COVID-19
អន្តរជាតិ
លោក ប្រា​យុទ្ធ ប្រកាស​ដាក់ «​ថៃ​ក្នុង​ភាពអាសន្ន​» ដើម្បី​ប្រយុទ្ធ COVID-19
24, Mar 2020 , 9:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា (ទូរទស្សន៍ថៃ PBS World)
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា (ទូរទស្សន៍ថៃ PBS World)
ដោយ:
​រដ្ឋាភិបាល​ថៃ នឹង​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា​ខាងមុខ​។ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា វិធានការ​ថ្មីៗ​មួយចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្លូវដង្ហើម COVID-19 ក៏​នឹងត្រូវ​ដាក់ចេញ​នា​ថ្ងៃ​ជាមួយគ្នា​ផងដែរ​។

 
​ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​ពី​វិមាន​រដ្ឋាភិបាល​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បញ្ជាក់ថា ការអនុម័ត​នៃ​ព្រះរាជក្រឹត្យ​ស្តីពី​ស្ថានភាព​អាសន្ន​ឆ្នាំ ២០០៥ គឺជា​រឿង​ចាំបាច់​ដើម្បី​ទប់ទល់​ជំងឺ​រាតត្បាត COVID-19 ដែល​សម្លាប់​ប្រជាជន​ថៃ​អស់​៤​នាក់​ហើយ​។ 
 
​ការដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​បែបនេះ ផ្ដល់​អំណាច​ធំធេង​ដល់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ក្នុងការ​អនុវត្ត​គោលនយោបាយ​នានា​ក្នុង​គោលដៅ​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 តាមរយៈ​គណៈកម្មាធិកា​រ​មួយ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​រូបនេះ គណៈកម្មាធិការ​នេះ នឹងត្រូវ​បង្កើតឡើង​ដើម្បី​អនុវត្ត និង​តាមដាន​ស្ថានការណ៍ COVID-19 ប្រចាំថ្ងៃ​។  
 
​យ៉ាងណាមិញ លោក ប្រា​យុទ្ធ អះអាងថា វិធានការ​ជាក់លាក់​មួយចំនួនទៀត នឹងត្រូវ​ប្រកាស​លម្អិត​នាពេល​ក្រោយ ។ ទាក់ទិន​នឹង​ចំណាត់ការ​ថ្មី​ដែល​គ្រោង​ដាក់ចេញ​នេះ លោក ប្រា​យុទ្ធ បង្ហើប​ថា ចំណាត់ការ​ខ្លះ នឹង​ជាការ​ស្នើសុំ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពី​ពលរដ្ឋ ហើយ​ខ្លះទៀត នឹងមាន​លក្ខណៈ​ចាប់បង្ខំ​ឲ្យ​គោរព និង​អនុវត្តតាម​។ 
 
​បើតាម​កាសែត បាងកក​ប៉ុស្តិ៍ លោក​ប្រា​យុទ្ធ សង្កត់ធ្ងន់ថា​៖«​ប្រសិនបើ​ស្ថានការណ៍ ពុំ​ធូរស្រាល​ទេនោះ វា​នឹងមាន​ការបិទ​ប្រទេស​ទាំងស្រុង​»​។ អំឡុង​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​បែបនេះ លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​ព្រមាន​ថា ពលរដ្ឋ​ថៃ ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​អ្វីដែល​ពួកគេ​បង្ហោះ ឬ​ចែករំលែក​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ដែល​ល្មើស នឹងត្រូវ​ចាប់ខ្លួន និង​កាត់ទោស​។ 
 
​អំឡុងពេល​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នេះ អ្នកលក់ដូរ​ដែល​ដំឡើងថ្លៃ​ទំនិញ​ដោយ​ឥត​ហេតុផល ក៏​នឹងត្រូវ​រង​ពិន័យ​ផងដែរ​។ លោក ប្រា​យុទ្ធ អះអាង​បែបនេះ ដោយ​ថា ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នេះ នឹង​ចូល​ជាមាន​ចាប់ពី​ថ្ងៃ ២៦ ខែមីនា រហូតដល់​ថ្ងៃ ៣០ ខែមេសា ។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃ​អង្គារ ២៤ ខែមីនា ប្រទេស បាន​រកឃើញ​ករណី​ឆ្លង COVID-19 ចំនួន ៨២៧​ករណី​, អ្នកស្លាប់ ៤​នាក់ និង​អ្នកជា​សះស្បើយ ៥២​នាក់​៕

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com