COVID-19៖ ឆ្លង​១០ករណីទៀតនៅកម្ពុជា សរុប៤៧ករណី
COVID-19
ជាតិ
COVID-19៖ ឆ្លង​១០ករណីទៀតនៅកម្ពុជា សរុប៤៧ករណី
19, Mar 2020 , 10:08 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី១៩ ខែមីនា នេះ បាន​ប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន​១០​ករណីទៀតនៅ​កម្ពុជា ក្នុងនោះ​៤ករណីពាក់ព័ន្ធជនជាតិខ្មែរដែលវិលត្រឡប់​ពីពិធីសាសនា​នៅម៉ាឡេស៊ី និង​៦ករណីជាបុរសម៉ាឡេស៊ី​។ សរុបកម្ពុជាមាន​អ្នកឆ្លង៤៧នាក់ហើយ។



ក្នុងចំណោម​១០ករណីថ្មី ២ករណីស្ថិតនៅខេត្តបាត់ដំបង ដែលទាំងនេះជាករណីឆ្លងរបស់ភរិយាពីស្វាមី ដែលបានទៅចូលរួមពិធីបុណ្យសាសនានៅម៉ាឡេស៊ី។ ស្ត្រីម្នាក់មានអាយុ៣៥​ឆ្នាំ ដែលឆ្លងពីស្វាមីអាយុ​៤៥ឆ្នាំ និង​ស្ត្រីម្នាក់ទៀត​អាយុ​៤១ឆ្នាំ​ឆ្លងពីប្តីអាយុ៤២ឆ្នាំ។ ស្ត្រីទាំងពីរដែលជាករណីឆ្លងពីស្វាមីដំបូងបំផុតនោះ ស្ថិតនៅព្យាបាល​ដាច់ដោយឡែកនៅ​មន្ទីរពេទ្យខេត្ត​បាត់ដំបង។

១ករណីនៅខេត្តកណ្តាល កើតលើបុរស​អាយុ​៦០​ឆ្នាំនៅភូមិប៉ារ៉ែន​ក្រោម ឃុំស្វាយប្រទ្រាល ស្រុកស្អាង ដែល​ត្រូវបាន​ដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្ត។ ករណី១ទៀតនៅភ្នំពេញ ជាបុរសអាយុ​៣៤​ឆ្នាំ ដែលមកធ្វើការ​ងារសាសនា​នៅព្រះវិហារឥស្លាម២ ទៅ៣ថ្ងៃនៅឃុំព្រែក​ប្រា សង្កាត់ច្បារអំពៅ១។ គាត់ត្រូវបាន​ដាក់នៅ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​ចាក់អង្រែក្រោម។

៦ករណីទៀតនៅកំពង់ចាម ដែល​សុទ្ធតែ​ជាជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ, ៣៤ឆ្នាំ, ៣៤ឆ្នាំ, ៥៨ឆ្នាំ និង​៦២ឆ្នាំ។ ពួកគាត់ជាអ្នក​ធ្វើការងារសាសនាតាមភូមិ ហើយ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ស្រុកកងមាស។

មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន​៤៧ករណីហើយ ដែលក្នុងនោះមាន​ ចិន១រូប (សះស្បើយ) អង់គ្លេស​៣នាក់ (ពីនាវា Viking Cruise) បារាំង២នាក់ (ក្មេងអាយុ៤ខែម្នាក់), កាណាដា១នាក់ បែលហ្ស៊ិក១នាក់ ម៉ាឡេស៊ី​១១នាក់ ខ្មែរ២៨នាក់ ដោយក្នុងនោះ​២៣នាក់ ជាអ្នកដែលទើបវិល​ត្រឡប់ពីបុណ្យសាសនានៅម៉ាឡេស៊ី ខណៈស្ត្រី២នាក់ឆ្លងបន្តពីស្វាមី៕

© រក្សាសិទ្ធិដោយ thmeythmey.com