COVID-19
ជាតិ
ស្រ្តីខ្មែរ២នាក់ និងកូនកាត់ម្នាក់ នៅកូរ៉េខាងត្បូង ឆ្លងកូវីដ-១៩
22, Mar 2020 , 11:05 am        
រូបភាព
ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ជូនដំណឹងជាបឋមលើទំព័រហ្វេសប៊ុកខ្លួនថា នៅថ្ងៃទី២១  ខែមីនា  ឆ្នាំ២០២០  មានស្រ្តីខ្មែរម្នាក់អាយុ២៣ឆ្នាំ បានឆ្លងកូវីដ-១៩ ពីស្វាមីរបស់នាង ជាជនជាតិកូរ៉េ។ ចំណែកស្រ្តីខ្មែរម្នាក់ទៀតអាយុ៤៦ឆ្នាំ ដែលជាម្តាយរបស់នាង និង កូនប្រុស (កូនកាត់) អាយុទើប៣ខែរបស់នាង ក៏ឆ្លងពីស្វាមីដែរ។

 

ស្ថានទូតកម្ពុជា បញ្ជាក់ថា ស្វាមីរបស់នាង បានឆ្លងកូវីដ-១៩ពីក្មួយប្រុសរបស់គាត់ កាលពីថ្ងៃទី៧ ខែមីនា ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ ការចុះផ្សាយរបស់ Fresh News ដែលបានសម្ភាសលោក ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានឲ្យដឹងថា ពិតជាមានករណីនេះមែន។  

បើតាមស្ថានទូតកម្ពុជា ក្រុមគ្រួសាររបស់ពួកគេ ស្ថិតទីក្រុងប៊ូឆុន ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ ស្ថានទូកម្ពុជា អះអាងថា ក្មួយរបស់ស្វាមីជាជនជាតិកូរេ៉នោះ បានឆ្លងវីរុសកូវីដ-១៩ ពីទីក្រុងដេគូ  ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ។

ស្ថានទូតកម្ពុជា សរសេរថា នៅយប់២១ ខែមីនា ក្រុមគ្រូពេទ្យកូរ៉េ  បានបញ្ជូនពួកគាត់ ទៅមន្ទីពេទ្យម៉្យុងជី នៅអ៊ីលសាន ដើម្បីពិនិត្យ និងព្យាបាល។ ស្ថានទូតកម្ពុជា បន្តថា ខ្លួនកំពុងប្រមូលព័ត៌មានច្បាស់ការបន្ថែមទៀត និងសម្របសម្រួលជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៉ីលសានម៉្យុងជី និង អាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ព្រមទាំងកំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ ដេីម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគាត់ នាព្រឹកថ្ងៃទី២២ ខែមីនានេះ។



Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com