ផ្តើម​ពី​ព្រះមហាក្សត្រ សប្បុរសជន​កាន់តែច្រើន នាំគ្នា​បរិ​ចា្ច​គ​ថវិកា សម្រាប់​ប្រឆាំង​កូ​វីដ​-១៩
ជាតិ
សង្គមជាតិ
ផ្តើម​ពី​ព្រះមហាក្សត្រ សប្បុរសជន​កាន់តែច្រើន នាំគ្នា​បរិ​ចា្ច​គ​ថវិកា សម្រាប់​ប្រឆាំង​កូ​វីដ​-១៩
21, Mar 2020 , 2:59 pm        
រូបភាព
ព្រះមហាក្សត្រ និង ព្រះមហាក្សត្រី ត្រៀមយាងឡើងជិះរថភ្លើងជាលើកដំបូង ធ្វើដំណើរពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដោយមានសម្តេចនាយករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត អមដំណើរ (រូបពី AFP)
ព្រះមហាក្សត្រ និង ព្រះមហាក្សត្រី ត្រៀមយាងឡើងជិះរថភ្លើងជាលើកដំបូង ធ្វើដំណើរពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដោយមានសម្តេចនាយករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត អមដំណើរ (រូបពី AFP)
​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម​ សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​១​សែន​ដុល្លារ ហើយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ប្រោស​ប្រទាន​២​សែន​ដុល្លារ ដល់​រដ្ឋាភិបាល ដើម្បី​ទុក​ចំណាយ​លើ​ការទប់ស្កាត់​និង​ការប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។


 
​ក្រោយ​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រី ប្រទាន​ព្រះរាជ​ទ្រព្យ​ហើយ សេដ្ឋី ឧកញ៉ា អ្នកមានទ្រព្យ រួមទាំង​សប្បុរសជន​នានា ក៏​ចាប់ផ្តើម​នាំគ្នា​បរិច្ចាគ​ថវិកា​ជា​ហូរហែ ជូន​ដល់​រដ្ឋាភិបាល​។ ក្នុងចំណោម​អ្នក​ទាំងនោះ មានដូចជា ឧកញ៉ា ហុង ពា​វ និង អតិថិជន​របស់គាត់ បរិច្ចាគ​២​លាន​ដុល្លារ ឧកញ៉ា គិត ម៉េង បរិច្ចាគ​៥​សែន​ដុល្លារ ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគ​៥​សែន​ដុល្លារ រួមទាំង​អ្នក​ផ្សេងទៀត​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រី ដើម្បី​ថ្លែង​អំណ​អរ​ព្រះ​គុណ​ព្រះអង្គ​ទាំង​ទ្វេ ដែល​បាន​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ ដល់​រដ្ឋាភិបាល សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​សរសេរ​លិខិត​អរគុណ​ជា​បន្តបន្ទាប់ ទៅកាន់​សប្បុរសជន​នានា ចំពោះ​ទឹកចិត្ត​មនុស្សធម៌​របស់​ពួកគេ ក្នុងការ​បរិច្ចាគ​ថវិកា​ជូន​រដ្ឋាភិបាល​។ 
 
​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ ម្សិលមិញ សម្តេចនាយក​រដ្ឋមន្ត្រី បានចេញ​សារ​មួយ ស្តីពី​ការកំណត់​តាំងពីរ​កន្លែង សម្រាប់​ឲ្យ​សប្បុរសជន​ទៅ​បរិច្ចាគ​ថវិកា​។ ទីតាំង​ទាំងពីរ​នោះ គឺ​នៅ​ទីស្តីការក្រសួង​សុខាភិបាល និង នៅ​ខុទ្ទកាល័យ​របស់​នាយករដ្ឋមន្ត្រី​ផ្ទាល់ ដោយមាន​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ និង​មន្ត្រី​មួយចំនួនទៀត រង់ចាំ​ទទួល​។ 
 
​បើ​មិនបាន​ទៅ​ផ្ទាល់ គេ អាចទាក់ទង​ទៅ​មន្ត្រី​ក្រសួងសុខាភិបាល​៤​នាក់ ដែលមាន​ភារកិច្ច​ទទួល​ថវិកា​ពី​សប្បុរសជន តាមរយៈ​លេខ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, និង​០១២ ៧៧៦ ៥៧៨ ឬ​អាច​ហៅ​ទូរស័ព្ទ​ទៅ​លោក សេង ទៀង តាម​លេខ ០១២ ៩៦១ ៩៧១​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ នៅ​កម្ពុជា មាន​មនុស្ស​លើសពី​១​ពាន់​នាក់​ហើយ ដែល​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ ដោយ​ក្នុងនោះ មាន​៥១​នាក់ មាន​លទ្ធផល​វិជ្ជមាន​។ ការកើនឡើង​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជំរុញ​ឲ្យ​រដ្ឋាភិបាល បង្កើត​ក្រុមការងារ​ថ្មី​មួយ ហៅថា គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែលមាន​នាយករដ្ឋមន្ត្រី ជា​ប្រធាន​៕
 

Tag:
 ព្រះមហាក្សត្រ​
  សប្បុរសជន​
  បរិច្ចាគ​ថវិកា​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com