COVID-19៖ លោក ទៀ សីហា ស្នើឱ្យ​អាជ្ញាធរ​ពង្រឹង​ការពិនិត្យ​លើ​ពលករ​ជាង​២​ពាន់​នាក់ ដែល​ទើប​ត្រឡប់​ពី​ថៃ​
COVID-19
ជាតិ
COVID-19៖ លោក ទៀ សីហា ស្នើឱ្យ​អាជ្ញាធរ​ពង្រឹង​ការពិនិត្យ​លើ​ពលករ​ជាង​២​ពាន់​នាក់ ដែល​ទើប​ត្រឡប់​ពី​ថៃ​
24, Mar 2020 , 8:39 pm        
រូបភាព
រដ្ឋបាល​ខេត្តសៀមរាប​បាន​ចុះ​ស្រង់​ស្ថិតិ​ចំនួន​ពលករ​ដែល​ទើប​វិល​ត្រឡប់មក​ធ្វើការ​ពី​ប្រទេស​ថៃ និង​ផ្សព្វផ្សាយ​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ការ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ (​រូបភាព​៖ រដ្ឋបាល​ខេត្តសៀមរាប​)

​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា ប្រាប់​ឱ្យ​មន្ត្រី​តាម​បណ្ដា​ក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ផ្សព្វផ្សាយ និង​ពិនិត្យ​តាមដាន​លើ​បញ្ហា​ពលករ​ខ្មែរ ដែល​ទើប​ត្រឡប់​មកពី​ថៃ ដើម្បី​បង្ការ និង​ទប់ស្កាត់​វីរុស​COVID-19​។ បើតាម​រដ្ឋបាល​ខេត្តសៀមរាប ពលករ​ខ្មែរ​ជាង​២​ពាន់​នាក់ នៅ​ថៃ បានមក​ស្រុកកំណើត​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៣ មីនា ក្រោយ​បិទ​ច្រកព្រំដែន​។​

​សូម​ស្ដាប់​សំឡេង​របស់លោក ទៀ សីហា៖ 

​សៀមរាប​ជា​ខេត្ត​មួយ​ដែលមាន​ប្រជាពលរដ្ឋ​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ច្រើនជាងគេ​។ ពលករ​មិន​ក្រោម​ជាង​២​ពាន់​នាក់​ទេ ដែល​រដ្ឋបាលខេត្ត​ប្រមូល​ពី​តាម​បណ្ដា​ស្រុកភូមិ​ទូទាំង​ខេត្ត​។ លោក ទៀ សីហា បាន​ប្រាប់​ទៅ​មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​ផ្សព្វផ្សាយ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ​ទាំងអស់ នៅ​ដាច់ដោយឡែក​ពី​គ្រួសារ​រយៈពេល​១៤​ថ្ងៃ និង​ត្រូវ​ទាក់ទង​ទៅ​មន្ត្រី​សុខាភិបាល​ជាបន្ទាន់​ករណី​សង្ស័យ​ណាមួយ​។ យ៉ាងណា លោក​អភិបាលខេត្ត​ប្រាប់ថា មកដល់ពេលនេះ​មិនទាន់មាន​ករណី​សង្ស័យ​ណាមួយ​លើ​ពលករ​ទាំង​នោះទេ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​២៤ មីនា លោក ទៀ សីហា បញ្ជាក់ថា លោក​បាន​ត្រៀម​បម្រុង​កន្លែង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​រួចហើយ ក្នុងនោះ​មាន​៤​ទីតាំង មាន​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្ត​, អន្តេវាសិកដ្ឋាន​, ផ្ទះ​គ្រូបង្រៀន និង សណ្ឋាគារ​ញូ​រី​វើ​សាយ ដែល​សរុប​ទាំងអស់​មាន​១៤៣​បន្ទប់ ស្មើ​២៨៦​គ្រែ​។ យ៉ាងណា​លោក ទៀ សីហា ប្រាប់ថា ក្រុមការងារ​កំពុង​ព្យាយាម​រៀបចំ​បរិក្ខា​គ្រែពេទ្យ​ឱ្យបាន​ទាន់ពេលវេលា​ក្នុងករណី​មាន​អ្នកជំងឺ​កូ​វីដ​១៩៕
រដ្ឋបាល​ខេត្តសៀមរាប​បាន​ចុះ​ស្រង់​ស្ថិតិ​ចំនួន​ពលករ​ដែល​ទើប​វិល​ត្រឡប់មក​ធ្វើការ​ពី​ប្រទេស​ថៃ និង​ផ្សព្វផ្សាយ​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ការ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ (​រូបភាព​៖ រដ្ឋបាល​ខេត្តសៀមរាប​)

© រក្សាសិទ្ធិដោយ thmeythmey.com