COVID-19
អន្តរជាតិ
សម្ភារ​ទប់ទល់ COVID-19 របស់ ជេ​ក ម៉ា បាន​ទៅដល់​អាហ្វ្រិក​
23, Mar 2020 , 9:19 pm        
រូបភាព
ជេក ម៉ា-AFP
ជេក ម៉ា-AFP
ដោយ:
​សម្ភារ​ការពារ​និង ឧបករណ៍​វេ​ជ្ជា​សាស្ត្រ​ដែលជា​អំណោយ​របស់​មហាសេដ្ឋី​ចិន ជេ​ក ម៉ា បាន​ទៅដល់​រដ្ឋធានី អា​ឌី​សអា​បេ​បា របស់​ប្រទេស​អេ​ត្យូ​ពី កាលពី​ថ្ងៃអាទិត្យ ២២​មីនា​កន្លងទៅ​។

 
​ទ្វីបអាហ្វ្រិក​ដែលមាន ប្រជាជន ១.៣​ពាន់​លាន​នាក់ ទើបតែ​មាន​ករណី COVID-19​ចំនួន ១,១០០ ករណី នៅ​បណ្តា​ប្រទេស​ចំនួន​៤៣ ប៉ុណ្ណោះ ដោយមាន​ករណី​ស្លាប់​ចំនួន​៣៩ ករណី​។​
 
​បើទោះបីជា​ចំនួន​នេះ នៅ​តិច​ក៏ដោយ គេ​មានការ​ព្រួយបារម្ភ​ដោយហេតុថា​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​របស់​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​មាន​សភាព​លំបាក​នៅឡើយ និង​មិនអាច​ទប់ទល់ COVID-19​បានឡើយ​បើសិន​ជាមាន​ករណី​ផ្ទុះ​ជំងឺ​។ 
 
​សេចក្តីប្រកាស​ព័​ត៍​មាន​របស់ មូលនិធិ ជេ​ក ម៉ា ម៉ាស់​ចំនួន ៥,៤​លាន​សន្លឹក ឧបករណ៍​ធ្វើតេស្ត​ចំនួន​១,០៨​លាន​សម្រាប់ និង​ឧបករណ៍​ការពារ​មុខ​ចំនួន ៦០,០០០​សម្រាប់ និង​សម្លៀកបំពាក់​ការពារ​ចំនួន ៤០,០០០​សម្រាប់ ត្រូវបាន​បញ្ជូន​ទៅកាន់​អាហ្វ្រិក​។ សម្ភារៈ​ទាំងអស់នេះ​នឹងត្រូវ​ចែកចាយ​ទៅតាម​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​ទ្វីបអាហ្វ្រិក និង​ទៅ​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយ​ការផ្ទុះ​ជំងឺ​ដំបូង​បំផុត​។ 
 
​នៅតាម​បណ្តាញ​សង្គម Twitter លោក  Abiy Ahmed នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី  បាន​ឲ្យ​ដឹងថា សម្ភារ​ទាំងអស់នោះ​នឹងត្រូវ​បែងចែក​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​។ រដ្ឋមន្ត្រី​សុខាភិបាល​អេ​ត្យូ​ពី​អះអាងថា​ប្រដាប់​ធ្វើតេស្ត​ទាំងនោះ​មាន​សារៈសំខាន់​ណាស់​ដើម្បី​គ្រប់គ្រង​ការផ្ទុះ​រីកសាយ​នៃ​ជំងឺ​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប្រទេស​នៅតាម​បណ្តា​ទ្វីបអាហ្វ្រិក​បាន​ចាត់វិធានការ​តឹងតែង​ក្នុងការ​ធ្វើដំណើរ និង​បិទ​ទីតាំង​សាធារណៈ​។ អង្គការ​សុខភាព​ពិភពលោក បានរៀបចំ​ផែនការ​ដំឡើង​មន្ទីរពេទ្យ ដែល​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ខ្យល់ និង​អុកស៊ីសែន​។ 
 
​ដោយឡែក នៅ​ប្រទេស​កេ​ន​យ៉ា ដែលមាន COVID-19​ចំនួន ១៥ ករណី រដ្ឋាភិបាល​បាន​ហាម​មិន​ឲ្យ​មានការ​ជួបជុំ​បែប​សាសនា ឫ​សង្គម​ឡើយ ហើយ​កំណត់​ឲ្យ​អ្នកចូលរួម​បុណ្យសព​មាន​ត្រឹមតែ​១៥​នាក់​ប៉ុណ្ណោះ ខណៈ​ការហោះហើរ​អន្តរជាតិ និង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃទី​២៥ ខែមីនា​តទៅ​
 
​រីឯ ប្រទេស ម៉ូ​សំ​ប៊ិក​វិញ​បានប្រកាស​ពី​ករណី COVID-19​លើកតំបូង​កាលពី​ថ្ងៃអាទិត្យ​។ ខណៈ​ប្រទេស ម៉ា​ដា​ហ្គា​ស្កា និង លី​បេ​រី​យ៉ា បានប្រកាស​អាសន្ន​សុខភាព​សាធារណៈ​កាលពី​ចុង​សប្តាហ៍​មុន​។ 
 
​ចំណែកឯ​ប្រទេស បូ​គី​ណា​ហ្វា​សូ វិញ​ជា​ប្រទេស​ដែលមាន​ករណី COVID-19 ច្រើន​បំផុត​ដល់​ទៅ ៧៥​ករណី ក្នុងនោះ​រួមមាន​រដ្ឋមន្ត្រី​៤​រូប​ផងដែរ​។ ប្រទេស​សូ​ម៉ាលី បានសម្រេច​បើក​អាកាសយានដ្ឋាន​អន្តរជាតិ​របស់ខ្លួនរ​យៈ​ពេល​២​ថ្ងៃ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ត្រឡប់​ចូល​ស្រុក​វិញ​ពី​ប្រទេស​១៤ ដែល​រងគ្រោះ​ដោយ​ការឆ្លង​។ ប៉ុន្តែ​ពួកគេ នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ពេលមកដល់ នេះ​ជាការ​ថ្លែង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​សូ​ម៉ាលី​៕ 

Tag:
 ​ជេ​ក​ម៉ា​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com