សម្តេច ហ៊ុន សែន​៖«​រដ្ឋាភិបាល នឹង​ខិតខំ​ធ្វើ​គ្រប់យ៉ាង ដើម្បី​ការពារ​ជីវិត​ពលរដ្ឋ​»
COVID-19
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖«​រដ្ឋាភិបាល នឹង​ខិតខំ​ធ្វើ​គ្រប់យ៉ាង ដើម្បី​ការពារ​ជីវិត​ពលរដ្ឋ​»
20, Mar 2020 , 10:39 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងសារក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ាន ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងសារក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ាន ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ (រូបពី AFP)
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ការតាំង​ចិត្ត​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ការពារ​ប្រជាពលរដ្ឋ ខណៈ​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា ចេះតែ​កើនឡើង​បន្តិច​ម្តងៗ​។ ការតាំង​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល គឺរំលេចឡើង​ក្នុង​សារ​ស្តីពី​ការកំណត់​ទីតាំង​ទទួល​ថវិកា​ពី​សប្បុរសជន ដែល​បរិច្ចាគ សម្រាប់​ប្រើប្រាស់​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩​។


 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​សរសេរ​ក្នុង​សារ ដែល​ចេញ​នៅ​ល្ងាច​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ដោយបាន​ជំនួយ​ដែល​នឹងត្រូវ​បានផ្តល់ [​ពី​សប្បុរសជន​] រាជរដ្ឋាភិបាល នឹង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​សង្គ្រោះ​និង​ការពារ​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​»​។ 
 
​បើតាម​សារ​នោះ មា​នទី​តាំងពីរ ដែល​សប្បុរសជន អាច​ទៅ​បរិច្ចាគ​ថវិកា គឺ​នៅ​ទីស្តីការក្រសួង​សុខាភិបាល និង នៅ​ខុទ្ទកាល័យ​របស់​នាយករដ្ឋមន្ត្រី​ផ្ទាល់ ដោយមាន​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ និង​មន្ត្រី​មួយចំនួនទៀត រង់ចាំ​ទទួល​។ គេ អាច​ហៅ​ទូរស័ព្ទ​ទៅ​លោក សេង ទៀង តាម​លេខ ០១២ ៩៦១ ៩៧១​។ 
 
​ក្នុង​សារ​នោះ​ដដែល សម្តេចនាយក​រដ្ឋមន្ត្រី បាន​រម្លឹក​ពី​គុណូបការៈ​របស់​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រី ដែល​បាន​ប្រោស​ព្រះរាជ​ទ្រព្យ​៣​សែន​ដុល្លារ​ដល់​រដ្ឋាភិបាល សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ ហើយក៏​បាន​លើកឡើងពី​ទឹកចិត្ត​មនុស្ស​ធម៌របស់​សប្បុរសជន​មួយចំនួនផងដែរ ដែល​បាន​បរិច្ចាគ​ថវិកា​រួចមកហើយ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​យប់​ថ្ងៃទី២០ ​ ខែមីនា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​មនុស្ស​៥១នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ ដោយក្នុងនោះ បុរសជនជាតិចិន ដែលរកឃើញមុនគេថា មានវីរុសកូវីដ-១៩ បានជាសះស្បើយវិញ​។ ការកើនឡើង​នៃ​ចំនួន​អ្នក​ឆ្លង​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មកា​រ​ជាតិ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ដឹកនាំ​ដោយផ្ទាល់ ក្នុងឋានៈ​ជា​ប្រធាន​៕  
 

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com