COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖ ឡានដឹកទំនិញជិត៤រយគ្រឿងពីកម្ពុជា ជាប់នៅត្រពាំងផ្លុង ព្រោះវៀតណាមមិនឲ្យចូល
20, Mar 2020 , 3:00 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា ពាណិជ្ជកម្មនិងការដឹកជញ្ជូនទំនិញទៅមករវាងកម្ពុជានិងវៀតណាម តាមផ្លូវគោកទាំងអស់ នៅតែមានប្រក្រតីភាពជាធម្មតា ដោយមានបញ្ហាតិចតួចនៅច្រកត្រពាំងផ្លុងខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ ប្រទេសវៀតណាម ព្រោះវៀតណាម បិទច្រកមិនឲ្យរថយន្តដឹកនំនិញពីកម្ពុជា ចូលទៅ។



រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អ្នកកាសែត ក្រោយចេញពីកិច្ចប្រជុំស្តីពីការត្រៀមវិធានការបន្ទាន់សម្រាប់ទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«...ឡានដឹកទំនិញយើងជិត៤រយគ្រឿង នៅកកស្ទះ តែមកដល់ពេលនេះ បានដោះស្រាយបណ្តើរៗហើយ តាមរយៈការជួបប្រជុំរវាងគយកម្ពុជានិងវៀតណាម ហើយក៏បានដោះស្រាយជាបន្តបន្ទាប់។ ច្រកផ្សេងទៀតអត់មានបញ្ហាទេ»។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជា សម្រេចបិទគ្រប់ច្រកជាមួយវៀតណាម ទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ប្រទេសទាំងពីរ ដោយខ្លាចរាលដាលវីរុសកូវីដ-១៩។ កម្ពុជា សម្រេចបែបនេះ គឺបន្ទាប់ពីវៀតណាម សម្រេចបិទព្រំដែនគោកមុន ដោយមិនបានជូនដំណឹងមកកម្ពុជា។

នៅថ្ងៃទី១៩ ខែមីនា ម្សិលមិញ អាជ្ញាធរកម្ពុជានិងវៀតណាម ជួបពិភាក្សាគ្នា ហើយក៏សម្រេចថា ការដឹកជញ្ជូនទំនិញចូលប្រទេសទាំងពីរ នៅតែបន្តជាធម្មតា ទោះជាមានការហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលក្តី។

អត្ថបទទាក់ទង


វិធានការរបស់កម្ពុជានិងវៀតណាម មានបំណងដូចគ្នា គឺទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩។ គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ដូចគ្នា កម្ពុជា មានមនុស្ស៤៧នាក់ហើយ ដែលឆ្លងកូវីដ-១៩ ខណៈវៀតណាម មាន៨៥នាក់។ ប្រទេសទាំងពីរ មិនទាន់មានករណីស្លាប់ ដោយសារកូវីដ-១៩ នោះទេ៕

Tag:
 COVID-19
  ស ខេង
  កម្ពុជា-វៀតណាម
  ទំនិញ
 
© រក្សាសិទ្ធិដោយ thmeythmey.com