COVID-19
អន្តរជាតិ
អាមេរិក បន្ត​បិទ​រដ្ឋ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ COVID-19
23, Mar 2020 , 6:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
​មួយរយៈ​ចុងក្រោយ​នេះ អាមេរិក​បាន​រងគ្រោះ​យ៉ាងខ្លាំង ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​( COVID-19)​។ នា​ថ្ងៃទី​២២ ខែមីនា អាមេរិក បានប្រកាស​បិទ​រដ្ឋ​មួយចំនួន ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នៃ COVID-19 នៅក្នុង​ប្រទេស ខណៈពេល​រដ្ឋ​មួយចំនួន បានប្រកាស​បិទ​រួចហើយ នា​ថ្ងៃទី​២១ ខែមីនា កន្លងមក​។


 
​តួលេខ​COVID-19 នៅ​អាមេរិក បាន​កើនឡើង​យ៉ាងគំហុក​។ គ្រាន់តែ​ថ្ងៃទី​២២ ខែមីនា អាមេរិក បា​នរក​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​រហូតដល់​ចំនួន ៩៣៣៩​ករណី​ឯណោះ ខណៈពេល​អ្នកស្លាប់​មាន​ចំនួន ១១៧​នាក់​។ តួលេខ​COVID-19 សរុប​នៅ​អាមេរិក បាន​កើន​ដល់ ៣៣៥៤៦​ករណី ខណៈ​អ្នកស្លាប់​បាន​កើន​ដល់ ៤១៩​ករណី​។ ពេលនេះ អាមេរិក បាន​ក្លាយជា​ប្រទេស​មាន​កូ​រ៉ូ​ណា​វីរុស​ច្រើនជាងគេ​លំដាប់​ទី​៣ បន្ទាប់​ចិន និង​អ៊ីតាលី​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អាមេរិក ត្រៀម​រឹតត្បិត​លើ​ការធ្វើដំណើរ និង​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅផ្ទះ នៅក្នុង​រដ្ឋ​ចំនួន ៣​បន្ថែមទៀត ដូចជា រដ្ឋ Ohio រដ្ឋ Louisiana និង​រដ្ឋ Delaware​។ កន្លងមក​អាមេរិក បាន​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​រដ្ឋ​មួយ​មួយចំនួន​ដូចជា រដ្ឋ New York រដ្ឋ California រដ្ឋ Illinois រដ្ឋ Connecticut និង​រដ្ឋ New Jersey រួចមកហើយ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ COVID-19 នៅក្នុង​ប្រទេស​។​
 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ បទបញ្ជា​រឹតត្បិត​នៅក្នុង​រដ្ឋ Ohio នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃ​២៣ ខែមីនា រហូតដល់​ថ្ងៃទី​៦ ខែមេសា​។ ដោយឡែក​សម្រាប់​រដ្ឋ​Louisiana បទបញ្ជា​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៣ ខែមីនា វេលា​ម៉ោង​៥​ល្ងាច​។ ខុសពី​រដ្ឋ Ohio និង​រដ្ឋ Louisiana បទបញ្ជា​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​រដ្ឋ Delaware នឹង​ចូល​ជាធរ​មាននៅ​ម៉ោង​៨​ព្រឹក​នា​ថ្ងៃទី​២៤ ខែមីនា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បន្ថែម​ពីលើ​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ទីភ្នាក់ងារ​គ្រប់គ្រង​បញ្ហា​អាសន្ន​លើ​រដ្ឋ​សហព័ន្ធ​(FEMA) ត្រៀម​ស្ថានីយ៍​វេជ្ជសាស្ត្រ​នៅក្នុង​រដ្ឋ​ចំនួន ៣​ផងដែរ ក្នុងនោះ​មានដូចជា New York, California និង​Washington​។ សម្រាប់​ស្ថានីយ​នៅក្នុង​រដ្ឋ California នឹងមាន​គ្រែ​អ្នកជំងឺ​ចំនួន ២​ពាន់​គ្រែ ខណៈពេល New York និង​Washington មាន​១​ពាន់​គ្រែ​រៀងៗ​ខ្លួន​។ 
 
​ក្រៅពី​វិធានការ​ខាងលើ អាមេរិក ត្រៀម​ពង្រាយ​ទាហាន​របស់ខ្លួន​នៅក្នុង​រដ្ឋ​មួយចំនួន ដើម្បី​ជួយ​សាងសង់​មន្ទីរពេទ្យ​បណ្តោះអាសន្ន និង​ជួយ​ការងារ​មួយចំនួនទៀត ដើម្បី​ទប់ស្កាត់​កា​រីកសាយ​ភាយ​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស​។ លើសពីនេះ អាមេរិក​ក៏បាន​ដាក់​ឲ្យ​ប្រើប្រាស់​នាវា​វេជ្ជសាស្ត្រ សម្រាប់​ដាក់​អ្នកជំងឺ នៅក្នុង​ទីក្រុង Los Angeles ផងដែរ​៕ 

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com