កម្ពុជា បិទច្រកព្រំដែន៣ ជាមួយថៃ
COVID-19
ជាតិ
កម្ពុជា បិទច្រកព្រំដែន៣ ជាមួយថៃ
21, Mar 2020 , 1:31 pm        
រូបភាព
ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់
ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់
ដោយ: ថ្មីៗ
កម្ពុជា សម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិ៣ នៅតាមជាយខេត្តឧត្តរមានជ័យ ជាមួយនឹងប្រទេសថៃ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និង ច្រកទ្វារព្រំដែនអន្តរជាតិជាំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលចេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។



រដ្ឋបាលខេត្តឧត្តរមានជ័យ  អះអាងថា ការសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិទាំង៣នេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានការជូនដំណឹងពីភាគីថៃ ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាលវីរុសកូវីដ-១៩។

រដ្ឋបាលខេត្តឧត្តរមានជ័យ  បញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ដែលស្ថិតក្នុងស្រុកបន្ទាយអំពិល បានបិទតាំងពីថ្ងៃទី១៩ ខែមីនាមក ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដែលស្ថិតក្នុងក្រុងសំរោង គឺបិទនៅថ្ងៃទី២១ ខែមីនានេះ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលស្ថិតក្នុងស្រុកអន្លង់វែង នៅបើកឲ្យដំណើរការសិន ក្នុងថ្ងៃទី២១ ខែមីនានេះ ហើយនឹងត្រូវបិទនៅថ្ងៃទី២២ ខែមីនា។ ការបិទច្រកទ្វារព្រំដែនអន្តរជាតិទាំង៣នេះ គឺរហូតដល់មានសេចក្តីជូនដំណឹងថ្មី។

សូមរម្លឹកថា កម្ពុជានិងវៀតណាម បានសម្រេចបិទច្រកចេញជាមួយគ្នាទាំងអស់តែម្តង ពោលគឺទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស។ តែកម្ពុជានិងវៀតណាម នៅតែអនុញ្ញាតឲ្យមានការនាំទំនិញចេញចូលជាធម្មតា។

គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កម្ពុជា មានមនុស្ស៥១នាក់ ដែលឆ្លងកូវីដ-១៩ វៀតណាម មានជាង៨០នាក់ ហើយថៃ មានជាង៤០០នាក់។ កម្ពុជានិងវៀតណាម មិនទាន់មានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ នោះទេ តែថៃ មាន១ករណី៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com