មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ហាម​គ្រូថ្នាំ​យក​ឱសថ​បុរាណ​ព្យាបាល​ជំងឺ​កូ​វីដ​១៩
COVID-19
ជាតិ
មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ហាម​គ្រូថ្នាំ​យក​ឱសថ​បុរាណ​ព្យាបាល​ជំងឺ​កូ​វីដ​១៩
21, Mar 2020 , 9:59 pm        
រូបភាព
​សៀមរាប​៖ ការស្នើសុំ​ប្រើប្រាស់​ឱសថ​បុរាណ ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ត្រូវបាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បដិសេធ​។ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ពន្យល់ថា ការជ្រើសរើស​ការព្យាបាល​បែបនេះ គ្មាន​បច្ចេកទេស និង​លក្ខណៈ​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ​។​

 
​ក្នុង​លិខិត​មួយច្បាប់​ចុះ ថ្ងៃទី​១៧ មីនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បាន​ឆ្លើយតប​ទៅនឹង​សំណើ​របស់​គ្រូឱសថបុរាណ ដែល​សុំ​យក​ឱសថ​ខ្លួន ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។ មន្ទីរ​សុខាភិបាល​បាន​បដិសេធ និង​ពន្យល់ថា ជំងឺ​នេះ​ជា​ជំងឺឆ្លង​សកល និង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ពី​សហគមន៍​ទៅ​សហគមន៍ និង​ពី​តំបន់​ទៅ​តំបន់ ដូច្នេះ​ការព្យាបាល​ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ និង​ទទួល​ការព្យាបាល​បែប​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ​។ 
 
​លោក ក្រុស សារ៉ាត់ ពន្យល់​ទៀតថា ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល មិន​អនុញ្ញាត​ចំពោះ​ការព្យាបាល​ដោយ​ប្រើ​ឱសថ​បុរាណ​ឡើយ និង​បាន​ជំ​រុញឱ្យ​អ្នកជំងឺ​ដែល​សង្ស័យ ប្រញាប់​រាយការណ៍​ទៅ​ភ្នាក់ងារ​សុខាភិបាល ឬ​ទាក់ទង​ទៅ​លេខ ១១៥​។ ករណី​មិន​អនុវត្តន៍​តាម​ការណែនាំ មន្ទីរ​សុខាភិបាល​ខេត្ត​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​៕
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com