COVID-19
ជាតិ
អ្នកនាំពាក្យ​៖ ពន្ធនាគារ​ទាំងអស់ បាន​អនុវត្ត​វិធានការ​តឹងរឹង ដើម្បី​ការពារ​ជំងឺឆ្លង​COVID-19
19, Mar 2020 , 4:40 pm        
រូបភាព
រូបពីគេហទំព័រពីពន្ធនាគារខេត្តកំពង់ធំ
រូបពីគេហទំព័រពីពន្ធនាគារខេត្តកំពង់ធំ
​ភ្នំពេញ​៖ គ្រប់​ពន្ធនាគារ​នៅ​កម្ពុជា បាន​អនុវត្ត​វិធានការ​តឹងរឹង ដើម្បី​ការពារ​ជំងឺឆ្លង​COVID-19 ។ វិធានការ​ទាំងនោះ រួមមាន ការប្រើ​ឧបករណ៍​វាស់​កម្ដៅ ការរក្សា​អនាម័យ និង​ការតាមដាន​ប្រវត្តិ​អ្នក​ចូល​ឃុំ​ថ្មី​ក្នុង​ពន្ធនាគារ​ជាដើម​។


 
​លោក នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ពី​ថ្ងៃទី​១៨ មីនា ឆ្នាំ​២០២០ ថា ការអនុវត្ត​វិធា​ការ​នេះ គឺមាន​រយៈ​ជាង​២​សប្ដាហ៍​មកហើយ ដោយមាន​ការតាមដាន​និង​រាយការណ៍​ជាប្រចាំ លើ​អ្នក​ជាប់ពន្ធនាគារ និង​អ្នក​ចេញចូល​។ លោក សវ​នា ថា​ការធ្វើ​បែបនេះ គឺ​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​Covid-19​។ 
 
«​ក្នុង​ពន្ធនាគារ​បាន​អនុវត្ត​វិធានការ​មួយចំនួន មាន​សម្ភារៈ​សម្រាប់​វាស់​កម្ដៅ សាប៊ូ​លាងដៃ ម៉ាស់ ស្រោមដៃ​សម្រាប់​ការពារ​។ ចំពោះ​ការសួរសុខទុក្ខ​គឺ​ឈប់​ឱ្យ​ជួប​ផ្ទា​ល់ហើយ គឺ​យើង​ឱ្យ​ពួកគាត់​ជួបគ្នា​តាម​កញ្ចក់ ហើយ​ពិនិត្យ​រាល់​អីវ៉ាន់​ដែល​ចេញចូល​។ ចំពោះ​ការដឹកជញ្ជូន​អ្នក​ជាប់ឃុំ​មិន​ចោទ​ជា​បញ្ហា​នោះទេ អ្វីដែល​យើង​ឱ្យ​ក្រុមការងារ​យកចិត្តទុកដាក់​ខ្លួន​គឺ​អ្នក​ជាប់ឃុំ​ថ្មី​។

បើសិន​មាន​កម្ដៅ​ខ្ពស់​និង​ក្អក គឺ​យើង​នឹង​យក​ដាក់​មួយ​ឡែក ហើយ​យើង​នឹង​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល ហើយ​គ្រប់​អ្នក​ចូល​ថ្មី​គឺ​យើង​តែងតែ​សួរនាំ​ពី​ប្រវត្តិ​អំឡុង​២​ទៅ​៣​សប្ដាហ៍​គាត់​ទំនាក់ទំនង​ជាមួយ​អ្នកណាខ្លះ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​អគ្គនាយដ្ឋាន​ពន្ធនាគារ ដោយ​បន្ថែមថា ប្រសិនបើ​ករណី​COVID-19​កើតឡើង គឺ​ខាង​ពន្ធនាគារ​នឹង​ប្រគល់ជូន​ទៅខាង​សុខាភិបាល ដើម្បី​ព្យាបាល​។ 
 
​សូមបញ្ជាក់ថា បុរស​ជាង​៣៤០០០​នាក់​និង​ស្ត្រី​ជាង​២០០០ នាក់​កំពុង​ជាប់ពន្ធនាគារ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នៅក្នុង​សន្និសីទកាសែត​ស្តីពី​ទិសដៅ​និង​ការរីកចម្រើន​របស់​ក្រសួង កាលពី​សប្ដាហ៍​មុន​៕ 

Tag:
 COVID-19
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com