COVID-19
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោងផ្អាកមិនឲ្យមានអ្នកទៅសួរសុខទុក្ខអ្នកជាប់ឃុំ
20, Mar 2020 , 2:00 pm        
រូបភាព
រូបពី​អគ្គនាយកដ្ឋាន​ពន្ធនាគារនៃ​ក្រសួង​មហាផ្ទៃ
រូបពី​អគ្គនាយកដ្ឋាន​ពន្ធនាគារនៃ​ក្រសួង​មហាផ្ទៃ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាប់អ្នកសែតថា រដ្ឋាភិបាល កំពុងពិចារណាពីការផ្អាកជាបណ្តោះអាសន្ន មិនឲ្យមានអ្នកណា ទៅសួរសុខទុក្ខអ្នកជាប់ឃុំនៅពន្ធនាគារ ដោយបារម្ភថា ខ្លាចអ្នកនោះ មានវីរុសកូវីដ-១៩ ហើយឆ្លងទៅដល់អ្នកជាប់ឃុំ។



ក្រោយចាកចេញពីកិច្ចប្រជុំស្តីពីការត្រៀមវិធានការបន្ទាន់សម្រាប់ទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ រដ្ឋមន្រ្តីមហាផ្ទៃរូបនេះ ថ្លែងដូច្នេះថា៖«...ពន្ធនាគារ យើង ក៏មានវិធានការ ដើម្បីការពារដែរ ធ្វើម៉េចកុំឲ្យឆ្លងដល់អ្នកកំពុងជាប់ឃុំ។ កាលណា ឆ្លងដល់អ្នកជាប់ឃុំ វាអាចមានបញ្ហាស្មុគស្មាញច្រើន។ ចំពោះមុខ យើងខ្ញុំ កំពុងពិចារណាថា តើអាចហ្នឹង សុំផ្អាកបណ្តោះអាសន្ន ចំពោះអ្នកដែលទៅសួរសុខទុក្ខ ទោះបីអ្នកណាក៏ដោយ យើង ផ្អាកជាបណ្តោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ ឧទារហរណ៍អ៊ីចឹង»។

លើសពីនេះ សម្តេចរដ្ឋមន្រ្តី ដែលមានតួនាទីជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ម្នាក់ដែរនោះ បន្ថែមថា រដ្ឋាភិបាល ក៏បានគិតគូរចំពោះអ្នកជាប់ឃុំថ្មីឬអ្នកដែលទើបត្រូវចាប់ខ្លួនដែរ ដោយពិចារណាថា ត្រូវដោះស្រាយនិងរៀបចំទុកដាក់ពួកគេយ៉ាងម៉េច ដើម្បីកុំឲ្យឆ្លងដល់អ្នកជាប់ឃុំចាស់។

លោក ខៀ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើកឡើងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីសប្តាហ៍មុនថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបប្រមាណ៣,៧ម៉ឺននាក់ ដោយក្នុងនោះ មានស្រ្តីជាង២ពាន់នាក់។

សូមរម្លឹកថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញមនុស្ស៤៧នាក់ហើយ ដែលឆ្លងកូវីដ-១៩៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com