COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការដំឡើង​ថ្លៃទំនិញ​ហួសហេតុ​ជា​ទង្វើ​អសីលធម៌ និង​ធ្វើ​ឲ្យ Covid-19 រាលដាល​កាន់តែ​លឿន​
22, Mar 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេលដែល​ជំងឺ Covid-19 ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា គេ​ក៏​សង្កេតឃើញថា​ទំនិញ​មួយចំនួន ដូចជា​គ្រឿង​បរិភោគបាន​ឡើងថ្លៃ ជាពិសេស​ម៉ាស អាល់កុល និង​ទឹក​លាងដៃ​ជាដើម​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ការដំឡើង​ទំនិញ​ក្នុងពេល​បច្ចុប្បន្ន ជា​ទង្វើ​អសីលធម៌​នៅក្នុង​អាជីវកម្ម និង​ជា​សកម្មភាព​ធ្វើ​ឲ្យ ជំងឺ​Covid-19 កាន់តែ​រីក​រាល​កាន់តែខ្លាំង​ថែមទៀត​។​

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង ដូចតទៅ​៖
 
 
​ការដំឡើងថ្លៃ​ម៉ាស ទឹក​អាកុល​លាងដៃ និង​ចំណីអាហារ​ក្នុងពេល​ពលរដ្ឋ​កម្ពុជា​កំពុង​ត្រូវការ​ចាំបាច់ គឺជា​សកម្មភាព​អមនុស្សធម៌ និង​គ្មាន​សីលធម៌​ក្នុង​អាជីវកម្ម ព្រមទាំង​ជា​ទង្វើ​ជំរុញ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​វីរុស Covid-19​។ នេះ​ជាការ​លើកឡើង​របស់លោក ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ទស្សនវិជ្ជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។ បើតាម​អ្នកជំនាញ​រូបនេះ ក្នុង​គ្រា​មាន​អាសន្ន​ដូច្នេះ អាជីវករ មិនគួរ​ដំឡើង​ថ្លៃទំនិញ​ចាំបាច់​ទាំងនេះ​នោះទេ ព្រោះ វា​នឹងធ្វើ​ពលរដ្ឋ​ក្រីក្រ មិនមាន​លទ្ធភាព​ទិញ ដែល​វា​ងាយ​ធ្វើ​ឲ្យ​ពួកគេ​ឆ្លង​មេរោគ Covid-19 នេះ​។ 
 
​លោក​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ការដំឡើងថ្លៃ​ហួសហេតុ​នេះ វា​បង្ហាញ​ឲ្យ​ឃើញថា អា​ជីករ​មួយចំនួន​នោះ មិនមាន​សមានចិត្ត និង​សីលធម៌​ក្នុង​ខ្លួន​សោះ មានន័យថា ឲ្យ​តែ​ឃើញ​ឱកាស​ណា ដែល​អាច​ឆក់យក​ប្រយោជន៍ និង​ចំណេញ​ច្រើន​លើសលប់ គាត់​ធ្វើ​តែម្តង​។ មួយវិញទៀត នៅក្នុង​សង្គម វា​ជា​បណ្តាញ ជា​អន្តរ​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​។ នៅពេល​គាត់​លក់​ថ្លៃ​ពេក អ្នកក្រ​ប្រឈមមុខ​មុនគេ ដោយសារតែ​គាត់​គ្មាន​លុយ​។ ពេល​ពួកគាត់​គ្មាន​ម៉ាស​ពាក់ វា​ជា​ផ្នែក​មួយ​នៃ​ហា​នី​ភ័យ​នៃ​ការចម្លង​រាលដាល​វីរុស​ពី​គេ​មក​គាត់​ពី​គាត់​ទៅ​គេ ដល់ពេល​ឆ្លង​ចុះ​ឆ្លង​ឡើង ចុងក្រោយ វា​នឹង​ឆ្លង​ទាំងអស់ រួមទាំង​អ្នកលក់​ម៉ាស ថ្ងៃ​ណាមួយ​វា​នឹង​ឆ្លង​ដល់​គាត់​ដែរ​។ ធម្មតា អ្នករកស៊ី តែង​ចង់​ចំណេញ តែ​គួរតែ​ដំឡើង​ក្នុង​កម្រិត​ណាមួយ​ដែល​អាច​ទទួលយកបាន​»​។​
 
​លោក​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង បន្តថា ការឡើង​ថ្លៃ​ម៉ាស ទឹក​អាកុល និង​គ្រឿង​បរិភោគ​នេះ មាន​មូលហេតុ​២​។ ទីមួយ សម្ភារ​ទាំងនេះ បាន​ដំឡើងថ្លៃ​ចេញពី​រោងចក្រ​តែម្តង​។ ទី​ពីរ អា​ជីករ មានបំណង​ដំឡើងថ្លៃ​ដោយ​ខ្លួនឯង បើទោះបីជា​ម៉ាស និង​អាកុល​ទាំងនោះ ពួកគេ​ទិញ​ទុក​ក្នុងតម្លៃ​ទាប​តាំងពី​យូរ​មកហើយ​។ 
 
​អ្នកជំនាញ​ផ្នែក​សីលធម៌​រូបនេះ បានស្នើ​ឲ្យ​អាជីវករ​មាន​សមានចិត្ត​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ព្រោះ នេះ​ជា​ពេលដែល​វីរុស​រីក​រាលដាល ដែលជា​ឱកាស​យើង​គួរតែ​ចេះ​ជួយ​គ្នា​ជាជាង​កេងចំណេញ​ហួសហេតុ​។ លោក​បន្ត​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​នៅពេល​មាន​ហា​នី​ភ័យ គ្រោះថ្នាក់ ឬ​គ្រោះអាសន្ន អ្នកមាន​សីលធម៌ គឺ​គេ​ជួយ​គ្នា​តាម​លទ្ធភាព​ដែល​អាចជួយ​ទៅបាន​។ ហើយ​អ្នក​ដែលមាន​សីលធម៌ ហើយ​មាន​ទាំង​លទ្ធភាព មាន​ធនធាន គាត់​អាច​ប្រើប្រាស់​ឱកាស​ដែលមាន​អ្នកត្រូវការ មាន​អ្នក​ខ្វះខាត​នេះ យើង​អាច​លះបង់​ទាំង​ទឹកចិត្ត ទាំង​កម្លាំងកាយ ទាំង​ទ្រព្យ​សម្ភារ​ជួយ​ដល់​អ្នក​ខ្វះខាត​នោះបាន​»​។ 
 
​ទន្ទឹមគ្នា​នឹង​ការស្នើសុំ​ឲ្យ​អាជីវករ កុំ​ដំឡើង​ថ្លៃទំនិញ​ហួសហេតុ​នោះ អ្នកសិក្សា​ស្រាវជ្រាវ​រូបនេះ ក៏​អំពាវនាវ​ដល់​អ្នកមាន​ទ្រព្យសម្បត្តិ​ទាំងឡាយ មេត្តាជួយ​ដល់​អ្នកក្រីក្រ តាមរយៈ​ការបរិច្ចាគ​សម្ភារ​មួយចំនួន ដូចជា ម៉ាស ទឹក​អាកុល និង​គ្រឿង​បរិភោគ ដើម្បី​ជួយ​គ្នា​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19​នេះ​៕      
 

Tag:
 Covid-19
 ​សីលធម៌​
 ​តំឡើងថ្លៃ​
 ​ម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com