​សុខភាព​ពិភពលោក (WHO) ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដាក់ចេញ​ចំណាត់ការ​ខ្លាំងៗ​ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​សាយ​ភាព​យ៉ាង​លឿន​របស់ COVID-19 ។ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ព្រមាន​ថា ប្រទេស​ខ្លះ​កំពុង​ឆ្ពោះទៅរក​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ជា​លក្ខណៈ​សហគមន៍ ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​។

 
​ការឆ្លង​រាលដាល​នៃ COVID-19 បាន​ហក់​ឡើង​យ៉ាងគំហុក​ពាសពេញ​តំបន់​ដែលមាន​ប្រជាជន​ជាង​៦៤០​លាន​នាក់​នេះ ក្នុង​រយពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លើកលែង ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​ពុំបាន​ទាន់​រាយការណ៍​ពី​ករណី​ឆ្លង​។ ការណ៍​នេះ បាន​បង្ខំ​ឲ្យ​ប្រទេស​មួយចំនួន​បានសម្រេច​ដាក់ចេញ​ចំណាត់ការ​ខ្លាំងៗ រាប់​ចាប់ពី​ការបិទ​ព្រំដែន​សម្រាប់​ជនបរទេស​, រឹតត្បិត​ការដើរ​ហើរ​, បិត​សាលារៀន និង​លុបចោល​ព្រឹត្តិការណ៍​កីឡា ជាដើម​។ 
 
​ម្យ៉ាងវិញទៀត វា​ក៏មាន​កង្វល់​លើកឡើង​ផងដែរ​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​នឹង​ពុំមាន​លទ្ធភាព​ទប់ទល់​នឹង​ការរីក​រាលដាល​កាន់តែ​ធំ​បាន​។ 
 
​ទាក់ទិន​រឿងនេះ អ្នកស្រី​វេជ្ជបណ្ឌិត Poonam Khetrapal Singh ប្រធាន​តំបន់ WHO ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ គូសបញ្ជាក់ថា​៖«​យើង​ត្រូវ​បង្កើន​កិច្ចប្រឹងប្រែង​ទាំងអស់​ភ្លាមៗ ដើម្បី​បង្ការ​មនុស្ស​ពី​ការឆ្លង COVID-19 កាន់តែច្រើន​ថែមទៀត​»​។ ត្រង់ចំណុច​នេះ អ្នកស្រី អះអាងថា ការឆ្លង​វីរុស​ជា​ចង្កោម​កាន់តែច្រើន កំពុង​ត្រូវបាន​រកឃើញ​។ 
 
​លោកស្រី Singh លើកឡើង​ទៀតថា ខណៈ​ការរក​ឃើញបែបនេះ គឺជា​សូចនាករ​មួយ​នៃ​ភាព​ប្រុង​ជើងការ និង​ប្រសិទ្ធភាព​នៃ​ការតាមដាន​ដិតដល់ វា​ក៏​ជា​សញ្ញា​មួយ​ដែល​តម្រូវ​មាន​កិច្ចប្រឹងប្រែង​ខ្លាំង​ជាង​មុន និង​ការចូលរួម​ពី​សំណាក់​សង្គម​ទាំងមូល​ក្នុង​គោលដៅ​បង្ការ​ការ​រាលដាល COVID-19 ធំ​ជាង​នេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកស្រី​ប្រធាន សង្កត់ធ្ងន់ថា​៖«​ច្បាស់​ណាស់ យើង​ត្រូវ​ការចាត់​ចំណាត់ការ​បន្ថែមទៀត និង​បន្ទាន់​បំផុត​»​។ 
 
​ឆ្លៀត​ក្នុងឱកាស​នេះដែរ អ្នកស្រី Singh គូសបញ្ជាក់ថា វិធានការ​សាមញ្ញ ដូចជា លាង​សម្អាត​ដៃ និង​គម្លាត​ពីគ្នា (Social Distancing) គឺ​ពិត​ជាមាន​សារសំខាន់​បំផុត​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19 និង​អាច​កាត់បន្ថយ​ការឆ្លង​រាលដាល​យ៉ាង​ធំធេង​ផងដែរ​។​
 
​សូមបញ្ជាក់ថា ការ​ដាស់តឿន​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ ធ្វើឡើង​ក្រោយពី​ប្រទេស​ម៉ាឡេស៊ី បាន​ក្លាយជា​ប្រទេស​ដែលមាន​តួលេខ​អ្នក​ឆ្លង COVID-19 ច្រើន​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន​៦៧៣​ករណី​។ ភាគច្រើន​នៃ​អ្នកជំងឺ​ក្នុងប្រទេស​នេះ​គឺជា​ប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សាសនា​ឥស្លាម​មួយ ដែល​បាន​រៀបចំឡើង​កាលពី​ចុងខែ​មុន និង​មាន​ចូលរួម​ជាង​១៦០០០​នាក់​។  
 
កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី នឹងដាក់​បម្រាម​ប្រជាជន​ខ្លួន​ពី​ការចេញដំណើរ​ទៅ​ក្រៅប្រទេស និង​ជនបរទេស​ពី​ការចូលទៅ​ក្នុងប្រទេស​ម៉ាឡេស៊ី រយៈពេល​២​សប្តាហ៍ ដែល​ចូល​ជា​ធរមាន​នា​ពីថ្ងៃ​ពុធ ទី​១៨ ខែមីនា​តទៅ​។ ហើយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ម៉ាឡេស៊ី ក៏បាន​ប្រកាស​ពី​ករណី​ស្លាប់​ដោយសារ COVID-19 ចំនួន​២​នាក់​ដំបូង​របស់ខ្លួន​ផងដែរ ក្នុងនោះ​ម្នាក់​គឺជា​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​សាសនា​។ 
 
​ពលរដ្ឋ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៍​មួយចំនួន ដូចជា សិង្ហ​បុរី ថៃ និង​កម្ពុជា គឺ​សុទ្ធតែ​រងគ្រោះ​ដោយសារ​ព្រឹត្តិការណ៍​ក្នុងប្រទេស​ម៉ាឡេស៊ី​នេះ​។ គិត​មក​ត្រឹម​ថ្ងៃ​ពុធ ១៨ ខែមីនា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ដល់​ជាង​៣០​នាក់​ហើយ ដែល​ក្នុងនោះ​ជិត​២០​នាក់ គឺជា​ខ្មែរឥស្លាម​ដែល​បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សាសនា​នេះ​។​
 
​សូមបញ្ជាក់ថា គិត​មកទល់​ថ្ងៃ​ពុធ​នេះ ម៉ាឡេស៊ី មាន​អ្នក​ឆ្លង ៦៧៣​នាក់ ខណៈ​ស្លាប់ ២​នាក់​, សិង្ហ​បុរី​មាន​អ្នក​ឆ្លង​២៦៦​នាក់​, ហ្វីលីពីន​មាន​អ្នក​ឆ្លង​១៨៧​នាក់ ខណៈ​អ្នកស្លាប់​១៤​នាក់​, ថៃ​មាន​អ្នក​ឆ្លង​១៧៧​នាក់ ខណៈ​អ្នកស្លាប់​ម្នាក់​, ឥណ្ឌូណេស៊ី មាន​អ្នក​ឆ្លង​១៧២​នាក់ ខណៈ​អ្នកស្លាប់​៧​នាក់​, វៀតណាម​មាន​អ្នក​ឆ្លង ៦០​នាក់​, ព្រុយ​ណេ​មាន​អ្នក​ឆ្លង ៥៤​នាក់​, កម្ពុ​ជាមាន​អ្នក​ឆ្លង ៣៥​នាក់​។ ដោយឡែក ឡាវ និង​មី​យ៉ាន់​ម៉ា ពុំទាន់​រកឃើញ​អ្នក​ឆ្លង​៕

Tag:
 WHO
  អាស៊ីអាគ្នេយ៍​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com