COVID-19
ជាតិ
លោក ហ៊ុន ម៉ា​នី​៖«​មិនគួរ​បណ្តោយឱ្យ​Covid-19 ផ្លាស់​ប្តូរជីវិត​យើង​ទាំងស្រុង​នោះទេ​»
19, Mar 2020 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
​ចំនួន​នៃ​អ្នក​ផ្ទុក​ជំងឺ Covid-19 បាន​បន្ត​កើនឡើង​។ រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ កំពុង​បន្ត​ចាត់វិធានការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ា​នី បានបង្ហាញ​កង្វល់​ចំពោះ​ស្ថានការណ៍​នេះ តែ​បាន​រំឭក​ប្រជាពលរដ្ឋ​មិនឱ្យ​នាំ​ការបារម្ភ​របស់ខ្លួនរ​ហូត​ដល់​ការភ័យខ្លាច​គ្នា​។​

 
​ចំពោះមុខ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ដែល​កម្ពុជា​កំពុង​រង​ប៉ះពាល់​ដែរនោះ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា បាន​យល់​អំពី​អារម្មណ៍​ខ្វាយខ្វល់​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​សមាជិកគ្រួសារ​របស់​ពួកគេ​។ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក លោក ហ៊ុន ម៉ា​នី លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការយកចិត្ត​ទុក​បែបនេះ​បន្តទៀត​។​
 
​ប៉ុន្តែ​មាន​ចំណុច​មួយ​ដែល​អ្នកតំណាងរាស្ត្រ​រូបនេះ​ចង់​ទាញ​ចំណាប់អារម្មណ៍​សាធារណជន​។ គឺ​ការភ័យខ្លាច​ពេក រហូតដល់​ឈានដល់​ការរើសអើង​។​
 
​នៅក្នុង​សារ​របស់លោក ហ៊ុន ម៉ា​នី គេ​អាច​អាន​ឃ្លា​នេះ​៖«​ទោះជា​យ៉ាងណាក្តី យើង​មិនគួរ​បណ្ដោយឱ្យ​បញ្ហា​នេះ​មក​ផ្លាស់​ប្តូរជីវិត​របស់​យើង​ទាំងស្រុង​នោះដែរ ជាពិសេស​ការ​បែរមក​ខ្លាច​គ្នា និង​ឈានដល់​ការរើសអើង​គ្នា​។ យើង​ជា​ជាតិ​សាសន៍​ដែល​នឹងមិន​ធ្វើ​ដូច្នេះ​ឡើយ​។​»​។ 
 
​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​បញ្ជាក់ថា​«​យើង​នឹង​ឆ្លង​ផុត​គ្រា​លំបាក​នេះ ជាមួយគ្នា​» ដោយ​ពុំបាន​ភ្លេច​ផ្តល់​សារ​គាំទ្រ និង​លើកទឹកចិត្ត​គ្រូពេទ្យ​ដែល​ត្រូវបាន​ចាត់ទុកថា ក្រុម​កងទ័ព​ជួរមុខ​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 នេះ តាមរយៈ​ការព្យាបាល​អ្នកជំងឺ​គ្រប់​ជាតិ​សាសន៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com