COVID-19
ជាតិ
បុរសខ្មែរពីរនាក់ ដែលមានកូវីដ-១៩ ប្រែមកជាលែងមានវិញ
23, Mar 2020 , 4:07 pm        
រូបភាព
 ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តព្រះវិហារ ចុះផ្តល់សេវាថែទាំសុខភាពជូនអ្នកជំងឺកូវីដ-១៩ ដែលនៅដាក់ដោយឡែកពីគេ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ (រូបពីមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ)
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តព្រះវិហារ ចុះផ្តល់សេវាថែទាំសុខភាពជូនអ្នកជំងឺកូវីដ-១៩ ដែលនៅដាក់ដោយឡែកពីគេ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ (រូបពីមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ)
បុរសខ្មែរអាយុ៣៥ និង បុរសខ្មែរអាយុ៣៩ ដែលឆ្លងកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ត្រូវបានក្រុមគ្រូពេទ្យខេត្ត យកសំណាករបស់ពួកគេ ទៅធ្វើតេស្តឡើងវិញ២ដង ហើយលទ្ធផល បង្ហាញថា អវិជ្ជមានទាំង២ដង (មានន័យថា លែងមានវីរុសកូវីដ-១៩)។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។



មន្ទីរសុខាភិបាលខេត្តព្រះវិហារ អះអាងថា ក្រុមគ្រូពេទ្យខេត្ត បានសម្រេចយកសំណាករបស់អ្នកទាំង២ ទៅធ្វើតេស្តជាលើកទី៣ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា។

ការសម្រេចធ្វើតេស្រ្តដល់ទៅ៣លើកនេះ ទំនងជាក្រុមគ្រូពេទ្យ ចង់បានភាពច្បាស់លាស់១០០ភាគរយថា ពួកគេ ពិតជាលែងមានវីរុសកូវីដ-១៩ មែន។ 

បើលទ្ធផលលើកទី៣ នៅវិទ្យាស្ថានប៉ាស្ទ័រ បង្ហាញថា អវិជ្ជមានដែរនោះ គេ អាចសន្មត់ថា ពួកគេទាំង២ បានជាសះស្បើយឡើងវិញ។ វា មិនមែនជាករណីទី១នោះទេ កន្លងមក មានអ្នកជំងឺកូវីដ-១៩ ២នាក់ហើយ ដែលប្រែមកជាលែងមានវីរុស ហើយត្រូវបានក្រសួង ប្រកាសថា ពួកគេ បានជាសះស្បើយវិញ ក្រោយឆ្លងកាត់ព្យាបាលជាង១០ថ្ងៃ។

អ្នកទាំង២នោះ គឺបុរសជនជាតិចិនអាយុ៦០ឆ្នាំ និងស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ។ បន្ទាប់មក អ្នកទាំង២ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

អត្ថបទទាក់ទង


ចំណែកបុរសខ្មែរម្នាក់ទៀតអាយុ៣៨ ដែលឆ្លងកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ត្រូវបានរាយការណ៍ថា មានសភាពធូរស្រាលដែរ។ អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៨ ខែមែនា ថា៖«យើង សង្ឃឹមថា គាត់ នឹងវិវត្តទៅរកភាពល្អប្រសើរ ហើយគាត់ នឹងអាចមានសភាពជាសះស្បើយ ក្នុងពេលខាងមុខ»។

បច្ចុប្បន្ន នៅកម្ពុជា មានអ្នកជំងឺកូវីដ-១៩ ៨៤នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ក្រៅពីមន្ទីរពេទ្យ រដ្ឋាភិបាល បានសម្រេចយកសាលារៀនតាមខេត្ត និងសណ្ឋាគារមួយចំនួន  ធ្វើជាកន្លែងដាក់អ្នកជំងឺកូវីដ-១៩ ជាបណ្តោះអាស្ន៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com