COVID-19
ជាតិ
សហជីពសាទរការបិទ KTV និង រោងភាពយន្ត តែស្នើឲ្យគិតគូរមនុស្ស៨ម៉ឺននាក់ ដែលត្រូវផ្អាកការងារ
19, Mar 2020 , 1:00 pm        
រូបភាព
សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) បានស្នើឲ្យរាជរដ្ឋាភិបាល ពិនិត្យមើលលទ្ធភាពសម្រាលបន្ទុក កម្មករ និយោជិត ដែលនឹងរងផលប៉ះពាល់ ដោយសារការបិទអាជីវកម្មខារ៉ាអូខេ និងរោងភាពយន្ត។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទទីតាំងខេធីវី និងរោងភាពយន្ត នៅទូទាំងប្រទេស ដើម្បីបញ្ចៀសការរីករាលដាលជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៧ មីនា រហូតស្ថានភាពវិលមកប្រក្រតីវិញ។



ដ្បិតតែស្វាគមន៍ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ប៉ុន្តែ CFSWF ថាកម្មករនិយោជិត ដែលកំពុងបម្រើការនៅក្នុងទីតាំងខេធីវី និងរោងភាពយន្ត នឹងរងការប៉ះពាល់ជីវភាព ដែលមានប្រមាណ៨ម៉ឺននាក់នៅទូទាំងប្រទេស ហើយភាគច្រើនជាស្ត្រី។ 

ក្នុងនាមជាអ្នកធ្វើការផ្ទាល់ជាមួយកម្មករ និយោជិត ដែលកំពុងបម្រើការនៅក្នុងទីតាំងខេធីវី និងរោងភាពយន្ត   CFSWF ស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលលទ្ធភាពគាំពារផ្នែកហិរញ្ញវត្ថុ សម្រាប់តម្រូវការហូបចុកប្រចាំថ្ងៃ និងកន្លែងស្នាក់នៅ ក្នុងអំឡុងពេលអត់មានប្រាក់ចំណូល ដោយស្ថានភាពការរាលដាលជំងឺកូវីដ ១៩ រហូតដល់ស្ថានភាពប្រក្រតីវិញ។

ទន្ទឹមនឹងនេះ CFSWF ក៏ស្នើឲ្យរដ្ឋាភិបាល គាំទ្រលើការព្យាបាលក្នុងករណីដែលបងប្អូនកម្មករនិយោជិត ឬសមាជិកគ្រួសាររបស់ពួកគេមានជំងឺ ព្រោះកម្មករនិយោជិតនៅក្នុងវិស័យនេះ មិនទាន់បានចុះបញ្ជីក្នុងបេឡាជាតិរបបសន្តិសុខសង្គមនៅឡើយ។ ជាមួយគ្នានេះ ការពិនិត្យមើលលើការពន្យារពេលសងបំណុលទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុក្នុងអំឡុងពេលអន្តរកាលនេះ ក៏ស្ថិតក្នុងការស្នើសុំរបស់  CFSWF ទៅរាជរដ្ឋាភិបាលកម្ពុជាដែរ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនងតេឡេក្រាម កាលពីថ្ងៃទី១៧ ខែមីនា ថា ចំពោះរឿងផ្តល់ប្រាក់ខែប៉ុន្មានភាគនោះ គឺអ្នកបម្រើការងារតាម KTV និង រោងភាគយន្ត ត្រូវចរចាគ្នាជាមួយម្ចាស់អាជីវកម្ម។ លោក បន្តថា ក្នុងករណីមានបណ្តឹង ក្រសួង អាចជួយសម្រួលក្នុងការចរចា។ 

យ៉ាងណា អ្នកនាំពាក្យក្រសួងការងារ អះអាងថា យោងតាមច្បាប់ស្តីពីការងារ ការព្យួរការងារដោយប្រធានស័ក្ត ឬមូលហេតុចាំបាច់ណាមួយ គឺនិយោជកឬថៅកែ មិនមានកាតព្វកិច្ចទូទាត់ជូនកម្នករ ក្នុងកំឡុងពេលព្យួរការងារ ឬបិទអាជីវកម្មបណ្តោះអាសន្ននេះឡើយ។

មិនមែនតែខេធីវី និង រោងភាពយន្តទេ ក្លិបកម្សាន្ត ការប្រគំតន្រ្តីសាធារណៈ សាលារៀន សារមន្ទីរ ការជួបជុំក្នុងសាសនា និង ព្រះបរមរាជវាំង ក៏ត្រូវបិទដែរ។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៣៧នាក់ហើយ ដែលឆ្លងកូវីដ-១៩៕



Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com