COVID-19
អន្តរជាតិ
Google ឧទ្ទិស​ដល់​វេជ្ជបណ្ឌិត​ហុង​គ្រី​ដែល​រកឃើញ​ពី​ប្រយោជន៍​នៃ​ការ​លាងដៃ​
21, Mar 2020 , 9:41 am        
រូបភាព
ដោយ: ធីតា
តាមរយៈ​កម្មវិធី Doodle របស់ខ្លួន ក្រុមហ៊ុន Google ឧទ្ទិស​ដឹងគុណ​ដល់​វេជ្ជបណ្ឌិត​ហុង​គ្រី Ignaz Semmelweis ដែល​បានលើកឡើង​ពី​សារសំខាន់​នៃ​ការ​លាងដៃ ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង ស្រប​ពេលដែល​បច្ចុប្បន្ន​នេះ ពិភពលោក​ទាំងមូល​កំ​ពុង​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19​។​



​លោក Semmelweis រូប​វិទូ និង​ជា​អ្នកវិទ្យាសាស្ត្រ​ហុង​គ្រី ត្រូវបាន​ចាត់ទុកថា​ជា «​បិតា​គ្រប់គ្រង​ជំងឺឆ្លង​» (Father of Infection Control) ដោយ​លោក​ជា​មនុស្ស​ដំបូង​បំផុត​ដែល​បាន​អះអាងថា ការ​លាងដៃ​ស្អាត នាំ​ឲ្យ​គេច​ផុតពី​ជំងឺឆ្លង​។​

​កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៨៤៧ លោក Semmelweis បានបង្ហាញ​ពី​សារសំខាន់​នៃ​ការ​លាងដៃ ខណៈដែល​លោក​ធ្វើជា​ប្រធាន​គ្លីនិក​ផ្នែក​សម្ភព​មួយ​នៅ​មន្ទីរពេទ្យ Vienna General Hospital ក្នុង​ក្រុង​វី​យែ​ន​។ លោក​បាន​តម្រូវ​ឲ្យ​ពេទ្យ​ទាំងអស់​លាងដៃ​ជាមួយនឹង​សារធាតុ​កំបោរ​ក្លរ​ដើម្បី​កំចាត់​បាក់តេរី​។​

​លោក​បាន​រកឃើញថា វេជ្ជបណ្ឌិត​ជាច្រើន​បាន​ឆ្លង​មេរោគ​ពី​សម្ភារ​ពី​ការវះកាត់​មុនៗ ម្តាយ​ចម្លង​ទៅ​កូន​តាមរយៈ​ការយក​ដៃ​ទៅ​ប៉ះពាល់​ផ្ទាល់​។ គំនិត​នៅពេលនោះ មិនមាន​អ្នកណា​ទទួលយក​ឡើយ ហើយ​ពួកគេ​ចាត់ទុក​លោក Semmelweis ជាម​នុស្ស​ដែលមាន​ការសង្ស័យ​ជ្រុល​។​

​ប៉ុន្តែ​ក្រោយ​ពួកគេ​បានឃើញ​ពី​ប្រសិទ្ធភាព​ដូចជា​ការលើកឡើង​រប​ស់លោក Semmelweis ដោយ​អត្រា​មរណភាព​មាតា និង​ទារក បាន​ថយចុះ​ជា​បន្តបន្ទាប់ ដោយ​ថត​ពី​១៨.២៧​ភាគរយ មក​នៅត្រឹម​១.២៧​ភាគ​ប៉ុណ្ណោះ ចន្លោះ​ពី​ខែមីនា ដល់​ខែសីហា ឆ្នាំ​១៨៤៨​។

​តាម​ឯកសារ​របស់ Encyclopaedia Britannica លោក Semmelweis បាន​បោះពុម្ពផ្សាយ​ពី​វិធីសាស្ត្រ​ការងារ​របស់ខ្លួន​នៅ​ឆ្នាំ​១៨៦១ ហើយ​បាន​បញ្ជូនទៅ​អ្នកជំនាញ​សុខាភិបាល​ល្បីៗ​លើ​ពិភពលោក ប៉ុន្តែ​មិនមាន​អ្នកណា​យល់ស្រប​តាម​លោក​ឡើយ សូម្បីតែ​អាជ្ញាធរ​ក៏​មិន​ទទួលស្គាល់​ទ្រឹស្តី​របស់លោក​នោះដែរ​។​



នៅ​១៨៦៥ លោក​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ លោក​បានទទួល​មរណភាព​ក្នុង​អាយុ​៤៧​ឆ្នាំ ហើយ​បើតាម​ប្រភព​មួយចំនួន មរណភាព​នេះ បង្កដោយ​ជំងឺឆ្លង​ផងដែរ ដោយ​គេ​រកឃើញថា លោក​ត្រូវបាន​គេ​ចម្លង​មេរោគ​ទៅលើ​ស្តាំ​របស់លោក​៕



© រក្សាសិទ្ធិដោយ thmeythmey.com