ពីនេះ ពីនោះ
រូបត្លុក
COVID-19៖ បិទ ឬ​មិន​បិទ​? ជម្រើស​ដ៏​លំបាក​រវាង​សុខភាព​មនុស្ស និង​សុខភាព​សេដ្ឋកិច្ច​…!
24, Mar 2020 , 9:05 am        
រូបភាព
ដោយ: ថ្មីៗ
​សុធីរ និង​សំណាង ខាន​មិនសូវ​បាន​ទៅ​ផឹក​កា​ហេ្វ​ជាមួយគ្នា​ឡើយ ព្រោះ ទាំងពីរ​គ្នា​ប្រកាន់ខ្ជាប់​បណ្តាំគ្រូ​ពេទ្យ​ដែលថា ស្ថិត​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា (Physical distancing or social distancing)​ដើម្បី​កាត់បន្ថយ​ការ​រាតត្បាត​មេរោគ​កូ​វីដ​១៩​។ ទោះជា​យ៉ាងនេះ​ក្តី សុធីរ និង​សំណាង នៅតែ​បន្ត​តាមដាន​ទាំងយប់​ទាំង​ថ្ងៃ​ការវិវត្ត​នៃ​មេរោគ​មួយ​នេះ​។ រឿង​សំខាន់​ដែល សុធីរ និង​សំណាង បន្ត​ជជែក​គ្នា​តាម Messenger នៅថ្ងៃនេះ គឺថា តើ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ត្រូវ​ប្រកាន់​ជម្រើស​មួយណា​រវាង​សុខភាព​មនុស្ស និង​សុខភាព​សេដ្ឋកិច្ច​?


 
​សំណាង​៖ អា សុធីរ​! ដើម្បី​កុំ​ឲ្យ​មេរោគ​ហ្នឹង​វា​ឆ្លង​កាន់តែច្រើន តើ​ហេតុអ្វី​គេ​មិន​បិទ​គ្រប់​ទំនាក់ទំនង​មនុស្ស គ្រប់ការ​ចរាចរណ៍ មនុស្ស និង​គ្រប់​សកម្មភាព​សេដ្ឋកិច្ច​តែម្តងទៅ​? 
 
​សុធីរ​៖ អា សំណាង​! បើ​បិទ​ភ្លាម ហើយ​បិទ​ទាំងអស់ វា​មិន​ងាប់​ទៅហើយ​ទេ​អី​! ងាប់​នឹង​អត់​អី​ស៊ី​ហ្នឹង​តែម្តង​។ បិទ​ទាំងអស់ មានន័យថា បិទ​ដំណើរការ​សេដ្ឋកិច្ច​ទាំងមូល​។ បើ​បិទ​ទាំងអស់ គឺ​ស្មើ នឹង​សម្លាប់​សេដ្ឋកិច្ច​។ 
 
​សំណាង​៖ ចុះ​អញ​លឺថា នៅ​អឺរ៉ុប គេ​ប្រកាស​ឲ្យ​ប្រជាជន​ឃុំ​ខ្លួនឯង​នៅក្នុង​ផ្ទះ កុំ​ចេញ​ក្រៅ​។ ហាង​មួយចំនួន​ត្រូវ​បិទទ្វារ​។​ល​។ 
 
​សុធីរ​៖ អា សំណាង​! អ្ហែង​ត្រូវ​មើល​ព័ត៌មាន​ឲ្យ​ច្បា​ស់ណា៎​! ប្រទេស​មួយចំនួន ដូចជា ប្រទេស​បារាំង ឬ​អង់គ្លេស និង​ប្រទេស​ដទៃទៀត គេ​ប្រកាស​ឲ្យ​បុគ្គល​មិនចាំបាច់​ត្រូវ​ស្ថិត​នៅផ្ទះ និង​ប្រកា​សបិទ​តែ​សកម្មភាព​សេដ្ឋកិច្ច​ណា​ដែល​មិនចាំបាច់ ដូចជាហាង​កម្សាន្ត ហាង​ផឹកស៊ី ហាង​ធម្មតា ទៅ​ដើរ​កម្សាន្ត​នៅ​មាត់សមុទ្រ​។​ល​។ មិនមែន​គេ​ប្រកាស​ឲ្យ​បិទ​សហគ្រាស​ទូទៅ​ទេ​។ នៅ​ប្រទេស​បារាំង ផ្សារ​ទំនើប​ធំៗ ឱសថស្ថាន សហគ្រាស​នៅ​បន្ត​បើក​ឲ្យ​ដំណើការ​ធម្មតា​ទេ​។ និយាយ​យ​ជារួម សកម្មភាព​សេដ្ឋកិច្ច​ណា​មិនចាំបាច់ គេ​ប្រកាស​ឲ្យ​បិទ តែ​សកម្មភាព​សេដ្ឋកិច្ច​ណា​ចាំបាច់ ជា​ជ​ន្ទុ​ល​សេដ្ឋកិច្ច គឺ​នៅ​ដំណើរការ​ដដែល​សិន​។ 
 
​សំណាង​៖ ចុះ​នៅ​កម្ពុជា​វិញ​?

​សុធីរ​៖ នៅ​កម្ពុជា រដ្ឋាភិបាល​ប្រកាស​ឲ្យ​បិទ​សាលារៀន ខា​រ៉ា​អូ​ខេ ហាង​កម្សាន្ត​មួយចំនួន​ដែរ​។ តែ​ហាង​ទូទៅ សហគ្រាស ឬ​ក្រុមហ៊ុន មិនទាន់​តម្រូវ​ឲ្យ​បិទ​ទេ​។ ប្រហែលជា​រដ្ឋាភិបាល​នៅ​បន្ត​មើល​ការវិវត្ត​មេរោគ​មួយ​នេះ​សិន​។ 
 
​សំណាង​៖ ចុះ​កន្លែង​ទាំងនោះ​(​រោង​ចក្រ ក្រុមហ៊ុន សហគ្រាស​) មិនមែនជា​ទីតាំង​ចម្លង​មេរោគ កូ​វីដ ១៩​ទេ​ឬ​? 
 
​សុធីរ​៖ វា​អាច​ទីតាំង​ចម្លង​ដែរ​។ ប៉ុន្តែ វា​ទាក់ទង​ទៅនឹង​សកម្មភាព​សេដ្ឋកិច្ច ទាក់ទង​ទៅនឹង​សរ​សៃ​ឈាម​សេដ្ឋកិច្ច​។ ប្រសិនបើ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​បិទ​ទាំងអស់ វា​ស្មើនឹង​ការសម្លាប់​សេដ្ឋកិច្ច​ទាំងមូល ដូច្នេះហើយ ទើប​រដ្ឋាភិបាល​ចាត់វិធានការ​ដោយ​ប្រយ័ត្នប្រយែង​បំផុត ​រវាង​សុខភាព​មនុស្សជាតិ និង​សុខភាព​សេដ្ឋកិច្ច​។ ចាត់វិធានការ​ស្រួល​មិន​ស្រួល មនុស្ស​អត់​ចំណូល អត់​អ្វី​ហូប​ ដោយសារ​គ្រប់គ្នា​គ្មាន​ការងារ​ធ្វើ​ហ្នឹង​ណា៎​។ 
 
​សំណាង​៖ បើ​អញ​ស្តាប់​អ្ហែង រឿងនេះ​មិន​ងាយស្រួល​ទេ​វើ​យ​!
 
​សុធីរ​៖ អើ​! រឿង​និយាយ​វា​ស្រួល​ទេ សុំ​ឲ្យ​បិទ​អានេះ បិទ​អានោះ​។ បិទ​មិន​ពិបាក​ទេ រឿង​ដែល​ពិបាក គឺ​ក្រោយ​បិទ​។ បិទ​មានន័យថា លែង​ឲ្យ​មាន​ផលិតកម្ម​អ្វី​ទាំងអស់​។ បើ​បិទ មានន័យថា មនុស្ស​ទាំងអស់​អត់​ការងារ​ធ្វើ ទាំងអស់គ្នា​អត់លុយ​។ ក្រុមហ៊ុន​អត់លុយ​។ រដ្ឋ​ក៏​អស់​លុយ​។​ ហើយ​នៅ​ទីបញ្ចប់ សេដ្ឋកិច្ច​គាំង​តែម្តង​។ ចំណុច​នេះហើយ ​ដែល​អ្នកសេដ្ឋកិច្ច អ្នកនយោបាយ និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​ នៅ​មិនទាន់​សម្រេច​ថា តើ​ត្រូវ​ដើរ​ផ្លូវ​ណា​! តែ​អ្វីដែល​អាចធ្វើ​បាន​នៅពេលនេះ គឺ​ប្រកា​សបិទ​គ្រប់​សកម្មភាព​ជំនួញ​ណា​ដែល​មិនចាំបាច់​តែប៉ុណ្ណោះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com