COVID-19
ជាតិ
COVID-19៖ អ្នកដំណើរ​៥៣​នាក់ លើ​នាវា​Viking Cruise ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​ស្រុកកំណើត​វិញ
24, Mar 2020 , 5:57 pm        
រូបភាព
រូបពីទទក
រូបពីទទក
​ភ្នំពេញ​៖ អ្នកដំណើរ​នៅលើ​នាវា​ទេសចរណ៍ Viking Cruise ចំនួន​៥៣ នាក់ បាន​ចាក​ចេញពី​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃទី​២៤ មីនា​នេះ ក្រោយពី​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​កម្ពុជា​។ នេះ​បើតាម​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។​



​លោក អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា មូល​ហេតុដែល​កម្ពុជា អនុញ្ញាតឱ្យ​ពួកគេ​ត្រឡប់​ទៅ​ស្រុកកំណើត​រៀងខ្លួន​វិញ​នេះ ដោយសារតែ​សុខភាព​ពួកគេ​ធម្មតា គ្មាន​ជំងឺ​វីរុស​COVID-19 ឡើយ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អភិបាលខេត្ត​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពួកគេ​បាន​សម្រាក​១៤​ថ្ងៃ នៅ​សណ្ឋាគារ ក្រោម​ការត្រួតពិនិត្យ និង​តាមដាន​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​កម្ពុជា ហើយ​ក្រសួងសុខាភិបាល​យើង ក៏បាន​យក​សំណាក​ពួកគេ​ទៅពិនិត្យ ក្រោយ​សម្រាក​ដោយឡែក​១៤​ថ្ងៃ​នេះហើយ ឃើញថា ពួកគេ​គ្មាន​រោគសញ្ញា​COVID-19 និង​បញ្ហា​អ្វី ទើប​យើង​អនុញ្ញាតឱ្យ​ពួកគេ​ទៅ​ស្រុកកំណើត​វិញ​»​។​

​ចំណែក​អ្នកដំណើរ​ចំនួន ៤​នាក់​ទៀត​នៅលើ​នាវា​Viking Cruise ក្រសួងសុខាភិបាល មិនទាន់​អនុញ្ញាតឱ្យ​ចាកចេញ​ទេ ពោលគឺ​ត្រូវ​បន្ត​ពិនិត្យ និង​តាមដាន​សុខភាព​ទៀត ។ នេះ​បើតាម​លោក អ៊ុន ចាន់​ដា​។​

​គួរ​បញ្ជាក់ថា ក្នុងចំណោម​អ្នកដំណើរ​៦០​នាក់ លើ​នាវា​Viking Cruise នេះ គឺមាន​ជនជាតិ​អង់គ្លេស​ចំនួន​៣​នាក់ មាន​ផ្ទុក​វីរុស​COVID-19​។ ក្នុងនោះ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៥​ឆ្នាំ​ម្នាក់ បានជា​សះស្បើយ​ហើយ​។​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៤ មីនា​នេះ កម្ពុជា មាន​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​៨៧​ករណី​៕


Tag:
 COVID-19
  Viking Cruise
© រក្សាសិទ្ធិដោយ thmeythmey.com