COVID-19៖ កម្ពុជាឡើង​ដល់​៨៧ករណី ដោយស្ត្រីបារាំងដែលមើលថែទាំកូន​អាយុ៤ខែ ក៏ឆ្លងដែរ
COVID-19
ជាតិ
COVID-19៖ កម្ពុជាឡើង​ដល់​៨៧ករណី ដោយស្ត្រីបារាំងដែលមើលថែទាំកូន​អាយុ៤ខែ ក៏ឆ្លងដែរ
23, Mar 2020 , 10:15 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្រសួងសុខាភិបាល នា​យប់​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ចំនួន​៣ករណី​បន្ថែមទៀត​នៅ​កម្ពុជា​។ ១ករណី នៅកោះកុង និង១ករណី​ទៀត​​នៅកំពង់ចាម ត្រូវបាន​ផ្សាយដោយនាយកដ្ឋាន​ប្រយុទ្ធជំងឺឆ្លងរួចហើយ កាលពីពេលព្រឹក។ ដោយឡែកករណីទី៣ គឺជាស្រ្តីបារាំងអាយុ២៨ឆ្នាំ ដែលជាម្តាយទារក​អាយុ៤ខែ​។ គាត់បាន​មើល​ថែទាំកូនដែលមាន COVID-19 រីឯស្វាមីក៏កំពុង​សម្រាកព្យាបាល​ដោយសារ​ជំងឺនេះផងដែរ។



បើតាមសេចក្តីជូនព័ត៌មាន​របស់ក្រសួងសុខាភិបាល ស្ត្រីជនជាតិ​បារាំង ដែលជាភរិយា​របស់​បុរសបារាំងអាយុ​៣៥ឆ្នាំ មាន​លទ្ធផលតេស្តវិជ្ជមាន ដោយគាត់បាននៅថែទាំកូន​ប្រុស​អាយុ​៤ឆ្នាំ ដែលមាន COVID-19 ស្រាប់។ គ្រួសារនេះ បាន​ធ្វើដំណើរពី​ក្រុងប៉ារីស ហើយឆ្លងកាត់​ប្រទេសសិង្ហបុរី។ នៅសិង្ហបុរី បុរសដែលជាប្តី បានធ្វើតេស្ត ប៉ុន្តែ​ខណៈរង់ចាំលទ្ធផល​តេស្ត ពួក​គាត់បាន​ធ្វើដំណើរមកកម្ពុជា ដោយអះអាងថា គ្រូពេទ្យសិង្ហបុរី បានអនុញ្ញាត។ ក្រោយមក កូន​របស់​ពួកគាត់ មាន​លទ្ធផល​វិជ្ជមាន ដោយគ្មានអ្នកមើលថែ​ស្ត្រីដែលជាភរិយា បាន​សម្រេចទៅមើលថែទាំកូន រហូតដល់ឆ្លងខ្លួនឯងទៀត។

រីឯករណីនៅកោះកុង គឺ​បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ ដែលជាអ្នកខេត្តកំពត។ គាត់មិនបានទៅម៉ាឡេស៊ីឡើយ ប៉ុន្តែ​របាយការណ៍​បង្ហាញថា ជាករណីឆ្លងតាម​ការនៅជិតស្និទ្ធជាមួយបុរស​អាយុ​៥៧ឆ្នាំ ដែលមាន​កូវីដ១៩ ក្រោយត្រឡប់ពីពិធីសាសនានៅម៉ាឡេស៊ី។

ចំណែកករណីនៅកំពង់ចាម ជាបុរសអាយុ​៤៥ឆ្នាំ នៅភូមិពាមជីកង ស្រុកកងមាស ដោយបានទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី។ គាត់នៅជាមួយកូនស្រីអាយុ​១១ឆ្នាំ ដែលបច្ចុប្បន្ន​កំពុងរង់ចាំលទ្ធផលតេស្ត។

៨៧​នៅ​កម្ពុជា មាន​៖ ព្រះសីហនុ ៣៤​ករណី (​បារាំង​៣១ ខែ្មរ​២, ចិន​១) ភ្នំពេញ ១២​ករណី (​ខ្មែរ​៧, បារាំង​៣, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១១​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣, ខ្មែរ​១), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង  ៣ (​ខ្មែរ​៣), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), សៀមរាប ២​ករណី (​ខ្មែរ​២),​កោះកុង​២​ករណី (​ខ្មែរ​២), កណ្តាល ១​ករណី (​ខ្មែរ​១)​។​

​ក្នុងចំណោម​នោះ មាន​ខ្មែរ​៣៥​នាក់ (​ស្ត្រី​២​នាក់​), បារាំង​៣៤​នាក់ (​ស្ត្រី​១៨​នាក់​), ម៉ាឡេស៊ី​១២​នាក់​, អង់គ្លេស​៣​នាក់ (​ស្ត្រី​២​នាក់ ក្នុងនោះ​១​នាក់​សះស្បើយ​) កាណាដា​១​នាក់ បែលហ្ស៊ិក​១​នាក់ និង​ចិន​១​នាក់​ដែល​សះស្បើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com