COVID-19
ជាតិ
​មេឃុំ​ប៉ា​តេ រឹតបន្តឹង​ការចេញចូល ដើម្បី​ការពារ​អ្នកភូមិ​ពី​ការ​រាលដាល COVID-19
24, Mar 2020 , 5:02 pm        
រូបភាព
ភ្នំពេញ​៖ មេឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​អនុវត្ត​វិធានការ​រឹតបន្តឹង ចំពោះ​អ្នក​ចេញចូល មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19​។ អាជ្ញាធរ​ឃុំ ប្រឹងប្រែង​ផ្សព្វផ្សាយ​សារ​អប់រំ​ផ្សេងៗ​របស់​ក្រសួងសុខាភិបាល ហើយ​ថែមទាំង​បកប្រែ​ទៅ​ភាសា​ជនជាតិដើម​ភាគតិច ដែល​ភាគច្រើន​ជា​ជនជាតិ​ចា​រ៉ា​យ ដើម្បី​ពួកគាត់​យល់ដឹង​ពី​វិធាន​ការការពារ​ជំងឺឆ្លង​ដែល​កំពុង​រាលដាល​ពេញ​ពិភពលោក​មួយ​នេះ​។​

 
«​យើង​មិន​មែនបិទ​សិទ្ធិសេរីភាព​ឡើយ ប៉ុន្តែ​យើង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​ពលរដ្ឋ​នៅ​មូលដ្ឋាន​»​។ នេះ​ជាការ​អះអាង​របស់លោក ឆាយ ធី មេឃុំ​ប៉ា​តេ មកដល់​សារព័ត៌មាន​ថ្មីៗ ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ទាក់ទង​ការ​រឹតបន្តឹង​ការចេញចូល​នៅ​បណ្តា​ភូមិ​ទាំង​៤​នៅ​ឃុំ​ប៉ា​តេ​។​
 
​លោក​មេឃុំ បាន​បញ្ជាក់ថា  ការ​រឹតបន្តឹង​នេះ ធ្វើជា​ពិសេស​សម្រាប់តែ​អ្នក​ចំណូល​ថ្មី ឬ​អ្នកដំណើរ​ដែល​មិនមែនជា​អ្នកភូមិ ដោយ​ពួកគាត់​ត្រូវ​ឆ្លងកាត់​ការសាកសួរ​ព័ត៌មាន​ច្បាស់លាស់​។ លោក​បាន​បន្ថែមថា​៖ «​អ្នក​ដឹក​អីវ៉ាន់ ឬ​អ្នក​ក្រៅ​ភូមិ ដែល​មិន​ស្គាល់ មិនដឹង​ប្រវត្តិ គឺ​យើង​សារ​សួរ​ព័ត៌មាន​ពួកគាត់ ហើយ​ណែនាំ​ឱ្យ​ចេះ​ការពារ​សុខភាព ហើយ​អនុញ្ញាតឱ្យ​ជិះ​កាត់​តាម​ផ្លូវលំ តែ​មិន​អនុញ្ញាតឱ្យ​ឈប់សម្រាក ឬ​ចូលជួប​អ្នកភូមិ​ពេញ​ភូមិ​ឡើយ​។ ចំណែក​អ្នកភូមិ គឺ​ចេញចូល​ដឹកទំនិញ​បាន​ធម្មតា​»​។ 
 
​ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី មាន​៤​ភូមិ គឺ​ភូមិ​ប្លង់ ភូមិ​គងធំ ភូមិ​ប៉ា​អរ និង​ភូមិ​គង​យុ ដែលមាន​ពលរដ្ឋ​ប្រមាណ​២០០០​នាក់ ឬ​៦០០​គ្រួសារ ដោយ​មួយចំនួនធំ​ជា​ជនជាតិ​ចា​រ៉ា​យ​។ លោក ឆាយ ធី បាន​បញ្ជាក់ថា​៖  «​អ្នកធ្វើការ​ក្រៅប្រទេស ក្នុង​ឃុំ​មាន​ប្រមាណ​៥០​នាក់​។ ខ្ញុំ និង​មេភូមិ​បាន​ពិភាក្សាគ្នា​ហើយ​ថា ប្រសិនបើ​ពួកគាត់​ត្រលប់​មកវិញ យើង​នឹង​ឱ្យ​ពួកគាត់​ស្នាក់នៅ​សាលារៀន​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​សុ​វ​ត្ដិ​ភាព​អ្នកភូមិ​»​។​


 
​បើតាម​លោក ឆាយ ធី បណ្តា​ភូមិ​ទាំង​៤ អាជ្ញាធរ​មូលដ្ឋាន​ដាក់ពង្រាយ​អ្នកយាម ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់​ពលរដ្ឋ​ស្ម័គ្រចិត្ត ហើយ​ពួកគាត់​ជួយ​ដើរ​ពន្យល់​អ្នកភូមិ និង​អ្នក​ចំណូល​ថ្មី​អំពី​បញ្ហា COVID-19​។​
 
​មិនអាច​គេចផុត​ពី​ការរិះគន់​របស់​មនុស្ស​មួយចំនួន​ឡើយ ប៉ុន្តែ​លោក​មេឃុំ​ប៉ា​តេ បាន​អះអាងថា  លោក និង​ក្រុមការងារ​តែងតែ​ពន្យល់​ដល់​អ្នកដំណើរ​ថ្មី ដែល​ចេញចូល​ថា ការធ្វើ​បែបនេះ គឺជា​ការបង្ការ​អំឡុងពេល​រីក​រាល់ដាល Covid-19 ប៉ុណ្ណោះ​។​
 
​ការ​យាម​តាម​ច្រកចេញចូល​ភូមិ​នីមួយៗ គឺ​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​២១ មីនា ហើយ​យាម​នៅពេល​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ដោយ​ដូរ​គ្នា​សម្រាក​។ ករណី​មាន​អ្នក​ចំណូល​ថ្មី​ចូល​ក្នុងភូមិ ត្រូវ​ពលរដ្ឋ​និង​អា​ជ្ញ​ធរ​ប្រទេះ​ឃើញ នឹងធ្វើ​សាកសួរ​ហើយ​ណែនាំ​។ ជាមួយគ្នានេះ ការប្រមូលផ្តុំ​គ្នាច្រើន ក៏​មិន​ត្រូវបាន​អនុញ្ញាតិ​ផងដែរ​នៅ​ឃុំ​ប៉ា​តេ​។​
 
«​ការ​រឹតបន្តឹង​វិធានការ​នេះ នឹង​បន្ត​រហូតដល់​មានការ​ប្រកាសថា លែងមាន​ការរីក​រាល​ដាល​ជំងឺ Covid-19»​។ នេះ​ជាការ​អះអាង​របស់លោក ឆាយ ធី ប្រាប់​សារព័ត៌មាន ThmeyThmey៕

© រក្សាសិទ្ធិដោយ thmeythmey.com