COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាឲ្យឆែកឆេរគ្រប់ផ្ទះរកអ្នកចូលប្រទេសក្រោយថ្ងៃទី៨ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក នាកិច្ចប្រជុំមួយ។ រូបភាព VGP
× នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) នៅថ្ងៃទី២៣ ខែមីនា បានបញ្ជាឲ្យអាជ្ញាធរទាំងអស់ ស្វែងរកអ្នកណាដែលចូលទឹកដីវៀតណាមតាំងពីថ្ងៃទី៨ ខែមីនា។ បទបញ្ជានេះ ធ្វើឡើងក្រោយករណីឆ្លង COVID-19 នៅវៀតណាម បានហក់ឡើងខ្ពស់ក្នុងរយៈពេលជិត២០ថ្ងៃចុងក្រោយនេះ។ ប្រមុខរដ្ឋាភិបាលវៀតណាម ក៏បានព្រមានជាថ្មីពីការដាក់ទោសទណ្ឌធ្ងន់ធ្ងរលើអ្នកដែលមិនអនុវត្តតាមវិធានចត្តាឡីស័កផងដែរ។
នាកិច្ចប្រជុំពាក់ព័ន្ធការទប់ស្កាត់ និងគ្រប់គ្រង COVID-19 នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក អះអាងថា រយៈពេល១០ទៅ១៥ថ្ងៃខាងមុខ គឺជាពេលវេលាដ៏សំខាន់សម្រាប់ដែលនឹងកំណត់វាសនារបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងមួយនេះ។ លោក ហ្វុក និយាយបែបនេះ បន្ទាប់ពីករណីឆ្លង COVID-19 នៅវៀតណាម បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល១៧ថ្ងៃចុងក្រោយ ខណៈបានស្ងប់ស្ងាត់មួយរយៈមកនោះ។
បើតាមកាសែតរដ្ឋាភិបាលវៀតណាម GVP គិតត្រឹមថ្ងៃទី២៣ ខែមីនា វៀតណាមមានករណីឆ្លងទាំងអស់១២៣ ក្នុងនោះ១៧នាក់ បានចាកចេញពីមន្ទីរពេទ្យក្រោយព្យាបាលសះស្បើយ។ យ៉ាងណាមិញ វៀតណាម ក៏រំពឹងថា ករណីឆ្លងថ្មីនឹងកើនឡើងថែមទៀត ព្រោះការធ្វើដំណើរតាមផ្លូវអាកាសទៅវៀតណាម ពិសេសមកពីតំបន់ដែលរងការវាយប្រហារដោយ COVID-19 ធ្ងន់ធ្ងរ នៅតែបន្តមានដដែល។
លោកនាយករដ្ឋមន្ត្រី ហ្វុក បានស្នើឲ្យអាជ្ញាធរគ្រប់កម្រិត រឹតបន្តឹងវិធានការដើម្បីទប់ស្កាត់ការរាលដាលថែមទៀត និងបានស្នើឲ្យប្រជាជនវៀតណាមទាំងអស់ចូលរួមក្នុងយុទ្ធនាការនេះផងដែរ។ ជាមួយគ្នានោះ ប្រមុខរដ្ឋាភិបាលវៀតណាម បានបញ្ជាឲ្យបិទសេវាកម្មមិនចាំបាច់ កាត់បន្ថយការប្រមូលផ្ដុំ ក៏ដូចជាស្វែងរកមុខសញ្ញាទាំងឡាយណាដែលសង្ស័យថា មានផ្ទុក COVID-19 និងអ្នកពាក់ព័ន្ធទាំងអស់ផងដែរ។
«នាយករដ្ឋមន្ត្រី ហ្វុក បានបង្គាប់ឲ្យអាជ្ញាធរមូលដ្ឋានរុករកគ្រប់ច្រកល្ហក គ្រប់ផ្ទះដើម្បីស្វែងរកមនុស្សដែលចូលវៀតណាមតាំងពីថ្ងៃទី៨ ខែមីនា ហើយកំណត់អត្តសញ្ញាណអ្នកដែលត្រូវដាក់នៅដោយឡែក ឬមានឆ្លងវីរុសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ។» នេះបើតាមការផ្សាយរបស់កាសែតរដ្ឋាភិបាលវៀតណាមដដែល។
បើតាមរបាយការណ៍ក្រសួងសុខាភិបាលវៀតណាម បច្ចុប្បន្ន អ្នកជំងឺ COVID-19 ដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យវៀតណាម គឺមកពីអង់គ្លេស អាល្លឺម៉ង់ បារាំង អាមេរិក ឡេតូនី ឆែក និងអៀរឡង់។ ដើម្បីទប់ស្កាត់ករណីឆ្លង វៀតណាមបានហាមឃាត់ជនបរទេសទាំងអស់ចូលទឹកដីខ្លួនមួយរយៈ និងបានបិទព្រំដែនជាមួយអ្នកជិតខាងរបស់ខ្លួននផងដែរ៕
Tag:
វៀតណាម
COVID-19
Nguyen Xuan Phuc
© រក្សាសិទ្ធិដោយ thmeythmey.com