COVID-19
ជាតិ
COVID-19៖ កម្ពុជារកឃើញ៣១ករណីថ្មីទៀតនៅខេត្តព្រះសីហនុទាំងអស់
22, Mar 2020 , 10:23 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នា​យប់​ថ្ងៃអាទិត្យ ទី​២២ ខែមីនា នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ចំនួន​៣១ករណីបន្ថែមទៀត​នៅខេត្តព្រះសីហនុ។ ករណី​ទាំងនេះ​នាំ​ឲ្យ​កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​ចំនួន​៨៤នាក់​ហើយ​។​



ក្នុងចំណោម​៣១ករណី មាន​២៩ករណីជាជនជាតិ​បារាំង​ដែលជាអ្នកទេសចរតាមក្រុមហ៊ុនមួយ។ អ្នកទាំងនោះមាន​ស្ត្រី​១៧នាក់ និង​បុរស​១២នាក់។ រីឯ២ករណីទៀតជាជន​ជាតិខ្មែរអាយុ៣៩ឆ្នាំ និង​៣៣​ឆ្នាំ ដែលជាមគ្គុទេសក៍ឲ្យក្រុមជនជាតិបារាំងទាំងនោះ។

គិតមកដល់ពេលនេះ កម្ពុជាមាន​ករណីឆ្លង COVID-19 សរុប​៨៤ករណី ដែលក្នុងនោះមាន​ប្រុស​៦៣នាក់ ស្រី២១នាក់។ ក្នុងចំណោម​ជនបរទេស បារាំងក្លាយជាចំនួន​ដែលច្រើន​ជាងគេ ហើយបន្ទាប់មកមានម៉ាឡេស៊ី និងអង់គ្លេស។



៥៣​កន្លងមក​នៅ​កម្ពុជា មាន​៖ ភ្នំពេញ ១១​ករណី (​ខ្មែរ​៧, បារាំង​២, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១០​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង​    ​៣ (​ខ្មែរ​៣), ព្រះសីហនុ​៣​ករណី (​បារាំង​២, ចិន​១), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), សៀមរាប ២​ករណី (​ខ្មែរ​២), កណ្តាល ១​ករណី (​ខ្មែរ​១), កោះកុង​    ​១​ករណី (​ខ្មែរ​១)​។​

​ក្នុងចំណោម​៨៤​ករណី បរទេស​មាន៥១​នាក់ និង​ខ្មែរ​៣៣​នាក់។ ២​ករណី​ហើយ​ដែល​ត្រូវបាន​ព្យាបាល​សះស្បើយ ក្នុងនោះ​មាន​ករណី​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ ដែលជា​បុរស​ជនជាតិ​ចិន​ពី​ក្រុង​វូ​ហាន និង​ករណី​ស្ត្រី​អង់គ្លេស​ពី​នាវា Viking Cruise Journey ប្រភពពី​ហូជីមិញ និង​សំចត​នៅ​កំពង់ចាម​៕



© រក្សាសិទ្ធិដោយ thmeythmey.com