COVID-19៖ ផ្អាក​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ថ្នាល តែ​រក្សា​ប្រាក់​របប​ផ្សេងៗ​នៅ​ដដែល
COVID-19
កីឡាជាតិ
ជាតិ
COVID-19៖ ផ្អាក​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ថ្នាល តែ​រក្សា​ប្រាក់​របប​ផ្សេងៗ​នៅ​ដដែល
19, Mar 2020 , 10:19 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា, រូបភាពពី MoEYS Cambodia
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា, រូបភាពពី MoEYS Cambodia
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​រំសាយ​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ថ្នាល​ជា​បណ្តោះអាសន្ន ដោយសារ​បារម្ភ​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី COVID-19 ខណៈ​អ្នក​ផ្ទុក​ជំងឺ​នេះ​ចេះតែ​បន្ត​កើនឡើង​។ ទោះបី​រំសាយ​ការប្រមូលផ្តុំ តែ​កីឡាករ​ជម្រើស​ថ្នាល​ទាំងនោះ​នៅតែ​ទទួលបាន​ប្រាក់​របប​ប្រចាំខែ និង​ថ្លៃ​អាហារ​ដដែល​។

 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការសម្រេច​ផ្អាក​ការប្រមូលផ្តុំ​ហ្វឹកហាត់ បរិភោគ​អាហារ និង​ស្នាក់នៅ​រួមគ្នា​របស់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​ទាំង​៣២​ប្រភេទ​កីឡា​ជា​បណ្តោះអាសន្ន​ដោយ​មិន​កំណត់​ពេលវេលា​។ ក្រសួង​អប់រំ នឹង​ជួន​ដំណឹង​ពី​ពេលវេលា​នៃ​ការប្រមូលផ្តុំ​ឡើងវិញ​នៅពេល​ក្រោយ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែមថា ការផ្អាក​នេះ​គឺធ្វើឡើង​ដើម្បី​រួមចំណែក​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី COVID-19 ដែល​កំពុង​រាតត្បាត​ស្ទើរ​ពាសពេញ​ពិភពលោក​។ ការផ្អាក​នេះដែរ ធ្វើឡើង​ស្របពេល​ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​រកឃើញ​អ្នក​ផ្ទុក COVID-19 ជា​បន្តបន្ទាប់ ខណៈ​បច្ចុប្បន្ន​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ មីនា នេះ អ្នក​ឆ្លង​បាន​កើនឡើង​រហូតដល់​៣៧​ករណី​។  
 
​ក្រសួង នឹង​ផ្តល់ប្រាក់​របប​ប្រចាំខែ និង​ថ្លៃ​អាហារ​ជូន​កីឡាករ​កីឡាការិនី​ដូច​ធម្មតា ទោះបី​ពួកគេ​ត្រូវបាន​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ជា​បណ្តោះអាសន្ន​ក៏ដោយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ក្រើន​រំ​ឮ​ក​កីឡាករ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាមរយៈ​ការលាង​ដៃ​ជាមួយ​សាប៊ូ អាល់​អុល ឬ​ជែ​ល​ជាប្រចាំ​មុន​ប៉ះពាល់​របស់​អ្វីមួយ​។ 
 
​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​១៨ មីនា ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដាច់ដោយឡែក​មួយទៀត​ផង​ដែរ ដែលមាន​ខ្លឹមសារ​លើក​ពេល​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ដោយ​មិន​កំណត់​ពេលវេលា​។ ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ COVID-19 ក៏​ជា​កម្មវត្ថុ​នៃ​ការលើក​ពេល​រៀបចំ​ការប្រកួត​នេះដែរ​៕ 

Tag:
 ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com