ជាតិ
សិល្បះ
អ្នកស្រី កែវ សេដ្ឋា ច្រៀងបទ «រាត្រីដែលបានជួបភ័ក្ត្រ» ជាមួយអធិរាជសំឡេងមាស ទទួលមរណភាពក្នុងជន្មាយុ៨៤ឆ្នាំ អ្នកស្រី កែវ សេដ្ឋា (រូបពីហ្វេសប៊ុក Tann Yettha
× ភ្នំពេញ៖ អ្នកស្រី កែវ សេដ្ឋា ដែលមានឈ្មោះដើមថា គូ វ៉ាន់ស៊ីន បានទទួលមរណភាពក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២០នេះ។
លោក តាន់ យិតថា ដែលត្រូវជាកូនប្រុសរបស់អ្នកស្រី កែវ សេដ្ឋា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងខ្លីថា សពម្ដាយរបស់លោក នឹងបូជា នៅល្ងាចថ្ងៃទី២៥ ខែមីនា ។ លោកបញ្ជាក់ដូច្នេះ៖«តាអាចារ្យដេញថ្ងៃឱ្យ អាចបូជានៅល្ងាចថ្ងៃស្អែកនេះតែម្ដង វេលាបានឆាប់ណាស់»។
អ្នកស្រី កែវ សេដ្ឋា គឺជាសិល្បៈការិនីផ្នែកចម្រៀងសម័យទំនើប កាលពីទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលជាដៃគូចម្រៀងជាមួយលោក ស៊ីន ស៊ីសាមុត ក្នុងបទ “រាត្រីជួបភ័ក្រ” ជាស្នាព្រះហស្តរបស់ព្រះបរមរតនៈកោដ្ឋ ព្រះបាទ នរោត្តម ស៊ីហនុ។ អ្នកស្រីក៏បានច្រៀងបទចម្រៀងមួយចំនួនទៀតផងដែរ។
ក្រៅពីជាអ្នកចម្រៀងសម័យទំនើប អ្នកស្រី កែវ សេដ្ឋា ក៏ជាសិល្បការិនីល្ខោនបាសាក់ យីកេ និងរបាំប្រពៃណីផងដែរ។ អ្នកស្រីគឺជាតួឯកល្ខោនបាសាក់ក្នុងវង់លោក ឃុនព្រះម្នាងយិនតាត។ ដោយសារភាពល្បីល្បាញក្នុងវង់ល្ខោនបាសាក់ បូកផ្សំនឹងមានសំឡេងពីរោះ ព្រមដោយរូបសម្រស់ស្រស់ស្អាតផង អ្នកស្រី សេដ្ឋា ត្រូវបានអ្នកនិពន្ធ លើកទឹកចិត្តឱ្យចូលប្រឡូកក្នុងវិស័យចម្រៀងសម័យ។
មានស្រុកកំណើតនៅរាជធានីភ្នំពេញ អ្នកស្រី កែវ សេដ្ឋា ដែលមានកូន៥នាក់(ប្រុស១នាក់) ធ្លាប់បានច្រៀងក្នុងព្រះរាជពិធីធំៗ ក្នុងព្រះបរមរាជវាំង ថ្វាយសម្ដេច ព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជជាតិ និងសម្ដេចម៉ែ យាងទតកម្សាន្តទៀតផង។
ក្រោយបែកសង្គ្រាមប៉ុលពត គ្រួសាររបស់អ្នកស្រី កែវ សេដ្ឋា នៅតែបន្តបម្រើសិល្បៈល្ខោនបាសាក់ ដោយបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ។ ជីវិតក្នុងវិថីសិល្បៈនេះមិនសូវជាធ្វើឱ្យអ្នកស្រី រួមទាំងក្រុមគ្រួសារបានធូរធារឡើយ។ ប៉ុន្តែអ្នកស្រី នៅតែមិនបោះបង់។
អ្នកស្រី កែវ សេដ្ឋា បានធ្លាក់ខ្លួនឈឺក្នុងអំឡុងចុងឆ្នាំ២០១៥ ដោយជំងឺលើសឈាម ដែលបណ្ដាលឱ្យអ្នកស្រី ស្លាប់មួយចំហៀងខ្លួន មុននឹងទទួលមរណភាពនៅថ្ងៃទី២៤មីនានេះ៕
Tag:
សិល្បៈ
តារាចម្រៀង
ចម្រៀង
កែវ សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com