COVID-19
អន្តរជាតិ
COVID-19៖ ចិន បន្ធូបន្ថយការរឹតបន្តឹងការធ្វើដំណើរនៅក្នុងទីក្រុងវូហាន ទីក្រុងវូហាន, រូបភាព៖ Euronews
× បន្ទាប់ពីស្ថានភាពឆ្លង ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ហាក់ថមថយខ្លាំងមក ចិនបានអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួន អាចត្រលប់ទៅធ្វើការ និងប្រើប្រាស់ការធ្វើដំណើរសាធារណៈឡើងវិញ។ យ៉ាងណាក៏ដោយ ប្រជាជនមួយចំនួន នៅតែមិនទានហានមកធ្វើការ ឬចេញដើរនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃទី២៤ ខែមីនា។
ចាប់តាំងពីអាជ្ញាធរចិនបិទក្រុងវូហាន ដោយសារ COVID-19 មក សភាពទីក្រុង បានប្រែស្ងប់ស្ងាត់យ៉ាងខ្លាំង។ ប្រព័ន្ធដឹកជញ្ជូនត្រូវបិទ សាលារៀន កន្លែងកម្សាន្ត និងកន្លែងមួយចំនួនផ្សេងទៀត ត្រូវបិទ ដើម្បីទប់ស្កាត់ការរីកសាយភាយនៃ COVID-19។
រហូតដល់មកពេលនេះ ស្ថានភាពនៅក្នុងក្រុង មានសភាពប្រែប្រួលច្រើន។ ជាចំនុចផ្ទុះនៃ COVID-19 ដំបូង ក្រុងវូហាន នាថ្ងៃទី២៣ ខែមីនា មិនមានរបាយការណ៍ស្តីពីករណីឆ្លងនៅក្នុងទីក្រុងឡើយ ប៉ុន្តែមានតែករណីឆ្លងមកពីបរទេសប៉ុណ្ណោះ។ នេះគឺជាការវិវឌ្ឍយ៉ាងវិជ្ជមានរបស់ចិន ដែលកើតចេញពីវិធានការដ៏តឹងរឹងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរ បានអនុញ្ញាតឲ្យប្រជាជនចិនធ្វើដំណើរនៅក្នុងទីក្រុងឡើងវិញនៅដើមខែមេសាខាងមុខ។ ប្រជាជនទាំងអស់ ក៏ត្រូវបានគេអនុញ្ញាតឲ្យអាចជិះរថយន្តក្រុង ឬជិះមេត្រូផងដែរ តាមរយៈការបង្ហាញអត្តសញ្ញាណរបស់ខ្លួន។ លើសពីនេះ ប្រជាជនក្រុងវូហាន ក៏ត្រូវគេអនុញ្ញាតឲ្យទៅធ្វើការដូចធម្មតាដែរ បើសិនបើនិយោជកអនុញ្ញាត។
បន្ថែមពីលើនេះ ប្រជាជនក្រុងវូហាន ក៏អាចធ្វើដំណើរទៅកន្លែងផ្សេងក្នុងខេត្តហ៊ូប៉ីផងដែរ ប៉ុន្តែទាល់តែមានការធ្វើតេស្តសុខភាពរកវីរុស និងចេញប័ណ្ណសុខភាពពីសំណាក់អាជ្ញាធរសុខាភិបាលចិនជាមុនសិន ពោលគឺទាល់តែមានសុខភាពល្អ ទើបអាចធ្វើដំណើរទៅតំបន់ផ្សេងក្នុងខេត្តហ៊ូប៉ីបាន។
ដោយឡែកទីក្រុងឯទៀតក្នុងខេត្តហ៊ូប៉ី នឹងទទួលបានការបន្ធូរបន្ថយការរឹតបន្តឹងចាប់ពីថ្ងៃទី២៥ ខែមីនា។
បើទោះបីជាស្ថានភាពនៅក្នុងប្រទេសចិនបានធូរស្រាលមែន ប៉ុន្តែចិននៅតែបន្តរកឃើញករណីឆ្លងមកពីបរទេសដដែល។ នៅថ្ងៃទី២៣ ខែមីនា ចិន បានរកឃើញ ៣៩ករណីដែលសុទ្ធតែជាករណីឆ្លងមកពីបរទេស។ ករណីសរុបឆ្លងមកពីបរទេសបានកើនដល់ ៣៥០ករណី។ ដើម្បីការពារការរីកសាយភាយលើកទីពីរ ចិនបានប្តូរជើងហោះហើរខ្លះ ពីបរទេសមកទីក្រុងប៉េកាំង ទៅទីក្រុងផ្សេងទៀត ដើម្បីងាយស្រួលពិនិត្យរកមើលអ្នកមានផ្ទុកCOVID-19។
សូមបញ្ជាក់ថា មកទល់ពេលនេះ ចិនមានករណី COVID-19 សរុបចំនួន ៨១១៧១ករណី។ មានករណីដ៏ច្រើនជាងគេបែបនេះ ចិនបានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយរហូតដល់ ៧៣១៥៩ករណីឯណោះ ខណៈ អ្នកស្លាប់មានចំនួន ៣២៧៧ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com