កម្ពុជា​-​ថៃ បិទ​ច្រក​ប៉ោយប៉ែត និង​ច្រក​២៣​ទៀត​ជា​បណ្តោះអាសន្ន​
COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា​-​ថៃ បិទ​ច្រក​ប៉ោយប៉ែត និង​ច្រក​២៣​ទៀត​ជា​បណ្តោះអាសន្ន​
22, Mar 2020 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​-​ថៃ បានសម្រេច​រួមគ្នា បិទ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​ទាំង​២៣​ទៀត ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ (COVID-19)​។ នេះ​បើ​យោងតាម​តារាង​បរិច្ឆេទ ស្តីពី​ការបិទ​ច្រកព្រំដែន​ទាំង​២៤ រវាង​កម្ពុជា​-​ថៃ​។

 
​សេចក្ដីប្រកាស​ពី​រដ្ឋបាលខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នឹងត្រូវ​បិទ​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៣ ខែមីនា រហូតដល់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០ ទៅ​។ លោក កែវ វណ្ណ​ថន អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ផ្ញើ​សេចក្តីប្រកាស​នេះ មក​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នា​ថ្ងៃទី​២២ ខែមីនា​។ 
 
​សេចក្ដីប្រកាស​នេះ បញ្ជាក់ថា ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ មិនអាច​ឆ្លងកាត់​បានឡើយ  លើកលែងតែ​យានយន្ត​ដឹកទំនិញ​និង​អ្នកបំរើ​លើ​យានយន្ត ទើប​អាច​ឆ្លងកាត់​បាន​។ 
 
​ចំណែក​ច្រក​ទាំង​២៣​ផ្សេងទៀត ត្រូវ​បិទ​នៅ​ថ្ងៃ​ផ្សេងៗ​គ្នា​។ នេះ​បើ​មើល​តាម​តារាង​កាលបរិច្ឆេទ ស្តីពី​ការបិទច្រក​ព្រំដែន​។  
 


​ច្រកទ្វារ​តំបន់​ជប់​គគីរ និង ច្រកទ្វារ​តំបន់​អានសេះ បាន​បិទ​នៅ​ថ្ងៃទី​១៨ ខែមីនា​។ 
 
​ច្រកទ្វារ​អន្តរជាតិ​ព្រំ (​ប៉ៃលិន​) ច្រកទ្វារ​តំបន់​ពាម​តា ច្រកទ្វារ​តំបន់​២០៣ ច្រកទ្វារ​តំបន់​៤០០ (​សំឡូត​) ច្រកទ្វារ​តំបន់​សែន​ចៅ ច្រកទ្វារ​អូរ​អន្លក់ និង ច្រកទ្វារ​តំបន់​អូរ​រំដួល បាន​បិទ​នៅ​ថ្ងៃទី​២០ ខែមីនា​។ 
 
​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ បានបិទ​នៅ​ថ្ងៃទី​២១ ខែមីនា​។ 
 
​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង ច្រកទ្វារ​តំបន់​ស្ពាន​ជ័យជម្នះ ត្រូវ​បិទ​នៅ​ថ្ងៃទី​២២ ខែមីនា​នេះ​។ 
 
​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ជី ច្រកទ្វារ​តំបន់​ម៉ាឡៃ និង ច្រកទ្វារ​តំបន់​បឹង​ត្រ​កូន នឹងត្រូវ​បិទ​នៅ​ថ្ងៃទី​២៣ ខែមីនា​ស្អែក​នេះ​។ 
 
​ច្រក​៧​ទៀត រួមមាន ច្រកទ្វារ​អន្តរជាតិ​ដូង ច្រកទ្វារ​អន្តរជាតិ​ជាំ (​អន្លង់វែង​) ច្រកទ្វារ​តំបន់​ប្រាសាទ​តាម​ន្ត ច្រកទ្វារ​តំបន់​ថ្ម​ដូន ច្រកទ្វារ​តំបន់​ប្រាសាទព្រះវិហារ ច្រកទ្វារ​តំបន់​តាថាវ ច្រកទ្វារ​តំបន់​ស្បូវ​-​ជាំ​តែ និង ច្រកទ្វារ​តំបន់​មុំ​បី ត្រូវបាន​បញ្ជាក់​ក្នុង​តារាង​កាលបរិច្ឆេទ​នេះ​ថា ទុក​ឲ្យ​ដំណើរការ​សិន ដោយ​មិនទាន់​បង្ហាញ​ព័ត៌មាន​ថា នឹងត្រូវ​បិទ​នៅ​ថ្ងៃ​ណា​នោះទេ (​តែ​ទំនងជា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​)​។ ទោះ​ក្នុង​តារាង​កាលបរិច្ឆេទ​នេះ មិនបាន​បញ្ជាក់​ក្តី តែ​ដោយឡែក ចំពោះ​ច្រកទ្វារ​អន្តរជាតិ​ជាំ ត្រូវបាន​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រកាសថា ត្រូវ​បិទ​នៅ​ថ្ងៃទី​២២ ខែមីនា​នេះ​។ 
 
​រីឯ ជាមួយ​វៀតណាម​វិញ កម្ពុជា សម្រេច​បិទ​ច្រកចេញចូល​ទាំង​៣​តែម្តង គឺ​ទាំង​ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស​។ យ៉ាងណា កម្ពុជា នៅតែ​សហការគ្នា​ក្នុង​ការនាំ​ទំនិញ​ចេញចូល ជាមួយ​វៀតណាម និង ថៃ ដដែល​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០​ទាំងអស់គ្នា កម្ពុជា មាន​មនុស្ស​៥៣​នាក់ ដែល​ឆ្លង​កូ​វីដ​-១៩ វៀតណាម មាន​ជាង​៨០​នាក់ ហើយ​ថៃ មាន​ជាង​៤០០​នាក់​។ កម្ពុជា​និង​វៀតណាម មិនទាន់មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​វីដ​-១៩ នោះទេ តែ​ថៃ មាន​១​នាក់​៕ 

Tag:
 កម្ពុជា​-​ថៃ​
  ច្រក​អន្តរជាតិ​
  ប៉ោយប៉ែត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com