COVID-19
អន្តរជាតិ
បារាំង​មាន​អ្នកស្លាប់​ដោយសារ COVID-19 លើស​១​ពាន់​នាក់ ខណៈ​អ្នក​ឆ្លង​មាន​ជាង​២​ម៉ឺន​នាក់​
25, Mar 2020 , 10:49 am        
រូបភាព
ដោយ:
​អាជ្ញាធរ​សុខាភិបាល​បារាំង នៅ​ថ្ងៃ​២៤ ខែមីនា បាន​បញ្ជាក់ថា ជំងឺ​ផ្លូវដង្ហើម COVID-19 បានសម្លាប់​មនុស្ស ២៤០​នាក់​ផ្សេងទៀត​ក្នុងប្រទេស​បារាំង​។ តួលេខ​ស្លាប់​ថ្មី​នេះ បានធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​ក្នុងប្រទេស​នេះ​ឡើងដល់​១១០០​នាក់​ហើយ​។​

 
​ប្រាប់​អ្នកសារព័ត៌មាន អគ្គនាយក​សុខាភិបាល​បារាំង លោក Jerome Salomon គូសបញ្ជាក់ថា មនុស្ស​សរុប ២២៣០០​នាក់ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ COVID-19 ក្នុងនោះ​មាន​អ្នក​ឆ្លង​ថ្មី ២៤៤៨​នាក់ ខណៈ​ជាសះស្បើយ​មាន​ជាង​៣​ពាន់​នាក់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Salomon បន្តថា ក្នុងចំណោម​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​សរុប ១០១៧៦​នាក់ អ្នកជំងឺ ២៥១៦​នាក់ ស្ថិតក្នុង​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​។ 
 
​ទន្ទឹមនេះ លោក​អគ្គនាយក​រូបនេះ សង្កត់ធ្ងន់ថា ករណី​ស្លាប់​សរុប ១១០០​នាក់​នោះ គឺ​រាប់បញ្ចូល​តែ​អ្នកជំងឺ​ដែល​បាត់​បង់ជីវិត​ក្នុង​មន្ទីរពេទ្យ​ប៉ុណ្ណោះ ពោលគឺ​មិន​រាប់បញ្ចូល​អ្នកស្លាប់​នៅ​មន្ទីរ​ថែទាំ​មនុស្ស​ចាស់​ឡើយ​។ យ៉ាងណាមិញ លោក ប្តេជ្ញា​នឹង​ផ្ដល់​ទិន្នន័យ​លើ​ករណី​ស្លាប់​ក្នុង​មន្ទីរ​មនុស្ស​ចាស់​នា​ថ្ងៃ​បន្ទាប់​ទៀត​។ 
 
​ខណៈ​ករណី​ឆ្លង​ជំងឺ COVID-19 កាន់តែច្រើន​ក្នុងប្រទេស​បារាំង មន្ទីរពេទ្យ​យោធា​មួយ​ដែល​បង្កើតឡើង​ដោយ​ទាហាន​បារាំង បាន​ផ្ដើម​ប្រតិបត្តិការ កាលពី​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា​។ គោលដៅ​គឺ​ដើម្បី​សម្រាល​បន្ទុក​មន្ទីរពេទ្យ​មួយចំនួន ដែល​ស្ថិតក្នុង​តំបន់​ភាគ​ខាងកើត​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​វីរុស​នេះ​។ 
 
​តំបន់ Haut-Rhin ភាគ​ខាងកើត​ប្រទេស​បារាំង ជា​តំបន់​រងគ្រោះ​បំផុត​ក្នុងប្រទេស​នេះ​។ មូលហេតុ​គឺ​មកពី​ជំនួប​សាសនា​ក្នុង​វិហារ​គ្រឹ​ស្ត​មួយ​ក្នុង​ទីក្រុង Mulhouse កាលពី​ខែកុម្ភៈ ទី​ដែល​មនុស្ស​ជាច្រើន​ចូលរួម​វិហារ​នេះ បាន​ឆ្លង COVID-19 ជាច្រើន​នាក់​៕ 

Tag:
 បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com