COVID-19
ជាតិ
TRC ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​-​អ៊ីនធឺណិត ពង្រឹង​សេវា​ដើម្បី​ធានា​ការហៅ​មក​លេខ​១១៥ និង​ការសិក្សា​តាម​អន​ឡាញ​
18, Mar 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុ (TRC)​ជា​បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត អចល័ត និង​អ៊ីនធឺណិត ឲ្យ​ពង្រឹង​ការផ្ដល់សេវា​ទូរគមនាគមន៍ ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​ជំងឺ​កូ​វីដ​១៩​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ចេញផ្សាយ​ថ្ងៃទី​១៧ មីនា​នេះ​។​


 
​ដើម្បី​សម្រួល​ដល់​ការហៅ​ទូរ​សព្ទ​ទៅ​លេខ ១១៥ របស់​ក្រសួងសុខាភិបាល និង​ការជំរុញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ទាក់ទង​នឹង​ការ​ស្វ័យ​សិក្សា​នៅតាម​ផ្ទះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត អចល័ត និង​អ៊ីនធឺណិត ពង្រឹង​ការផ្ដល់សេវា​ទូរគមនាគមន៍​។​
 
​ក្នុងន័យនេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ណែនាំ​ឲ្យ​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត អចល័ត និង​ទូរគមនាគមន៍​កម្ពុជា ពិនិត្យ និង​ធានាថា អ្នកប្រើប្រាស់​ទូរ​សព្ទ​ចល័ត អចល័ត​ទាំងអស់ អាច​ហៅ​ទៅ​លេខ ១១៥ ដោយ​ឥតគិតថ្លៃ ពី​គ្រប់កន្លែង​ដែលមាន​សេវា​ទូរ​សព្ទ​។ ជាមួយគ្នានេះ ត្រូវ​ចាត់​ឲ្យ​មាន​ជន​បង្គោល​ទទួលខុសត្រូវ ដើម្បី​សម្របសម្រួល​ផ្នែក​បច្ចេកទេស ពិសេស​សម្រាប់​ដំណើរការ​លេខ ១១៥​។​
 
​ចំណែកឯ ប្រតិបត្តិ​ករ​ផ្ដល់​សេវា​ទូរ​សព្ទ និង​អ៊ីនធឺណិត​វិញ ត្រូវ​បង្កើន​ការតាមដាន KPI របស់​ស្ថានីយ​ផ្សាយ​សេវា និង​បណ្ដាញ​ត​ភ្ជាប់ ក្នុងពេល​មានការ​កើនឡើង​ការប្រើប្រាស់​សេវា​ទូរ​សព្ទ និង​អ៊ីនធឺណិត​។ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បន្ថែមថា ប្រតិបត្តិ​ករ​ផ្ដល់​សេវា​ទូរ​សព្ទ និង​អ៊ីនធឺណិត ត្រូវ​ពង្រឹងគុណភាព​សេវា និង​ពង្រីក​សមត្ថភាព​នៃ​ស្ថានីយ​ផ្សាយ​សេវា និង​បណ្ដាញ​ត​ភ្ជាប់​៕

Tag:
 និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com